អន្តរជាតិ ៖ អ្នកថតរូបសត្វព្រៃអាជីពជនជាតិបែលហ្ស៊ិកម្នាក់ បានចាប់យករូបភាពដែលបានធ្វើឱ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយវត្តមានសត្វភេនឃ្វីន (Penguins) ពណ៌លឿងដ៏កម្របំផុតដែលគាត់មិនធ្លាប់ឃើញពីមុនមក អំឡុងពេលដំណើរកម្សាន្តនៅកាន់ភាគខាងត្បូងកោះហ្សកហ្ស៊ី (South Georgia Island)។
លោក Yves Adams និយាយថាគាត់បានប្រទះឃើញភេនឃ្វីនដ៏កម្របំផុត១ក្បាល មើលទៅខុសពីធម្មតាដោយវាមានរោមពណ៌លឿង-ស ខុសពីភេនឃ្វីនធម្មតាដែលមានរោមពណ៌ខ្មៅ-ស។ ការប្រទះឃើញរឿងដ៏ចម្លែកនេះ គឺនៅអំឡុងពេលដំណើរបេសកម្មថតរូបរយៈពេល២ខែរបស់គាត់នៅតំបន់អង់តាក់ទិក និងមហាសមុទ្រអាត្លង់ទិកភាគខាងត្បូង។
អ្នកថតវ័យ៤៣ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំមិនដែលឃើញឬលឺពីភេនឃ្វីនពណ៌លឿងពីមុនមកនោះទេ។ មានភេនឃ្វីនប្រមាណ១២ម៉ឺនក្បាលនៅទីនោះ។ ហើយវាគឺជាភេនឃ្វីនពណ៌លឿងតែមួយគត់ ដែលមានវត្តមាននៅទីនោះ។ វាគឺជាបទពិសោធន៍ដ៏ចម្លែក និងប្លែកមិនគួរឱ្យជឿ»៕ (ដកស្រង់ចេញពី Dailymail)
ចែករំលែកព័តមាននេះ