រាឃធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៣១ មករា ឆ្នាំ២០២១ នេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស ខណៈមិនមានករណីព្យាបាលជាសះស្បើយនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន១នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើ ដំណើរមកពីប្រទេសថៃទេ) គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ក្រសួងសូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១២០នាក់ ដែលនៅក្នុងចំនួននេះមាន បុរសខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១១៩នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៥ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានី ភ្នំពេញ ចំនួន ០១នាក់ នៅសណ្ឋាគារ មួយទៀត ចំនួន ០១នាក់ នៅសណ្ឋាគារមួយទៀត ចំនួន ៦៨នាក់ និងនៅ មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ចំនួន ៤៩នាក់។
ក្រសួងលើកឡើងថា មិនមានករណីជាសះស្បើយនោះទេ ខណៈអ្នកកំពុងសម្រាកព្យាបាលសរុបចំនួន២២នាក់ក្នុងចំណោមអ្នកឆ្លងទូទាំងប្រទេសសរុប៤៦៥នាក់ និងបានព្យាបាលជាសះស្បើយចំនួន៤៤៣នាក់។
ក្រសួងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិបាល និង ក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរ ពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និង ស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសក្ខវីដ-១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ៕
ចែករំលែកព័តមាននេះ