រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធនឹងការពុលថ្នាំសម្លា.ប់សត្វល្អិតប្រភេទ «អូហ្គាណូផូស្វ័រ» Organophosphorés (OP) លោកវេជ្ជបណ្ឌិត អ៊ាង សេងភ៊ាវ ឯកទេសប្រពោធនកម្ម និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតបានបកស្រាយឲ្យដឹងថា ៖ អូហ្គាណូផូស្វ័រ (Organophosphorés) ជាអ្វី? ជាប្រភេទមួយនៃថ្នាំសម្លា.ប់សត្វល្អិត ដែលត្រូវយកមកប្រើយ៉ាងទូលំទូលាយក្នុងវិស័យកសិកម្ម។
ផ្លូវនៃការពុល (Voies d’intoxication) ៖ ជាទូទៅផ្លូវនៃការពុល តាមរយៈ ៣ ប្រភេទគឺ ៖
១- តាមមាត់ (orale) ៖ ដែលយើងជួបច្រើនជាងគេ ក្នុងគោលបំណងសម្លា.ប់ខ្លួន ឬដោយសារការផឹកច្រឡំផ្សេងៗ។
២- តាមស្បែក (transdermique) ៖ វាអាចកើតឡើង ដោយថ្នាំប្រលាក់នឹងសំលៀកបំពាក់ ឬការប៉ះពាល់ផ្ទាល់។
៣- តាមផ្លូវដង្ហើម ៖ នៅពេលដែលប្រើប្រាស់ថ្នាំសម្លា.ប់សត្វល្អិតនេះ ដោយមិនបានពាក់ម៉ាស់ត្រឹមត្រូវ។
ក) រោគសញ្ញានៃការពុល ៖
រោគសញ្ញានៃការពុលថ្នាំ (OP) វាស្តែងចេញជាបណ្តុំរោគសញ្ញា ៣ ដំណាក់កាល៖
១. សញ្ញាដំបូង (Symptômes précoces) ៖ – Syndrome muscarinique: រួមប្រស្រីភ្នែក (myosis), ហៀរសំបោរ (Rhinorrhée), ចេញទឹកមាត់ច្រើន(Hypersialorrhée), មានស្លេសច្រើនតាមទងសួត (Hypersécrétion bronchique), ចង្វាក់បេះដូងដើរយឺត, ចុះសម្ពាធឈាម, ឈឺពោះ, រាគ… ។ – Syndrome nicotinique: អស់កម្លាំង, ខ្សោយសាច់ដុំ, ពិបាកដកដង្ហើម។ – Syndrome central: វង្វេងស្មារតី, សន្លប់, ប្រកាច់, វិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរអាចបណ្តាលអោយបាត់បង់ជីវិត។
២. សញ្ញាបន្ទាប់ ៖ រោគសញ្ញានេះកើតមាន ៤៨ ទៅ ៩៦ ម៉ោង បន្ទាប់ពីកាពុល – ការខ្សោយនៃសាច់ដុំ, វិបត្តិផ្លូវដង្ហើម
៣. សញ្ញានៅពេលក្រោយ ៖ រោគសញ្ញានេះកើតមាន ២ ទៅ ៣ អាទិត្យ បន្ទាប់ពីកាពុល – ជំងឺនៃប្រព័ន្ធសរសៃប្រាសាទ (Polyneuropathie) , ស្ពឹក
ខ) ការព្យាបាល ៖
១. ការព្យាបាលទូទៅ ៖ – ផ្តល់អុកស៊ីស្សែន – បឺតស្លេស – ដាក់ទុយយោដង្ហើមសិប្បនិម្មិត ក្នុងករណីមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ឬបាត់បង់ស្មារតី
២. ដោះសំលៀកបំពាក់ដែរប្រលាក់ថ្នាំពុល។ ហើយការលាងក្រពះអាចធ្វើទៅបាន លុះត្រាតែអ្នកជំងឺមានសភាពនឹងនរ ឬដាក់ទុយយោដង្ហើមសិប្បនិម្មិតរួច
៣. ការព្យាបាលជាក់លាក់ (Traitement spécifique) ៖ ប្រើថ្នាំបន្សាបថ្នាំពុល (OP)។
លោកវេជ្ជបណ្ឌិត អ៊ាង សេងភ៊ាវ ឯកទេសប្រពោធនកម្ម និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតបានដំបូន្មានថា ៖ ដើម្បីចៀសវាងការពុលថ្នាំសំលាប់ល្អិត យើងត្រូវ ៖ – ចំពោះអ្នកប្រើប្រាស់ ត្រូវប្រើប្រាស់សំលៀកបំពាក់ ម៉ាស់ មួក និងវ៉ែនតាអោយបានត្រឹមត្រូវ។ – ទុកថ្នាំសម្លា.ប់ល្អិតអោយឆ្ងាយពីដៃក្មេង និងទុកនៅកន្លែងមានសុវតិ្ថភាព។
បើបងប្អូនបានជួបករណីពុលថ្នាំសម្លា.ប់ល្អិត សូមប្រញាប់បញ្ជូនអ្នករងគ្រោះ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដែលមានសម្ភារៈគ្រប់គ្រាន់ និងវេជ្ជបណ្ឌិតឯកទេសជំនាញ ដើម្បីជួយសង្គ្រោះអ្នកជំងឺទាន់ពេលវេលា ឲ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ៕
ចែករំលែកព័តមាននេះ