រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មានបានធ្វើការផ្សព្វផ្សាយប្រកាសណែនាំដល់អ្នកធ្វើការផ្សព្វផ្សាយទាំងឡាយដូចជាផ្សព្វផ្សាយ នៅតាមប៉ាណូ អាហ្វ៉ីស ប័ណ្ណប្រកាស ស្លាក សញ្ញានៅតាមទីសាធារណៈដែលមាន លក្ខណៈឃោសនាមហាជន និងផ្សព្វផ្សាយ ដំណឹងពាណិជ្ជកម្មជាដើមត្រូវសុំការអនុញ្ញាតពីក្រសួងព័ត៌មានជាមុន ។ប្រកាសស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយ អាហ្វ៉ីស ប៉ាណូ ប័ណ្ណប្រកាស ស្លាកសញ្ញា តាមទីសាធារណៈដែលមានលក្ខណៈឃោសនាមហាជន និងការផ្សព្វផ្សាយដំណឹងពាណិជ្ជកម្មនេះ ចុះថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១០ ចុះហត្ថលេខាដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកផ្សព្វផ្សាយត្រូវបំពេញសំណុំបែបបទទៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍តាម រយៈការដាក់ពាក្យសុំការអនុញ្ញាតផ្សព្វផ្សាយ ប្រវត្ដិរូបសង្ខេបមានបិទរូបថត និងកិច្ចសន្យាផងដែរ ។ ការអនុញ្ញាតមានសុពលភាពរយៈពេលកំណត់ទៅតាមការស្នើសុំរបស់អ្នកផ្សព្វផ្សាយដែលមានរយៈពេលបីខែ ប្រាំមួយខែ និងមួយឆ្នាំ ។លោកអ៊ុក កំពូល ប្រធាននាយកដ្ឋានគ្រប់គ្រងរោងពុម្ពនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានឱ្យដឹងថា ចាប់តាំងពីក្រសួងព័ត៌មានធ្វើការផ្សព្វផ្សាយប្រកាសនេះបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនហើយដែលបានអញ្ជើញមកក្រសួងព័ត៌មានដើម្បីទាក់ទងដាក់ពាក្យសុំការអនុញ្ញាតធ្វើការផ្សព្វផ្សាយផលិតផលនៅតាមទីសាធារណៈ នៅតាមម៉ូតូរ៉ឺម៉កកង់៤ (ទុក-ទុក) និងតាមរថយន្ដ ។
ចែករំលែកព័តមាននេះ