ស្រុកព្រៃនប់៖ អ្នកបើកបររថយន្តម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍រថយន្តបុកជាមួយរថភ្លើង ស្របពេលដែលរថភ្លើងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៤ ។ តាមសមត្ថកិច្ចអោយដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនវាលរេញ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពដដែលបានបន្តថា រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវ ជាតិចំណុចផ្លូវរថភ្លើងឆ្លងកាត់ ដោយមិនបានមានអ្នកបិទដាក់ប៉ារាស់បញ្ជាឱ្យឈប់ ក៏ត្រូវរថភ្លើងក្នុងទិសដៅពីខេត្តព្រះសីហនុ(លិច)-ភ្នំពេញ(កើត) បុកពេញទំហឹងតែម្តង ។
ប្រភពឱ្យដឹងទៀតថា ករណីខាងលើ បណ្តាលអោយអ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) ហើយមិនមានអ្នករួមដំណើរនោះទេ ។
បច្ចុប្បន្ន អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះរថភ្លើងបានបន្តដំណើរទៅមុខទៀតធម្មតា ។
ចែករំលែកព័តមាននេះ