អ.ស.ប ៖ ជនស៊ីវិលសូម៉ាលីជាង230នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នារយៈពេល2សប្តាហ៍
ដោយ ៖ ប្រុសកោះ
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៣:៣៨

គេហទំព័របរទេស
បាតុកម្មប្រឆាំងការសម្លាប់មនុស្សនៅសូម៉ាលី
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃទី៧ កញ្ញា ថា ជនស៊ីវិលជាង២៣០នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាកាលពី២សប្តាហ៍មុន រវាងកងកំលាំងរដ្ឋាភិបាលបណ្តោះអាសន្នសូម៉ាលី និងពួកសកម្មប្រយុទ្ធ Al-Shabaab នៅក្នុងទីក្រុងម៉ូហ្គាឌីស៊ីយ៉ូ រដ្ឋធានីសូម៉ាលី ។ ទីភ្នាក់ងារនេះរាយការណ៍ឱ្យដឹងទៀតថា មនុស្សយ៉ាងហោចណាស់៤០០នាក់ បានរងរបួស និង២៣.០០០នាក់ទៀតបានរត់គេចខ្លួនចេញពីផ្ទះក្នុងអំពើហិង្សាថ្មីៗបំផុតនៅក្នុងប្រទេសសូម៉ាលី ។ ពួកសកម្មប្រយុទ្ធ Al-Shabaab បានបង្កើនការវាយប្រហារយ៉ាងខ្លាំងប្រឆាំងរដ្ឋាភិបាលបណ្តោះអាសន្នសូម៉ាលី ជាពិសេសកងទ័ពបរទេស ៕