រាជធានីភ្នំពេញ ៖ ភាគច្រើននៃអ្នកជំនាញសង្គមទូទៅ ជាពិសេសអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ ជារឿយៗបានលើឡើងស្រដៀងគ្នាថា មនុស្សចំនួន មិនថាមានវ័យប៉ុណ្ណានោះតែងតែចូលចិត្តបង្អួតឬហៅថាសម្ភារៈនិយមខ្លាំង រហូតមានអ្នកខ្លះ មិនមានលទ្ធភាពទិញ ក៏ទៅខ្ជីលុយគេទិញ ឬទៅបង់រំលោះដែរ។ ប៉ុន្តែនាឳកាសនេះ សារព័ត៌មានយើង សូមលើកយកតែចំណុច ដែលទាក់ទងទៅនឹងទ្រព្យ ដែលកើនតំលៃ និងមិនបានកើនតំលៃ ក្នុងមួយៗឆ្នាំ មកបកស្រាយជូនបងប្អូនអាចពិចារណា។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាអ្នកប្រឹក្សាឯករាជ្យ បានលើកឡើងថា «ទ្រព្យសម្បត្តិដែលមិនកើនតម្លៃ ឬកើនតម្លៃតិចជាង ១៥ ភាគរយ ក្នុងមួយឆ្នាំ (ដូចជាផ្ទះ រថយន្ត និងគ្រឿងអលង្កា) គួរមានតម្លៃសរុបត្រឹម ៣០ភាគរយបានហើយ នៃចំនួនទ្រព្យសម្បត្តិសរុបនោះ។ រីឯ ៧០ ភាគរយទៀត គួរតែជាទ្រព្យចំរើនដែលអាចកើនតម្លៃយ៉ាងតិច ១៥ ភាគរយ ក្នុង១ឆ្នាំៗ ឧទាហរណ៍ថា ប្រសិនបើយើងមានជំនាញ ក្នុងការវិនិយោគមួយចំនួនច្បាស់លាស់ដូចជា ផ្សារហ៊ុន ភាគហ៊ុនអាជីវកម្មនានា និងអចលនទ្រព្យ គឺអាចមានលទ្ធភាពទទួលបាន ប្រាក់ចំណេញឬអាចហៅថា កើនតម្លៃខ្ពស់ហើយ។
លោកបន្តថា «ផ្ទុយទៅវិញមនុស្សជាច្រើនមិនបានដឹងពីវិធីជីករ៉ែក្នុងផ្ទះនេះទេ ហើយមានទ្រព្យមិនសូវចំរើន (មិនមានកំណើនតម្លៃឬកំណើនតិចជាង ១៥ ភាគរយ ក្នុង១ឆ្នាំ) រហូតដល់៧០ ភាគរយ ទៅ ៨០ភាគរយ។ ហើយប្រសិនជាយើងចង់វិយោគនោះក៏រាងពិបាកដែរ គឺមនុស្សជាច្រើនខ្វះជំនាញក្នុងការវិនិយោគ មិនយល់ពីហានិភ័យ ខ្វះចក្ខុវិស័យ ហើយចេះតែវិនិយោគតាមគ្នា»។
លោក ង៉ែត ជូ បានណែនាំដូចនេះថា៖ ទី១) ប្រសិនបើអ្នកមានទ្រព្យសរុប ១ លានដុល្លា តម្លៃរថយន្ត ផ្ទះ និងគ្រឿងអលង្ការបស់អ្នកមិនគួរលើស ៣០ ម៉ឺនដុល្លានោះទេ។
ទី២) ប្រសិនបើអ្នកមានទ្រព្យសរុប៥០ម៉ឺនដុល្លា តម្លៃរថយន្ត ផ្ទះ និងគ្រឿងអលង្ការបស់អ្នកមិនគួរលើស១៥ម៉ឺនដុល្លានោះទេ។
លោកបន្ថែមថា មិនបើមិនដូច្នេះទេ ទោះជាខំរកប្រាក់ប៉ុណ្ណា ក៏មិនងាយកសាងភាពមានបាននឹងគេដែរ ព្រោះការចាត់ចែងទ្រព្យសម្បត្តិគ្មានប្រសិទ្ធិភាពប្រៀបដូច “នាងកញ្ជើរធ្លុះ ទោះប្តីខំនេសាទយ៉ាងណាក៏ចេះតែជ្រុះបាត់ទៅវិញដែរ”៕
ចែករំលែកព័តមាននេះ