រាជធានីភ្នំពេញ ៖ ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នៅឆ្នាំ២០០០ ហើយត្រូវបានរៀបចំឡើងទៅតាមប្រធានបទខុសៗគ្នា ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនអំពីគុណតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ សម្រាប់ឆ្នាំ២០២១នេះ ទិវាជីវៈចម្រុះអន្តរជាតិ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “យើងជាចំណែកមួយនៃដំណោះស្រាយ (We’re part of the solution)”។
ក្នុងនាមប្រទេសកម្ពុជា ជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តាមរយៈវេទិកាជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ ដោយបានលើកយកប្រធានបទសំខាន់ៗចំនួន៧ សម្រាប់ការជជែកពិភាក្សា រួមមាន៖ ១) ការរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា; ២) ការសិក្សាស្រាវជ្រាវពីកេសរកូលព្រៃនៅកម្ពុជា; ៣) បទពិសោធន៍ការងារពាក់ព័ន្ធនឹងការអភិរក្សជីវៈចម្រុះតំបន់ដីសើម និងទឹកសាប; ៤) ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានក្នុងតំបន់ការពារធម្មជាតិ; ៥) តួនាទី និងគុណតម្លៃរបស់ជីវៈចម្រុះ និងដំណោះស្រាយ; ៦) ការអប់រំផ្សព្វផ្សាយបរិស្ថាន និងជីវៈចម្រុះ; និង ៧) ការគ្រប់គ្រងសំណល់រឹង និងការអភិរក្សជីវៈចម្រុះ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ក៏បានរៀបចំជាវីដេអូអប់រំផ្សព្វផ្សាយខ្លីៗ ព្រមទាំងការផ្សព្វផ្សាយរូបភាព និងបដាពាក្យស្លោកតាមបណ្តាញសង្គម និងនៅតាមទី សាធារណៈ និងទីប្រជុំជននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត រួមមាន៖ កណ្តាល សៀមរាប កំពង់ធំ កំពតព្រះវិហារ មណ្ឌលគិរី ក្រុងព្រះសីហនុ និងបន្ទាយមានជ័យ ផងដែរ។
សូមជម្រាបផងដែរថា នេះគឺជាឆ្នាំទី៨ ហើយ ដែលកម្ពុជាបានចូលរួមរៀបចំប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើននូវការយល់ដឹងដល់សាធារណជន និងលើកទឹកចិត្តឱ្យមានការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការរៀបចំទិវានេះ ក៏បានបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការចូលរួមចំណែកគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ៕ ប្រភព៖ ក្រសួងបរិស្ថាន
ចែករំលែកព័តមាននេះ