ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលគេដឹងថា ជាសកម្មជនដីធ្លីត្រូវចូលពន្ធនាគារ១លើកទៀត ក្នុងរឿងក្រៅពីដីធ្លី គឺធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស (ដោយមានគ្នាច្រើននាក់ក្នុងឋានៈជាចារី,សហចារី,អ្នកផ្តើមគំនិតនិងអ្នកសមគំនិត )និងប្រើអំពើហឹង្សារលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិ
អូអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ អំឡុងថ្ងៃ១០ មីនា ឆ្នាំ២០១៤ ដល់ខែតុលា ឆ្នាំ២០១៨ កន្លងមកនេះ។
យោងដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ផេង កុសល់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ លេខ១២៨ដខ/ចចុះថ្ងៃទី៣ តុលា ឆ្នាំ២០១៩ បានបង្គាប់អោយចាប់ខ្លួនឈ្មោះកែវ យ៉យ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិ/ឃុំទួលពង្រស្រុកម៉ាឡៃ ក្នុងបទចោទធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស មកកាន់តុលាការ ។ នគរបាលប៉ុស្តីរដ្ឋបាលឃុំ ស្រុកនិងខេត្តនៅបន្ទាយមានជ័យ បានចាប់ខ្លួនជនត្រូវចោទកែវ យ៉យ ហើយបញ្ជូនដល់តុលាការខេត្ត និងបញ្ជូនទៅពន្ធនាគារ កាលពីថ្ងទី២៦ មិថុនា ឆ្នាំ២០២០ ។
នៅថ្ងៃទី២៦ខែ មិថុនា ដដែលនោះ មនុស្សប្រមាណ៦០នាក់ដែលអះអាងថា ជាពលរដ្ឋនិងសាច់ញាតិនៅភូមិជាមួយបានលើកគ្នាមកប្រមូលផ្តុំមួយឈុលនៅមុខសាលាខេត្ត នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល រួចបន្តទៅមុខស្នងការដ្ឋាននាភូមិក្បាលស្ពានសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ជាមួយគ្នានោះដែរ ខណៈប្រជាពលរដ្ឋប្រមាណជា៦០នាក់ ទៅស្នងការដ្ឋាន លោកវរសេនីយ៍ទោ ភឿង ម៉ាន់ សឹង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានអះអាងថា ៖ ការដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន ឈ្មោះកែវ យ៉យ នោះ គឺនគរបាលអ្នកអនុវត្តច្បាប់គឺធ្វើតាមដីការបស់តុលាការ បើចង់ សំណូមពរអ្វីស្នើសុំអ្វីទៅតុលាការចុះ ។ សូមស្តាប់ការលើកឡើងរបស់លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ។
ជាមួយគ្នានោះដែរ បើយោងពលរដ្ឋទាំងនោះថា លោកកែវ យ៉យ ត្រូវជាប់ពន្ធនាគារលើកទី២ហើយ ។លើកនេះ គាត់ត្រូវចោទប្រកាន់ ៖ ១-លើកគ្នាដុតបំផ្លាញត្រាកទ័តអេស្កាវ៉ាទ័រ ។២-វាយមនុស្ស (ម្ចាស់ដី ) និងវាយព្រះ សង្ឃ។ទី៣- វាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ សមត្ថកិច្ចតុលាការនិងមន្ត្រីនគរបាលយុត្តិធម៌បានបង្ហើបប្រាប់ថា ៖ ជនត្រូវចោទឈ្មោះកែវ យ៉យ (ដែលពិការជើង ជាអតីតទាហានខ្មែរក្រហមផង) ។
ប្រភពបន្តថា ការចាប់ខ្លួនឈ្មោះកែវ យ៉យ នេះ មកពីជននេះមិនព្រមចូលខ្លួនតាមដីកាកោះ, ដីកាបញ្ជូន,ដីកាបង្គាប់អោយនាំខ្លួនរបស់តុលាការ៣លើករូចមកហើយផងដែរ ។ ពោលគឺបន្ថែមពីលើបទចោទដូចខាងលើ ។ ប៉ុន្តែប្រភពមួយពីតុលាការខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃទី២៦ ខែមិថុនាថា ៖ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា បានអោយលោកតេង សាម៉ៃ ព្រះរាជអាជ្ញារង ធ្វើការរឿងនេះជាមួយលោកផេង កុសល់ ចៅក្រមស៊ើបសួរ តាមការការណែនាំរបស់លោកងួន ណារ៉ា ប្រធានសាលាដំបូង ។
ពោល គឺបានទទួលយកសំណូមពរមនុស្សដែលលើកគ្នាមកឈឺឆ្អាលនឹងជនត្រូវចោទឈ្មោះកែវ យ៉យ ហើយសុំអោយដោះលែងនោះ ។ ប៉ុន្តែសូមអោយជ្រើសរើសរកមេធាវីជាតំណាងមកធ្វើការជាមួយតុលាការ ។ បន្ទាប់មកក្រុមមនុស្សលើកគ្នាមកទាំងនោះ បានរំសាយទៅវិញ ៕
ចែករំលែកព័តមាននេះ