ប្រភពព័ត៌មានយោធារាយការណ៍ថា បណ្ដាយន្ដហោះចម្បាំងប៉ាគីស្ថាន កាលពីថ្ងៃទី២៤ មេសា បានវាយប្រហារលើជំរំលាក់ខ្លួននានារបស់ពួកសកម្មប្រយុទ្ធក្នុងតំបន់កុលសម្ព័ន្ធ KHYBER បណ្ដាលឱ្យពួកបះបោរស្លាប់យ៉ាងតិច៣៧នាក់ ។ ប្រភព័ត៌មាននោះឱ្យដឹងដែរថា ជនសកម្មប្រយុទ្ធ១៨នាក់ទៀតបានត្រូវរបួសដោយសារការវាយប្រហារទាំងនេះ ដែលធ្វើក្នុងតំបន់ជ្រលងភ្នំ TIRAH ក្បែរព្រំដែនអាហ្វហ្គានីស្ថាន។ ជំរំលាក់ខ្លួនជាច្រើនរបស់ពួកសកម្មប្រយុទ្ធរងការបំផ្លាញដោយការទម្លាក់គ្រាប់បែកដែលចាប់ផ្ដើមពីព្រឹកព្រលឹមមក ។
ប្រភពយោធាមុននេះអះអាងថា ពួកជនរងការវាយប្រហារជាអ្នកទទួលខុសត្រូវលើការវាយប្រហារដោយគ្រឿងផ្ទុះយ៉ាងបង្ហូរឈាមក្នុងផ្សារលក់ផ្លែឈើមួយនៅទីក្រុងអីុស្លាម៉ាបាដ ដែលសម្លាប់មនុស្សជាច្រើនសិបនាក់ ។ ពួកអ្នកទាំងនោះក៏ចូលរួមដែរក្នុងការវាយប្រហារភេរវកម្មប្រើគ្រាប់បែកមួយចំនួននៅស្រុកប៉េសាវ៉ា និងស្រុកចាសាដដា ភាគពាយ័ព្យប្រទេស ។
ការវាយប្រហារតាមអាកាសនោះធ្វើឡើងជួនពេលគ្នានឹងការបដិសេធរបស់ពួកតាលីបង់ប៉ាគីស្ថានពុំពន្យារពេលបទឈប់បាញ់គ្នាបណ្ដោះអាសន្នរយៈពេល៤០ថ្ងៃ ។ ចំណែកសារព័ត៌មានក្នុងស្រុករាយការណ៍ថា ប៉ូលិសយ៉ាងតិច៤នាក់បានត្រូវស្លាប់ កាលពីថ្ងៃទី២៤ មេសា ពេលពួកជនប្រដាប់អាវុធមិនស្គាល់មុខបាញ់ប្រហារមកលើរថយន្ដពួកគេនៅខេត្ដបាលូជីស្ថាន ភាគនិរតីប៉ាគីស្ថាន ។ ទូរទស្សន៍ក្នុងស្រុក DUNYA TV រាយការណ៍ថា រថយន្ដប៉ូលិសរងការវាយប្រហារពេលកំពុងបើកល្បាតជាទម្លាប់នៅតំបន់សាហេនសាហ៍ ស្រុកដឺរ៉ាមូរ៉ាដ ហ្សាម៉ាលី ៕
ចែករំលែកព័តមាននេះ