ខេត្តបាត់ដំបង ៖ បងប្អូនធ្លាប់បានឃើញនូវរូបភាពមួយដែលចែកចាយយ៉ាងផុសផុលលើបណ្តាញសង្គម អំពីសភាពលោកយាយម្នាក់ សម្រាកព្យាបាលជំងឺកូវីដ១៩ដោយដាក់ភ្ជាប់នូវអុកហ្ស៊ីហ្សែន ហើយនៅកៀកលោកយាយគឺលោកតាដែលជាស្វាមីបានមកសម្រាកកំដរភរិយា បើទោះបីជាលោកតាក៏វិជ្ជមានកូវីដ-១៩ដូចគ្នា តែលោកតាបានកាន់ដៃលោកយាយយ៉ាងជាប់ឃើញពិតជាមានអារម្មណ៍ក្តុកក្ឌួលក្រៃលែង។
តែពេលនេះ លោកយាយបានទទួលមរណៈភាពហើយនៅវេលាម៉ោង០៤និង១៥នាទីទៀបភ្លឺថ្ងៃទី២២ កក្កដា ២០២១ ។ នេះ បើតាមលោកឧសថបណ្ឌិតវឿន ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានជូនដំណឹង ។
លោកយាយជឹម ជន មានអាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតាសាំង ម៉ោញ អាយុ៨៧ឆ្នាំ ដោយអាការៈវ័យចាស់ជរាផងក៏មិនអាចទប់ទល់និងតស៊ូកម្លាំងជាមួយជំងឺបានតទៅទៀត ខណៈដែលក្រុមគ្រូពេទ្យក៏ខិតខំជួយសង្គ្រោះឃើញថា រាងបានគ្រាន់ហើយនោះ តែបែរជាមកទទួលការធ្លាក់ដុនដាបសុខភាពត្រឹមរយៈពេលខ្លី ដោយបានទទួលមរណភាពដោយស្ងប់ស្ងាត់ នៅវេលាទៀបភ្លឺព្រឹកថ្ងៃនេះ ។
សូមបញ្ជាក់ថា កាលវេលាម្សិលមិញ លោកឧសថបណ្ឌិតវឿន ប៊ុនរេត ព្រមទាំងក្រុមគ្រូពេទ្យ បានចូលទៅមើល ដោយនាំថវិកាចំនួន១.០០០ដុល្លារ ជាអំណោយលោកពាក់មី និងសប្បុរសជនបានដឹងថា មិនស្រួលដែរ និងបានខិតខំជួយគាត់អស់លទ្ធភាពហើយ នៅតែមិនបានជោគជ័យ។ យ៉ាងណា ក៏សូមបួងសួងលោកតាបានរួចផុតនិងឆាប់ជាសះស្បើយពីជំងឺកូវីដ១៩នេះឆាប់ៗផង ។
សូមរំលឹកថា លោកតាលោកយាយទាំង២នាក់ គឺរកឃើញវិជ្ជមានកូវីដដោយកំពុងសម្រាលព្យាបាលនៅសាលាសម្តេចឪនៅបាត់ដំបង ។ លោកតាលោកយាយ គឺរស់នៅភូមិថ្កូវ ឃុំក្តុល-ដូនទាវ ក្រុងបាត់ដំបង មានបន្ទុកក្នុងគ្រួសារ៦នាក់ កូនបង្កើត កូនប្រសារ និងចៅ ។
គាត់មានសភាពមិនស្រួលខ្លួននៅថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ យាយមិនស្រួលខ្លួន មិនដឹងមូលហេតុ បានសម្រេចចិត្តទៅពិនិត្យមើលនៅមណ្ឌលសុខភាពស្រុកឯកភ្នំទាំងពីរនាក់ ដោយឃើញវិជ្ជមានទាំងពីរនាក់ ក្រុមគ្រូពេទ្យក៏បញ្ជូនមកពេទ្យធំខេត្តហើយបានបញ្ជូនកន្លែងរៀបចំថ្មីនៅសាលាវិទ្យាល័យសម្តេចឪតែម្តងទៅ។ ក្នុងនោះ ជំនាញតាមដានបានធ្វើតេស្តផ្ទាល់និងប្រយោលក្នុងផ្ទះរបស់គាត់ និងកូនៗដែលនៅជាប់ជាមួយគ្នានោះ ឃើញវិជ្ជមានកូនបង្កើត និងកូនប្រសារ២នាក់បន្ថែមទៀតដោយបញ្ជូនមកព្យាបាលផ្សេងៗពីគ្នាដោយនៅផ្ទះសល់តែចៅម្នាក់អាយុជា១០ឆ្នាំ ដែលគ្មានវិជ្ជមាននោះឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះតាមការនែនាំរបស់គ្រូពេទ្យ។
ក្នុងនោះផងដែរ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា គាត់ទាំងពីរនាក់ ចាស់ជរាផងដោយឃើញវិជ្ជមានទាំងពីរនាក់ទៀតគ្មានគ្នាកំដរ កំពុងជួបការលំបាក ផ្នែកសុខភាពដែលត្រូវបញ្ចូលអុកស៊ីហ្សែន ក្រោមការថែទាំពីលោកគ្រូពេទ្យ ហើយលោកបានចាត់ចែងបែងចែកអំណោយសប្បុរសធម៌ក្រឡាហោមនៅក្នុងទីនោះដោយមិនឲ្យមានការខ្វះខាតឡើយ តែចំពោះលោកតា-យាយ២នាក់នេះគឺគាត់ស្ថិតនៅក្នុងភាពចាស់ជរាផង ត្រូវមកជួបសភាពបែបនេះទៀតគឺមានតែតាជាអ្នកថែរក្សាយាយបន្ទាប់ពីគ្រូពេទ្យបានពិនិត្យព្យាបាលរួច ព្រោះបំរាមក្នុងទីកន្លែងនេះរក្សាហាមចេញចូល ជួបដើម្បីចៀសវាងការរីករាលដាលបន្ត ។
ចំពោះតួលេខនៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបងមានឆ្លងកូវីដ-១៩ វិជ្ជមានចំនួន ៦១នាក់ (ក្នុងសហគមន៍២០កុម្ភះមាន ៦១នាក់ទាំងអស់) សរុបចំនួន ២.០៩០នាក់, មានជាសះស្បើយ ១៨នាក់ សរុប ១.១៣០នាក់, កំពុងសម្រាកព្យាបាលចំនួន ៩៣៨នាក់ និងស្លាប់ថែម០១នាក់សរុប២២នាក់ ។
ចែករំលែកព័តមាននេះ