ព័ត៌មានអន្តរជាតិ

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៥៤
នាយករដ្ឋមន្ត្រីចិន លោកវេន ជាបាវ អះអាងជាថ្មីកាលពីថ្ងៃទី២ កុម្ភៈ ថា ប្រទេសចិនយល់ថា ការចរចា និងកិច្ចសហប្រតិបត្តិការគឺជាដំណោះស្រាយដែលមានប្រសិទ្ធភាពតែមួយគត់ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដោយលោកបន្តថា ទណ្ឌកម្មនឹងពុំអាចផ្តល់ចម្លើយចំពោះបញ្ហានេះឡើយ ។ លោកវេន ជាបាវ អះអាងបែបនេះ ក្នុងឱកាសនៃសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រីអេន ចឺឡាម័រកែល នៅទីក្រុងប៉េកាំង។

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:២៨
ទូរទស្សន៍រដ្ឋអេហ្ស៊ីបរាយការណ៍ថា មនុស្សយ៉ាងតិច៣៨៨នាក់ បានត្រូវរបួសក្នុងការប៉ះទង្គិចគ្នានានារវាងកងកម្លាំងសន្តិសុខអេហ្ស៊ីប និងពួកបាតុករ កាលពីយប់ថ្ងៃទី២ កុម្ភៈ នៅជិតទីស្នាក់ការក្រសួងមហាផ្ទៃកណ្តាលទីក្រុងគែរ។ កងកម្លាំងសន្តិសុខបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកអ្នកគាំទ្របាល់ទាត់ដែលលើកមកជួបគ្នាជាមួយពួកបាតុករដទៃៗ ទៀត ដើម្បីសំដៅពីសាមគ្គីភាពរបស់ពួកគេជាមួយបណ្តាគ្រួសារជនរងគ្រោះ និងដើម្បីរារាំងបាតុករកុំឱ្យលុកចូលដល់អគារក្រសួងនេះ។

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:០៤
ភាពចម្រូងចម្រាស់លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់កាន់តែកើនឡើង ។ ប្រមុខភ្នាក់ងារស៊ើបការណ៍យោធាអ៊ីស្រាអែលអះអាងកាលពីថ្ងៃទី២ កុម្ភៈ ថា អ៊ីរ៉ង់ពេលនេះអាចផលិតគ្រាប់បែកបរមាណូ៤គ្រាប់។ ឧត្តមសេនីយ៍ AVIV KOCHAVI និយាយថា ពេលនេះភ្នាក់ងារស៊ើបការណ៍អន្តរជាតិយល់ស្របតាមអ៊ីស្រាអែលដើម្បីនិយាយថា អ៊ីរ៉ង់សម្រាំងទុកអ៊ុយរ៉ានីញ៉ូម ចម្រាញ់កម្រិត២០% បាន១០០គីឡូក្រាម ជាចំនួនមួយគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ៤គ្រាប់។
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៨:២២
រដ្ឋាភិបាលជប៉ុនបានរៀបចំជាលើកចុងក្រោយ ដើម្បីចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដៃគូអន្តរប៉ាស៊ីហ្វិក (TTP) ។ ប្រទេសជប៉ុនបានចាប់ផ្តើមចរចាជាមួយសមាជិក TTP តាំងពីខែមករា និងធានាគាំទ្រពីប្រទេសដែលជាប់ពាក់ព័ន្ធចំនួន៤ ក្នុងចំណោម៩ក្នុងនោះរួមមានប្រទេសវៀតណាមនិងប្រ៊ុយណេ ។
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៨:១៧
ប្រទេសកូរ៉េខាងជើងនឹងកំណត់ចំនួនអ្នក ទេសចរចូលមកទស្សនាប្រទេសរបស់ខ្លួនក្នុងខែមេសា ដើម្បីសម្រួលអ្នកមានបណ្តាស័ក្តិបរទេសក្នុងពេលមានការប្រារព្ធកម្មវិធីដ៏ធំៗនានា ។ មានព្រឹតិ្តការណ៍សំខាន់ផ្សេងៗដែលគ្រោង រៀបចំឡើងក្នុងប្រទេសកូរ៉េខាងជើង សម្រាប់រយៈពេលពីរសប្តាហ៍ ដូចជានៅថ្ងៃទី១៥ មេសា ជាបុណ្យខួប១០០ឆ្នាំ របស់បិតាបង្កើតជាតិគីម អ៊ីលស៊ុង ។

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៨:១៥
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូន បានជម្រុញឲ្យក្រុមប្រឹក្សាសន្តិសុខពន្លឿនការអនុម័តលើដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ចប់អំពើហិង្សាក្នុងប្រទេសស៊ីរី។ អ្នកតំណាងមកពីសហព័ន្ធអារ៉ាប់ និងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបរាជ័យក្នុងការ សម្រេចកិច្ចព្រមព្រៀងនៅថ្ងៃអង្គារលើការអនុម័តសេចក្តីព្រាងច្បាប់។ វានឹងសុំឲ្យលោកប្រធានាធិបតីស៊ីរី Bashar Al Assad ចុះចេញពីតំណែង និងបញ្ចប់ការបង្ក្រាបបាតុករប្រឆាំងរដ្ឋាភិបាល។
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៨:០៣
អឺរ៉ុបខាងកើតនៅតែទទួលរងនូវជម្ងឺគ្រុនផ្តាសាយធ្ងន់ធ្ងរ និងព្រិលត្រជាក់ខ្លាំងដែលបណ្តាលឱ្យមនុស្សចំនួន៨៩នាក់ស្លាប់ ។ ក្នុងប្រទេសអ៊ុយក្រែន សីតុណ្ហភាពធ្លាក់មក ដល់ដក៣៣អង្សាសេ(-៣៣)ពេលរាត្រី ។ មានមនុស្សចំនួន៤៣នាក់ ដែលក្នុងចំណោមពួកគេទាំងនោះជាជនគ្មានទីជម្រកបានស្លាប់ ស្រប ពេលដែលមានមនុស្សប្រមាណ៨០០នាក់ផ្សេងទៀត ត្រូវបានគេនាំខ្លួនទៅកាន់មន្ទីរពេទ្យដោយសាររងការឈឺចាប់លើរាងកាយដោយសារត្រជាក់ខ្លាំងពេក ឬផ្តាសាយធ្ងន់ធ្ងរ និងសីតុណ្ហភាពក្នុងខ្លួនចុះទាបខុសធម្មតា ។
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:០៤
អធិការបតីអាល្លឺម៉ង់ លោកស្រីអេនចឺឡា ម័រកែល បានអញ្ជើញមកដល់ទីក្រុងប៉េកាំង កាលពីថ្ងៃទី២ កុម្ភៈ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃមួយនៅចិន។ ក្នុងឱកាសនៃទស្សនកិច្ចនេះ លោកស្រីម័រកែល នឹងជួបជាមួយប្រធានាធិបតីចិន លោកហ៊ូ ជីនតាវ និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន លោកវូ បាងហ្គោ ព្រមទាំងជួបជាមួយនាយករដ្ឋមន្ត្រីលោកវេន ជាបាវ។

ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ០៨:២៥
របាយការណ៍មួយរបស់ធនាគារ BANK OF AMERICA MERRILL LYNCH បង្ហាញកាលពីថ្ងៃទី២ កុម្ភៈ ថា ប្រសិនបើកូរ៉េខាងជើងប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចបើកចំហនោះប្រទេសនេះនឹងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំពី១០ទៅ១២% ក្នុងរយៈពេលជាច្រើនឆ្នាំ។ របាយការណ៍នេះ វាយតម្លៃថា ប្រសិនបើកូរ៉េខាងជើងផ្សាភ្ជាប់ជាមួយសេដ្ឋកិច្ចពិភពលោកនោះ ប្រទេសនេះនឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដូចដែលកូរ៉េខាងត្បូង និងចិនធ្លាប់សម្រេចបានកាលពីមុន។
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៤២
របាយការណ៍មួយរបស់ក្រសួងសេដ្ឋកិច្ច និងចំណេះដឹងកូរ៉េខាងត្បូងបង្ហាញកាលពីថ្ងៃទី២ កុម្ភៈ ថា ការនាំចូលប្រេងឆៅរបស់កូរ៉េខាងត្បូងមានការកើនឡើងដល់ជាង៦% ក្នុងឆ្នាំ២០១១ បើប្រៀបធៀបទៅនឹងឆ្នាំមុននេះ មកពីសេចក្តីត្រូវការថាមពលមានការកើនឡើង។ យោងតាមរបាយការណ៍នេះថា កូរ៉េខាងត្បូងបានទិញប្រេងឆៅ៩២៧លានធុង កាលពីឆ្នាំ២០១១ ដែលមានការកើនឡើង៦,២% បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ ។
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៣២
ធនាគារពិភពលោក (WB) បានបង្ហាញរបាយការណ៍ស្តីពីថ្លៃម្ហូបអាហារចុងក្រោយដោយបញ្ជាក់ថា ក្នុងរវាងពីខែកញ្ញាដល់ខែធ្នូកន្លងមកថ្លៃម្ហូបអាហារបានធ្លាក់ចុះ៨%ព្រោះតែការផ្គត់ផ្គង់កើនឡើង ខណៈពេលសេដ្ឋកិច្ចពិភពលោកនៅប្រឈមមុខនឹងភាពមិនប្រាកដប្រជា ។ ទោះជាយ៉ាងណាក៏ដោយ ថ្លៃទំនិញនៅតែមានការប្រែប្រួល និងស្ថិតក្នុងកម្រិតខ្ពស់ដោយនៅក្នុងឆ្នាំ២០១១ ម្ហូបអាហារមានតម្លៃខ្ពស់ជាងឆ្នាំ២០១០ ដល់ទៅ ២៤% ។

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:០៣
ការផ្ទុះម៉ូតូភ្ជាប់គ្រឿងផ្ទុះមួយ នៅមុខប៉ុស្តិ៍ប៉ូលិសមួយកន្លែង ដែលអាជ្ញាធរថា ជាស្នាដៃរបស់ពួកឧទ្ទាមនៃកងកម្លាំងបដិវត្តន៍កូឡុំប៊ី FARC បណ្តាលឱ្យមនុស្សស្លាប់៧នាក់ និងរបួស៧០នាក់ កាលពីថ្ងៃទី១ កុម្ភៈ នៅភាគនិរតីកូឡុំប៊ី។ នេះជាតុល្យការថ្មីចេញផ្សាយដោយកាកបាទក្រហម។ ប៉ុន្មានម៉ោងមុននេះ ប៉ូលិសរាយការណ៍ពីមនុស្សស្លាប់៥នាក់ និងរបួស២០នាក់ ក្នុងការផ្ទុះនេះ។

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៥៣
ប្រភពព័ត៌មាននានារបស់លោកខាងលិចរាយការណ៍កាលពីថ្ងៃទី១ កុម្ភៈ ថា សហរដ្ឋអាមេរិក បណ្តារដ្ឋាភិបាលអឺរ៉ុប និងបណ្តារដ្ឋអារ៉ាប់កំពុងតែពិភាក្សាគ្នាលើលទ្ធភាពនៃការផ្តល់ការជ្រកកោនជាយថាហេតុសម្រាប់ប្រធានាធិបតីស៊ីរី ទោះបីជាពួកគេដឹងថា ពិតជាលំបាក ដែលធ្វើឱ្យលោកបាចាអាល់អាសាដ ព្រមទទួលយកលទ្ធភាពនេះក៏ដោយ។

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:២៣
ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូរាយការណ៍កាលពីថ្ងៃទី២ កុម្ភៈ ថា ទឹកចំនួនជាង៨តោន បានធ្លាយចេញពីបំពង់ទឹកមួយដែលរងការខូចខាត ដោយសារការផ្អាកមជ្ឈមណ្ឌលនុយក្លេអ៊ែរជប៉ុន ហ្វូគូស៊ីម៉ា ក៏ប៉ុន្តែពុំមានការធ្លាយចេញទៅក្រៅត្រូវបានរាយការណ៍ឡើយ ។ ឧប្បត្តិហេតុនេះកើតមានក្នុងបរិវេណនៃរេអាក់ទ័រទី៤ ដែលនៅទីនោះទឹកនៅតែត្រូវរក្សាទុកមួយដុំ ។ មជ្ឈមណ្ឌលនេះជាទីលាននៃគ្រោះ មហន្តរាយនុយក្លេអ៊ែរមួយពុំធ្លាប់មានពីមុនមក បន្ទាប់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ TCHERNOBYL កាលពីឆ្នាំ១៩៨៦មក បន្ទាប់ពីការរញ្ជួយដី និងស៊ូណាមី កាលពីថ្ងៃទី១១ មីនា ។
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:២១
អាជ្ញាធរអូស្ត្រាលីរាយការណ៍ថា មនុស្សជាង២០០នាក់ អាចត្រូវជួយសង្គ្រោះក្រោយការលិចនាវាដឹកអ្នកដំណើរមួយគ្រឿង កាលពីថ្ងៃទី២ កុម្ភៈ ក្នុងដែនទឹកប៉ាពូអាស៊ី នូវែល ហ្គីណេ ជាមួយមនុស្សជិះ ក្នុងនោះប្រមាណជាង៣០០នាក់។ អាជ្ញាធរប៉ាពូអាស៊ី នូវែលហ្គីណេ អះអាងថា នាវាឈ្មោះ MV RABAUL QUEEN បានលិចនៅកន្លែងមួយចម្ងាយ១៦គីឡូម៉ែត្រ ពីឆ្នេរ ពេលនាវានេះកំពុងធ្វើដំណើររវាងកោះ NEW BRITAIN និងទីក្រុង LAE ។

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:៣១
នាយករដ្ឋមន្ត្រីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន ថ្លែងកាលពីថ្ងៃទី១ កុម្ភៈ ថា លោកអាចស្នើតំណែងនានាក្នុងរដ្ឋាភិបាលឱ្យដល់បណ្តាអ្នកប្រឆាំងខាងនយោបាយប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតី។ ក្នុងឱកាសជួបជាមួយពួកនិស្សិត និងបណ្តាអ្នកសង្កេតការណ៍ លោកពូទីន ថ្លែងថា ខ្ញុំនិយាយថា ខ្ញុំបានស្នើដល់បណ្តាមនុស្សដែលស្ថិតក្នុងគណបក្សនយោបាយទាំងឡាយចាត់ទុកថា ជាគណបក្សប្រឆាំងឱ្យចូលក្នុងរដ្ឋាភិបាល ។
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:៥៩
អ្នកកាសែតរ៉យទ័រម្នាក់រាយការណ៍ថា មានការប្រយុទ្ធគ្នានានារវាងពួកជីវពលដែលប្រជែងគ្នាកាលពីថ្ងៃទី១ កុម្ភៈ នៅជុំវិញភូមិគ្រឹះមួយនាភាគកណ្តាលក្រុងទ្រីប៉ូលី ដែលភូមិគ្រឹះនោះគេយកធ្វើជាបន្ទាយ។ ការបាញ់តគ្នាដោយអាវុធធុនធ្ងន់ និងកាំភ្លើងស្វ័យប្រវត្តិបានលាន់ឮក្នុងតំបន់ EL SAADI ។ ផ្លូវថ្នល់ទៅកាន់ទីនោះត្រូវបិទហើយពពកផ្សែងបានហុយចេញពីលើសង្កាត់នេះ ។ រថយន្ត PICK UP បំពាក់កាណុងបាញ់យន្តហោះ២គ្រឿងត្រូវបានគេឃើញបើកសំដៅទៅកាន់តំបន់មានការប្រយុទ្ធគ្នា។

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៣:៣៤
រដ្ឋមន្ត្រីក្រសួងអគ្គិសនីយេម៉ែនលោកសាឡាហ៍ ហាសេនស៊ូ ម៉ៃអ៊ីយ៉ា រាយការណ៍ថា ពលករមនុស្សធម៌ជាជនបរទេស៤នាក់ដែលត្រូវចាប់ពង្រត់កាលពីថ្ងៃទី៣១ មករា មន្លងមកនេះ រួមជាមួយជនជាតិយេម៉ែន២នាក់ ដោយពួកជនប្រដាប់អាវុធនៅយេម៉ែនត្រូវបានដោះលែងវិញហើយកាលពីថ្ងៃទី១ កុម្ភៈ។ យោងតាមរដ្ឋមន្ត្រីរូបនេះ ដែលធ្វើជាអាជ្ញាកណ្តាលថា ពលករមនុស្សធម៌ជាជនបរទេសទាំង៤នាក់ក្នុងនោះមានជនជាតិកូឡុំប៊ីម្នាក់អាល្លឺម៉ង់ម្នាក់ ប៉ាឡេស្ទីនម្នាក់ និងអ៊ីរ៉ាក់ម្នាក់

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៥៣
យោងតាមតួលេខចេញផ្សាយកាលពីថ្ងៃទី១ កុម្ភៈ ដោយក្រសួងសុខាភិបាលអ៊ីរ៉ាក់ថា ចំនួនជនស៊ីវិល ដែលស្លាប់ក្នុងអំពើហិង្សានានានៅអ៊ីរ៉ាក់មានការកើនឡើងក្នុងខែមករា ។ យោងតាមតួលេខទាំងនេះថា ជនស៊ីវិល៩៩នាក់ បានត្រូវស្លាប់កាលពីខែមករា ទល់នឹង៩០នាក់ក្នុងខែធ្នូ ។ ប៉ូលិស៣១នាក់ និងទាហាន២១នាក់ ក៏ត្រូវស្លាប់ក្នុងការវាយប្រហារនានាដែរ ដែលតួលេខនេះមានការចុះថយបើប្រៀបធៀបទៅនឹងប៉ូលិស៣០នាក់ និងទាហាន២៩នាក់ ស្លាប់កាលពីខែធ្នូ ។

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៣៦
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោកស្រីហ៊ីណា រ៉ាបបានីខារ ថ្លែងកាលពីថ្ងៃទី១ កុម្ភៈ ថា ប្រទេសលោកស្រីចង់ឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងរយៈពេលយូរជាមួយអាហ្វហ្គានីស្ថាន។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីអាហ្វហ្គានីស្ថាន លោកហ្សាល់ ម៉ៃ រ៉ាស៊ូល លោកស្រីខារ ថ្លែងថា គោលបំណងនៃទស្សនកិច្ចរបស់ខ្ញុំគឺផ្តល់សារដ៏ខ្លាំងមួយ ដល់ក្រុងកាប៊ុល ស្តីពីឆន្ទៈរបស់ប៉ាគីស្ថានចង់បានទំនាក់ទំនង ស៊ីជម្រៅរយៈពេលយូរមួយជាមួយអាហ្វហ្គានីស្ថាន។

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:៣១
អនុរដ្ឋមន្ត្រីសុខាភិបាលអេហ្ស៊ីប លោក HECHAM CHEÏHA ថ្លែងតាមទូរទស្សន៍ថា អំពើហិង្សាដែលផ្ទុះឡើងកាលពីថ្ងៃទី១ កុម្ភៈ ក្រោយការប្រកួតបាល់ទាត់មួយរវាងក្រុមបាល់ទាត់អេហ្ស៊ីប២ក្រុម នៅទីក្រុង PORT-SAÏD ភាគខាងជើងប្រទេស បណ្តាលឱ្យមនុស្សស្លាប់៧៣នាក់ ហើយមនុស្ស១.០០០នាក់ត្រូវរបួស។ លោក CHEÏHA បានហៅឧប្បត្តិហេតុនេះថា ជាគ្រោះមហន្តរាយដ៏ធំមួយនៃប្រវត្តិសាស្ត្របាល់ទាត់អេហ្ស៊ីប ។
ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៥៧
មន្ត្រីជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និយាយថា លោកនឹងស្នើឲ្យប្រទេសលោកខាងលិចលុបចោលនូវទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយពន្លឿនដំណើរទៅមុខរបស់ប្រទេសមួយនេះទៅកាន់របបប្រជាធិបតេយ្យ ។ លោកអគ្គលេខាធិការអាស៊ានស៊ូរិន្ទ ពិតសុវណ្ណ បានធ្វើការបញ្ជាក់បែបនេះ ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន NHK ជប៉ុននៅថ្ងៃអង្គារទី៣១ មករា ។
ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៥០
មន្ត្រីកូរ៉េខាងត្បូងនិយាយថា ខ្លួនមានរូបថតបង្ហាញពីរថយន្តចិន ដឹកអង្កររាប់ពាន់តោនចូលទៅកាន់ប្រទេសកូរ៉េខាងជើងនៅក្នុងខែមករា ជាលើកទីមួយគិតចាប់តាំងពីការទទួលមរណភាពនៃអតីតមេដឹកនាំប្រទេសគីម ជុងអ៊ីល ។ មានរូបថតមួយចំនួនថតនៅថ្ងៃទី១២ មករា ក្នុងទីក្រុងTumen ប្រទេសចិនក្បែរព្រំដែនប្រទេសកូរ៉េខាងត្បូង ដែលបង្ហាញពីរថយន្តធំៗជាច្រើនគ្រឿង ដឹកបាវធំៗជាច្រើនទៅកាន់ការិយាល័យគយ ។
ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៧:៤៥
មន្ត្រីមកពីការិយាល័យប៉ូលិសស៊ើបអង្កេត សម្រាប់ការរៀបចំការគ្រប់គ្រងសេដ្ឋកិច្ចវៀតណាម បានរឹបអូសមាសដុំចំនួន១០គីឡូក្រាម ប្រាក់១០០ដុល្លារកាណាដា ៣០០ផោន និង១.៧០០អឺរ៉ូ ។ លោក Dang Minh Tuan វ័យ២៦ឆ្នាំ មកពីBa Dinh ទីក្រុងហាណូយ និយាយថា គាត់ត្រូវបានគេឱ្យតម្លៃឈ្នួល៤៨ដុល្លារ ក្នុងការដឹកជញ្ជូនមាសពីខេត្តNghe An ទីកាន់ទីក្រុងហាណូយ ។

ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៦:៥៩
នារីភ្លោះ២នាក់ដែលកើតនៅឥណ្ឌូណេស៊ីកាលពី២៩ឆ្នាំមុន ហើយត្រូវគេសុំទៅចិញ្ចឹមដាច់ពីគ្នា បានជួបគ្នានៅភាគខាងត្បូងស៊ុយអែត ដែលនាងទាំង២ រស់នៅឆ្ងាយពីគ្នាត្រឹមចម្ងាយ៤០គីឡូម៉ែត្រ តែពុំបានដឹងថា ពួកនាងជាបងប្អូនភ្លោះឡើយ ។ នាង EMELIE FALK អះអាងប្រាប់ AFP ថា នាងបានប្រើពេលយូរ ដើម្បីកំណត់ឱ្យច្បាស់ថា នាង LIN BACKMAN គឺជាបងប្អូនភ្លោះជាមួយនាង ។ នាងរៀបរាប់ថា ពេលដែលនាង LIN BACKMAN ទូរស័ព្ទមកខ្ញុំ ដើម្បីប្រាប់ពីលទ្ធផលនៃការធ្វើតេស្ត NDA ខ្ញុំផ្ទុះសំណើច ព្រោះនេះពិតជារឿងហួសចិត្តបំផុត។