ប្រេស៊ីល ៖ ប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ មានចំនួននាក់បាត់បង់ជីវិត ដោយសារកូវីដ១៩ ឡើងផុត១០ម៉ឺននាក់ និងមានករណីឆ្លងចំនួន ៣លានករណី។ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីក្រសួងសុខាភិបាល។
ជាមួយនឹងចំនួនអ្នកបាត់បង់ជីវិត ១០០,៤៧៧នាក់ និងចំនួនអ្នកឆ្លង ៣,០១២,៤១២ករណី ក្នុងចំណោមប្រជាជន ២១២លាននាក់ រស់នៅក្នុងប្រទេសនេះ ដែលធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសទី២ ដែលមានកូវីដច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក។
ក្រសួងសុខាភិបាលបានរាយការណ៍ថា មានអ្នកបាត់បង់ជីវិតថ្មីចំនួន ៩០៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ក៏ដូចជាករណីថ្មីចំនួន ៤៩,៩៧០ករណី។
ប្រេស៊ីល បានឃើញការបាត់បង់ជីវិត ចំនួន ៤៧៨នាក់ក្នុងមួយលាននាក់ ដែលតួលេខនេះស្មើនឹងសហរដ្ឋអាមេរិក (៤៨៧) ប៉ុន្តែទាបជាងអេស្ប៉ាញ (៦០៩) ឬអ៊ីតាលី (៥៨៣) ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក Davi Alcolumbre បានប្រកាសកាន់ទុក្ខរយៈពេល ៤ថ្ងៃ នៅក្នុងសភា ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារតែកូវីដ១៩ រាប់សែននាក់នៅក្នុងប្រទេស។
ការផ្ទុះឡើងនៃវីរុសនេះនៅក្នុងប្រទេសប្រេស៊ីលមិនបានបង្ហាញសញ្ញានៃការថយចុះទេនៅពេលវាឈានចូលដល់ខែទី៦។
ករណីដែលបានបញ្ជាក់ជាលើកដំបូងនៃប្រទេសនេះ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងទីក្រុងសៅប៉ូឡូ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ជាមួយនឹងការបាត់បង់ជីវិតលើកទី១ នៅថ្ងៃទី ១២ ខែមីនា នៅក្នុងទីក្រុងនេះផងដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ