កីឡាករប្រដាល់ជម្រើសជាតិកម្ពុជា៣រូប នឹងចេញទៅហ្វឹកហាត់ និងប្រកួតនៅថៃចុងខែនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមបញ្ជូនកីឡាករជម្រើសជាតិ៣រូប ទៅបោះជុំរុំហ្វឹកហាត់
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមបញ្ជូនកីឡាករជម្រើសជាតិ៣រូប ទៅបោះជុំរុំហ្វឹកហាត់
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមបញ្ជូនកីឡាករជម្រើសជាតិ៣រូប ទៅបោះជុំរុំហ្វឹកហាត់ និងចូលរួមប្រកួតលក្ខណៈអន្ដរជាតិ នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ខាងមុខនេះ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា បេក្ខភាពកីឡាករ៣រូប ដែលត្រូវចេញទៅហ្វឹកហាត់ក្រៅស្រុកនេះ រួមមានកីឡាករ សៅ រង្ស៊ី (ទម្ងន់ ៥៧គីឡូក្រាម) កីឡាករ ទូច ដេវីត (ទម្ងន់ ៦០គីឡូក្រាម) និងកីឡាករ វី សុភ័ស (ទម្ងន់ ៦៩គីឡូក្រាម) ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកម្នាក់ គឺលោក ជ័យ ណារ៉ា ។ ការបោះជុំរុំហ្វឹកហាត់នេះ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា ឆ្នាំ២០២២ ។
បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ កីឡាករជម្រើសជាតិកម្ពុជាទាំង៣រូប នឹងបន្ដចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ Thailand Open International Boxing Tournament 2022 នៅខេត្ត Phuket ប្រទេសថៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែមេសា ជាមួយកីឡាករម្ចាស់ផ្ទះ ក៏ដូចជាបណ្ដាប្រទេសផ្សេងៗ ដែលបានចូលរួមបោះជុំរុំហ្វឹកហាត់នៅប្រទេសថៃ ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធខាងលើ ។
លោកបន្ដថា «ការចូលរួមបោះជំរុំហ្វឹកហាត់ និងប្រកួតនៅថៃនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលក្នុងការពង្រឹង និងវាស់វែងកម្រិតបច្ចេកទេសរបស់ពួកគេ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ដែលកីឡាប្រដាល់សកល នឹងធ្វើការប្រកួតពីថ្ងៃទី១៦-២២ ខែខែឧសភា នៅខេត្ត Bac Ninh ប្រទេសវៀតណាម» ។
សម្រាប់ការបោះជុំរុំហ្វឹកហាត់ និងប្រកួតនៅថៃនេះដែរ ម្ចាស់ផ្ទះថៃ បានឧបត្ថម្ភសំបុត្រយន្ដហោះ ការហូបចុក និងស្នាក់នៅ ។ រីឯអនុប្រធានសហព័ន្ធលោក ខេស៊ី បាណេត បានឧបត្ថម្ភថ្លៃទិដ្ឋាការ ទិញធានារ៉ាប់រង ធ្វើតេស្ដ PCR និងពិនិត្យសុខភាពសម្រាប់កីឡាករចូលរួមការប្រកួត ។ រីឯការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ សហព័ន្ធគ្រោងបញ្ជូនក្រុមជម្រើសជាតិ៨រូបទៅចូលរួម គឺមានកីឡាករ៦រូប និងកីឡាការិនី២រូប ៕
ចែករំលែកព័តមាននេះ