ឥណ្ឌូនេស៊ី, ហ្វីលីពីន៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ខណៈដែលករណីកូវីដនៅតែស្ថិតក្នុងការគ្រប់គ្រងនៅក្នុងប្រទេសថៃ ដោយមានការឆ្លងថ្មីចំនួន៧ ដែលរាល់ការនាំចូលបានកាលពីថ្ងៃអាទិត្យ និងការព្យាបាលជាទាំងស្រុង១០០% នៅប្រទេសកម្ពុជាយើងជាលើកទី២ ក៏ដោយ ប៉ុន្តែជំងឺកូវីដ១៩ នៅតែបន្តបង្កភាពអន្តរាយដល់ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន នៅតំបន់អាស៊ីអាគ្នេយ៍ មានករណីឆ្លងថ្មីជាង ៣,០០០នាក់ និង ច្រើនជាង៧០នាក់បានបាត់បង់ជីវិត។
ទិន្នន័យពីគេហទំព័ររបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ បានរាយការណ៍ពីការឆ្លងជំងឺថ្មីចំនួន ៣,៦៣៦នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី ៧៣នាក់។
របាយការណ៍ចុងក្រោយ បានឱ្យដឹងថា ចំនួនអ្នកឆ្លងសរុបនៅប្រទេសនោះមានចំនួន ២១៨,៣៨២នាក់ និងអ្នកបាត់បង់ជីវិតដល់ ៨,៧២៣នាក់ ដែលជាចំនួនអ្នកបាត់បង់ជីវិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។
រដ្ឋធានីចាកាតា នឹងធ្វើការរឹតបន្តឹងទ្រង់ទ្រាយធំបន្ថែមទៀត ដែលចាប់ផ្តើមពីថ្ងៃច័ន្ទ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះនៅក្នុងទីក្រុងធំរបស់ខ្លួន។ ជាមួយគ្នានេះដែរ ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៣,៣៧២នាក់ និង ៧៩នាក់ទៀតបានបាត់បង់ជីវិត។
នៅក្នុងព្រឹត្តិប័ត្រមួយក្រសួងសុខាភិបាលបាននិយាយថា ករណីឆ្លងដែលបានបញ្ជាក់របស់ប្រទេសនេះបានកើនឡើងដល់ ២៦១,២១៦ករណី ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់ ខណៈចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់ ៤,៣៧១ នាក់៕
ចែករំលែកព័តមាននេះ