ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឈ្នះ​មេដាយមាស​ កីឡាករ​កា​រ៉ា​តេ​ឥណ្ឌូ​នេ​ស៊ី រំពឹង​មក​កម្ពុជា​ម្ដងទៀត​នៅ​ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កីឡាករ​ឥណ្ឌូ​នេ​ស៊ី Ahmad Zigi Zaresta Yuda ម្ចាស់​មេដាយមាស វិញ្ញាសា​សម្ដែង​ឯកត្តជន​បុរស

​រាជធានីភ្នំពេញ ៖ កីឡាករ​ឥណ្ឌូ​នេ​ស៊ី Ahmad Zigi Zaresta Yuda ម្ចាស់​មេដាយមាស វិញ្ញាសា​សម្ដែង​ឯកត្តជន​បុរស ក្នុង​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩ (The 9th South East Asian Karate Championship) ឆ្នាំ​២០២២ បាន​បង្ហាញ​គោលដៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ហើយ​សង្ឃឹមថា នឹង​វិល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ម្តងទៀត​សម្រាប់​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។

កីឡាករ Ahmad Zigi Zaresta Yuda បាន​ប្រាប់​ថា​៖«​ជាដំបូង ខ្ញុំ​ពិតជា​រំភើប​ចំពោះ​លទ្ធផល​នេះ​។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ ព្រោះ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​សល់​មួយ​ខែ​។ ម្យ៉ាងទៀត វា​ជា​ការ​ត្រៀមខ្លួន​ចុង​ក្រោយ​សម្រាប់​ស៊ី​ហ្គេ​ម​។ ខ្ញុំ​សង្ឃឹមថា នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​ស្មារតី​កាន់តែ​ខ្លាំង​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​។ វា​ជា​គោលដៅ​របស់ខ្ញុំ​ក្នុង​ការ​ឈ្នះ​មេដាយមាស មុន​ពេល​មក​កម្ពុជា ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ក្នុង​ការ​ឈ្នះ​វា​»​។

«​ការ​ប្រជែង​តែងតែ​លំបាក ប៉ុន្តែ​វា​ពិតជា​អស្ចារ្យ​ក្នុង​ការ​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​។ ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ប្រទេស​របស់ខ្ញុំ ហើយ​សង្ឃឹមថា ខ្ញុំ​អាច​ទទួល​បាន​មេដាយមាស​»​។ Ahmad Zigi Zaresta Yuda បាន​បន្ថែម​ក្ដី​រំពឹង​សម្រាប់​ស៊ី​ហ្គេ​ម នៅ​វៀតណាម​។

ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩ ឆ្នាំ​២០២២ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ប្រចាំ​តំបន់​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​កម្ពុជា ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។ យ៉ាងណាមិញ​កីឡាករ​រូប​នេះ​បាន​សរសើរ​ដល់​ការ​រៀបចំ​របស់​កម្ពុជា ហើយ​រំពឹង​មក​កម្ពុជា ម្ដងទៀត​ជាមួយ​ការ​ឈ្នះ​ដដែល នៅ​ស៊ី​ហ្គេ​ម​២០២៣​។

«​ការ​រៀបចំ​គឺ​ល្អ​ណាស់​។ ប្រជាជន​កម្ពុជា​នៅ​ទី​នេះ​ពិតជា​អស្ចារ្យ ហើយ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​មក​ទី​នេះ​។ នេះ​ជា​លើក​ទី​១ របស់ខ្ញុំ​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​វា​ជា​អនុស្សាវរីយ៍​មួយ​សម្រាប់​ខ្ញុំ​។ ស៊ី​ហ្គេ​ម​បន្ទាប់​នៅ​កម្ពុជា​។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​មក​ទី​នេះ​ម្ដងទៀត​នៅ​ឆ្នាំ​ក្រោយ ហើយ​សង្ឃឹមថា វា​នឹង​ក្លាយជា​ពេលវេលា​ដ៏​ល្អ​មួយទៀត​សម្រាប់​ខ្ញុំ​»​។ Ahmad Zigi Zaresta Yuda បាន​សង្កត់ធ្ងន់​។

Ahmad Zigi Zaresta Yuda មាន​វ័យ ២៤​ឆ្នាំ ចាប់ផ្ដើម​ស្គាល់​ពាក្យ​ថា​ឈ្នះ​មេដាយ​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៧ ក្នុង​ការ​ប្រកួត​ជើងឯក​ទ្វីបអាស៊ី ដោយ​ទទួល​បាន​មេដាយ​ប្រាក់ នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។ ជាមួយ​គ្នា​នេះ​ផង​ដែរ រូបគេ​ក៏​បាន​មេដាយ​ប្រាក់ នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០១៧ ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ខណៈ​ឆ្នាំ​២០១៨ ក្ន​ង​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) គេ​ទទួល​បាន​មេដាយ​សំរឹទ្ធិ និង​នៅ​ឆ្នាំ​២០១៩ លើ​ប្រទេស​កំណើត​របស់​ខ្លួន ទទួល​បាន​មេដាយ​ប្រាក់​ម្ដងទៀត​ក្នុង​ការ​ប្រកួត​ជើងឯក​ទ្វីបអាស៊ី នៅ​អ៊ូ​ស​បេ​គី​ស្ថាន និង​ឈ្នះ​មេដាយមាស ស៊ី​ហ្គេ​ម​២០១៩ នៅ​ហ្វី​លី​ពី​ន ហើយ​នៅ​ឆ្នាំ​២០២១ ទទួល​បាន​មេដាយ​ប្រាក់ ក្នុង​ការ​ប្រកួត​ជើងឯក​ទ្វីបអាស៊ី នៅ​កា​ហ្សា​ក់​ស្ថាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ