រាជធានីភ្នំពេញ ៖ ក្រពេញទីរ៉ូអ៊ីត មានទីតាំងនៅខាងមុខបំពង់.ក ហើយដូចក្រពេញដទៃទៀតដែរ មានមុខងារផលិតអ័រម៉ូន។ ធម្មតាក្រពេញទីរ៉ូអ៊ីត មានភាពស្មើរសាច់។ គេអាចដឹងថា ក្រពេញទីរ៉ូអ៊ីត មានភាពស្មើសាច់ ឬអត់ តាមរយៈការពិនិត្យរាងកាយ-ស្ទាប (Physical Examination-Palpation) ហើយរឹតតែច្បាស់ គឺការពិនិត្យអេកូសាស្ត្រ (Echography)។ នេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងអង់ដូគ្រីននៃមន្ទីរពេទ្យកាល់ម៉ែតឲ្យដឹងបញ្ហា ក្រពេញទីរ៉ូអ៊ីត ដុំក្នុងក្រពេញទីរ៉ូអ៊ីត និងមហារីកក្រពេញទីរ៉ូអ៊ីត ។
ដុំក្នុងក្រពេញទីរ៉ូអ៊ីត អាចជាដុំមហារីកក្រពេញទីរ៉ូអ៊ីត។ ទោះបីមានអត្រាតិចតួចយ៉ាងណាក្តី ក៏ត្រូវមានការប្រុងប្រយ័ត្នដែរ។ ម្យ៉ាងទៀត ចំពោះមហារីកក្រពេញទីរ៉ូអ៊ីត បើដឹងទាន់ពេលវេលាភាគច្រើនលើសលប់ គឺអាចជួយសង្គ្រោះបាន។ តើធ្វើម្តេចទើបដឹង? មើលឈាមមិនអាចដឹងទេ! វិធីសាមញ្ញបំផុត គឺយកម្ជុលតូចឆ្មាល់ ត្បាល់យកសាច់ដុំក្នុងក្រពេញទីរ៉ូអ៊ីតទៅវិភាគ។ វិធីនេះមិនមានផលរំខានអ្វីទេ។ ពេលណាយកម្ជុលតូចឆ្មាល់ ត្បាល់យកសាច់ដុំក្នុងក្រពេញទីរ៉ូអ៊ីតទៅវិភាគ? ពេលគ្រូវេជ្ជបណ្ឌិតស្ទាបប៉ះ ឬពិនិត្យអេកូឃើញ។
លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងអង់ដូគ្រីននៃមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា តែមិនមែនអោយតែមានដុំត្រូវត្បាល់យកសាច់ទៅមើលនោះទេ! មានពីរចំណុចដែលត្រូវពិចារណា ហើយមិនអាចខ្វះ ចំណុចមួយណាបានទេ ៖ – ទំហុំ រូបរាង លក្ខណះអេកូសាស្ត្រ របស់ដុំ – ពិនិត្យឈាមមើលមុខងារ របស់ផលិតអ័រម៉ូន របស់ក្រពេញទីរ៉ូអ៊ីត (យើងត្រូវចងចាំថា វេជ្ជបណ្ឌិតមិនអាចត្បាល់ រឺច្បិចសាច់ ក្រពេញណាមួយ ដោយមិនបានដឹង ពីមុខងារ បញ្ចេញអ័រម៉ូនរបស់ក្រពេញនោះទេ)៕
ចែករំលែកព័តមាននេះ