ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​​ពិភាក្សា​​ត្រីភាគី ពីប្រាក់​​​ឈ្នួលកម្មករ​​និយោជិត ត្រូវ​បាន​​រៀប​ចំ​ដោយ​​ក្រសួង​​ការ​ងារ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បញ្ហា​ប្រាក់​ឈ្នួល​កម្ម​ករ​និយោ​ជិត​ដែល​ក្លាយ​ជា​រឿង​​ចម្រូង​ចម្រាស​អស់​រយៈ​ពេល​ច្រើន​ខែ​មក​នោះ​ បាន​ធ្វើ​ឱ្យ​ក្រសួង​ការ​ងារ​​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​ បាន​ធ្វើ​សិក្ខា​សាលា​​ពិគ្រោះ​យោ​បល់​ត្រី​ភាគី​ពី​ការ​ពង្រឹង​ដំណើរ​ការ​នៃ​ការ​កែ​សម្រួល​ប្រាក់​ឈ្នួល​អប្ប​រ​មា​នៅ​កម្ពុជា​ជា​ថ្មី​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៤​ដល់​២៥​មេសា នៅ​សណ្ឋា​គារ​ភ្នំពេញ​ ។

រាជធានីភ្នំពេញ ៖ បញ្ហា​ប្រាក់​ឈ្នួល​កម្ម​ករ​និយោ​ជិត​ដែល​ក្លាយ​ជា​រឿង​​ចម្រូង​ចម្រាស​អស់​រយៈ​ពេល​ច្រើន​ខែ​មក​នោះ​ បាន​ធ្វើ​ឱ្យ​ក្រសួង​ការ​ងារ​​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​ បាន​ធ្វើ​សិក្ខា​សាលា​​ពិគ្រោះ​យោ​បល់​ត្រី​ភាគី​ពី​ការ​ពង្រឹង​ដំណើរ​ការ​នៃ​ការ​កែ​សម្រួល​ប្រាក់​ឈ្នួល​អប្ប​រ​មា​នៅ​កម្ពុជា​ជា​ថ្មី​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៤​ដល់​២៥​មេសា នៅ​សណ្ឋា​គារ​ភ្នំពេញ​ ។

លោក​ អិុត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មាន​ប្រសាសន៍​បើក​អង្គ​សិក្ខា​សាលា​នេះ​ថា ការ​​រៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោ​បល់​ត្រី​ភាគី​ថ្នាក់​ជាតិ​​ស្តី​ពី​ការ​ពង្រឹង​ដំណើរ​ការ​នៃ​ការ​កែ​សម្រួល​ប្រាក់​ឈ្នួល​អប្ប​បរមា​នៅ​កម្ពុជា​ក្នុង​គោល​បំនង​ដើម្បី​ ៖ ១-កំណត់​ប្រព័ន្ធ​គណនា​ប្រាក់​ឈ្នួល​អប្ប​បរមា​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ ។ ២-ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ហានិ​ភ័យ​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្ប​បរមា​ទាប​ពេក​ឬ​ខ្ពស់​ពេក​ និង​៣-ការ​កំណត់​​លក្ខណៈ​វិនិ​ច្ឆ័យ​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ដែល​អាច​ប្រើ​ប្រាស់​ជា​សារ​វ័ន្ត ។

លោក​រដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​ទាម​ទារ​របស់​សហ​ជីពដែល​ប្រកាន់​ជំហរ​ថា ទាម​ទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​អាមេ​រិក​ក្នុង​មួយ​ខែ​នោះ​​ ក្រសួង​ការ​ងារ​មិន​ទាន់​កំណត់​ថា យល់​ព្រម​យា៉ង​ណា​នោះ​ទេ គឺ​ត្រូវ​ពិភាក្សា​ក្នុង​យន្ត​ការ​ជា​ត្រី​ភាគី​ ថា​ភាគី​នី​មួយ​ៗ​អាច​មាន​លទ្ធ​ភាព​ដោះ​ស្រាយ​បាន​ចំនួន​ប៉ុន្មាន​ ដែល​សម​រម្យ​សម្រាប់​បង​ប្អូន​កម្ម​ករ​ក្នុង​ជីវ​ភាព​រស់​នៅ​ ។ លោក​ថា ទាំង​រដ្ឋា​ភិបាល​ និង​សហ​ជីព​ និង​ភាគី​ពាក់​ព័ន្ធ​សុទ្ធ​តែ​ចង់​បាន​ច្រើន​ ហេតុ​ដូច​នេះ​មាន​កត្តា​ជា​ច្រើន​សម្រាប់​យក​ម​ក​ពិភាក្សា​ក្នុង​សិក្ខា​សាលា​រយៈ​ពេល​២​ថ្ងៃ​នេះ​ ។ ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​កម្ម​ករ​និយោ​ជិត​ទាប​ឬ​ខ្ពស់​នោះ​ មាន​ហា​និ​ភ័យ​អ្វី​ខ្លះ ដូច្នេះ​​យើង​ត្រូវ​តែ​រក​ចំណុច​មួយ​ដែល​សម​ស្រប ។

លោក​បន្ត​ទៀត​ថា ទោះ​បី​ជា​កន្លង​មក​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​៤០​ដុល្លារ​រហូត​១០០​ដុល្លារ​ក្តី​ ក៏​នៅ​តែ​មាន​ការ​តវា៉​ពី​កម្ម​ករ​និយោ​ជិត​ ប៉ុន្តែ​ការ​តវា៉​នោះ​ស្ថិត​ក្នុង​គំនាប​នយោ​បាយ​មក​លាយ​ឡំ​ ។ ជា​រៀង​រាល់​ឆ្នាំ​ក្រសួង​ការ​ងារ​តែង​តែ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្ម​ករ​និយោ​ជិត​ចាប់​ពី​១០​ភាគ​រយ​ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៣​នេះ​ មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​រហូត​ដល់​២៥​​ភាគរយ​ នៅ​តែ​មិន​ទាន់​មាន​សុខ​ដុម​នីយ​កម្ម​ ។ លោក​​រដ្ឋ​មន្ត្រី​ចោទ​ថា បញ្ហា​នេះ​បាន​ភ្ជាប់​នឹង​នយោ​បាយ​របស់​គណ​បក្ស​ប្រឆាំង ។ លោក​ អិុត​ សំហេង បាន​បញ្ជាក់​ទៀត​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​តាម​ការ​ទាម​ទារ​របស់​កម្ម​ករ​និយោ​ជិត​នោះ​អាច​ដំឡើង​បាន​ឬ​មិន​បាន​ មិន​អាស្រ័យ​លើ​លោក​ទេ គឺ​អាស្រ័យ​លើ​ការ​ពិគ្រោះ​យោ​បល់​ត្រី​ភាគី​ ។ ត្រឹម​ខែ​ធ្នូ​ឆ្នាំ​២០១៣ វិស័យ​ឧស្សាហ​កម្ម​ផ្នែក​វាយ​ន​ភ័ណ្ឌ​​កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង​ បាន​កើន​ឡើង​ដល់​ចំនួន​៩៦០​រោង​ចក្រ​ និង​មាន​កម្ម​ករ​និយោ​ជិត​ប្រមាណ​៦២០​.០០០​នាក់​ ប្រាក់​ឈ្នួល​ជា​មធ្យម​ក្នុង​ខែ​ប្រមាណ​៧០​លាន​ដុល្លារ​ និង​ក្នុង​១​ឆ្នាំ​​​ ប្រមាណ​៨៧០​លាន​ដុល្លារ ។

តម្លៃ​នៃ​ការ​នាំ​ចេញ​​សរុប​មាន​ការ​កើន​ឡើង​​ជា​រៀង​រាល់​​ឆ្នាំ​​ ចាប់​ពី​ឆ្នាំ​២០០៨​ មាន​ចំនួន​ប្រមាណ​២.៨០០​លាន​ដុល្លារ​ រហូត​ដល់​ចំនួន​​ប្រមាណ​៤.៦០០​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៣​ (១១ខែ) ។
រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ បាន​និង​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​វិស័យ​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​​នូវ​លក្ខ​ខណ្ឌ​ការងារ​​ បង្កើន​ឱកាស​​ការងារ​​ បង្កើត​បរិយា​កាស​​ការងារ​​ ពង្រឹង​ភាព​សុខ​ដុម​រមនា​​​នៃ​ទំនាក់​ទំនង​វិជ្ជា​​ជីវៈ និង​ពង្រឹង​ការ​បណ្តុះ​បណ្តាល​​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​ឱ្យ​សម​ស្រប​តាម​តម្រូវ​ការ​ទី​ផ្សារ​ការងារ​ ដើម្បី​ចូល​រួម​ចំណែក​​ក្នុង​​ការ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ លើក​ស្ទួយ​ជីវ​ភាព​​ប្រជា​ពលរដ្ឋ​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​​ប្រកប​ដោយ​ចីរ​ភាព​​ ដូច​ដែល​​រំលេច​ឡើង​នៅ​ក្នុង​យុទ្ធ​សាស្ត្រ​ចត​ុកោណ​ដំណាក់​កាល​ទី​៣ ដើម្បី​កំណើន​​ការងារ​ សម​ធម៌​ និង​ប្រសិទ្ធ​ភាព​នៅ​កម្ពុជា​​ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​នៃ​រដ្ឋ​សភា​នីតិ​កាល​ទី៥ ។

​ផែន​ការ​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍ​វិស័យ​ការងារ​​​ និង​បណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈ​ឆ្នាំ​២០១៤​-២០១៨ ក្រសួង​ការងារ​ បាន​ដាក់​ចេញ​នូវ​ឧប​ករណ៍​គន្លឹះ​ដ៏​សំខាន់ ក្នុង​ការ​បន្ត​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ ដោយ​ផ្តោត​លើ​ការងារ​អាទិភាព​៥ រួម​មាន ៖ ទី១៖ បន្ត​លើក​កម្ពស់​​លក្ខ​ខណ្ឌ​​ការងារ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ពង្រឹង​ភាព​សុខ​ដុម​រមនា​នៃ​ទំនាក់​ទំនង​​វិជ្ជា​ជីវៈ​រវាង​កម្ម​ករ​​និយោជិត​​ និង​និយោជក​ កាត់​បន្ថយ​​វិវាទ​ការងារ​ កូដកម្ម​ បាតុកម្ម​ ពង្រឹង​ការ​អនុ​វត្ត​ច្បាប់​ បន្ត​​សិក្សា​លទ្ធ​ភាព​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរមា​ជូន​កម្ម​ករ​-​និយោ​ជិត បន្ត​​ពង្រឹង​​ប្រព័ន្ធ​អនាម័យ​ និង​សុវត្ថិ​ភាព​ការងារ​នៅ​កន្លែង​ធ្វើ​ការ​ បន្ត​ពង្រឹង​ និង​ពង្រីក​សេរី​ភាព​ និង​អង្គ​ការ​វិជ្ជា​ជីវៈ​​ និង​បន្ត​ការ​ទប់​ស្កាត់​​ការ​ប្រើ​ប្រាស់​​កម្លាំង​ពល​កម្ម​​កុមារ​​ក្នុង​វិស័យ​ឧស្សា​ហកម្ម​ ។

ទី២៖​ការ​អភិវឌ្ឍ​ការ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​ធ្វើ​ការ​សម្រប​សម្រួល​ឱ្យ​​ស៊ី​សង្វាក់​​គ្នា​រវាង​​វិស័យ​អប់​រំ​ និង​វិស័យ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ បន្ត​អភិវឌ្ឍ​ធន​ធាន​​មនុស្ស​លើ​ផ្នែក​បច្ចេក​ទេស​​តាម​រយៈ​ការ​​ហ្វឹក​ហ្វឺន​​កូន​ជាង​ធានា​និរន្តរភាព​​នៃ​ការ​អប់​រំ​បណ្តុះ​បណ្តាល​​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​ បង្កើន​បរិមាណ​ និង​គុណ​ភាព​​នៃ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទី​ផ្សារ​​ការងារ​ និង​ការ​ធ្វើ​សមា​ហរណ​កម្ម​អាស៊ាន​​ឆ្នាំ​២០១៥ ។ ទី​៣៖ ការ​អភិវឌ្ឍ​​សេវា​មុខ​របរ​​​​ និង​ការងារ​បន្ត​ផ្តល់​សេវា​រក​ការងារ​​ និង​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌​មាន​ទី​ផ្សារ​ការងារ​ បន្ត​បើក​ទូលាយ​​ទី​ផ្សារ​ការងារ​សម្រាប់​ពលករ​ខ្មែរ​​​ទៅក្រៅ​ប្រទេស និង​បង្កើន​កិច្ច​សហ​​ការ​ល្អ​​​ជាមួយ​ក្រុម​ហ៊ុន​​​ផ្តល់​សេវា​ការងារ​​ក្រៅ​ប្រទេស​ ពង្រឹងការ​ការពារ​សិទ្ធិ​​ពលករ​ខ្មែរ​ ដែល​ធ្វើ​ការ​នៅ​បរទេស​ និង​បង្កើន​ការ​គ្រប់​គ្រង​ពលករ​​បរទេស​​នៅ​កម្ពុជា ។

​ ទី​៤៖ ការ​អភិវឌ្ឍ​របប​សន្តិស​ុខ​​​សង្គម ដោយ​បន្ត​​ពង្រឹង​និង​​ពង្រីក​​ការ​អនុ​វត្ត​របប​ធានា រ៉ាប់​រង​​​ហានិភ័យ​​ការងារ​ ជំរុញ​ការ​រៀប​ចំ​ដាក់​ឱ្យ​ដំណើរ​ការ​​​របប​ធានា​រ៉ាប់​រង​សុខ​ភាព និង​រៀប​ចំ​ដាក់​ឱ្យ​ដំណើរ​ការ​​របប​ប្រាក់​សោធន ។ ទី​៥​-​ពង្រឹង​អភិបាល​កិច្ច​ល្អ​ បង្កើន​ប្រសិទ្ធ​ភាព​នៃ​សេវា​សាធារណៈ ពង្រីក​កិច្ច​សហប្រតិបត្ដិ​ការ​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍​ អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ជាពិសេស​ផ្នែក​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ។
ចាប់​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​បច្ចុប្បន្ន​ក្រសួង​ការ​ងារ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ និង​គណៈ​កម្មការប្រឹក្សា​ការងារ​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូនកម្មករ​និយោជិត​ផ្នែក​វាយ​ន​ភ័ណ្ឌ​កាត់ដេរ​ និង​ផលិត​ផល​ស្បែក​ជើង​បាន​ចំនួន​៩​លើក ពោលគឺ​ចាប់​ពី​៤០​ដុល្លារ​រហូត​ដល់​ចំនួន​១០០​ដុល្លារ​ ក្នុង​១ខែ​ បន្ថែម​លើ​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​មាន​ស្រាប់​ ហើយ​ទឹក​​ប្រាក់​បន្ថែម​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​កម្មករ​និយោជិត​គ្រប់ៗ​គ្នា​លើប្រាក់​ឈ្នួល​ដែល​កំពុង​ទទួលបាន​ ។​

តាម​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅអាស៊ី​ គឺ​មាន​ភាព​ខុស​គ្នា​ពី​មួយ​ទៅ​មួយ​អាស្រ័យ​​លើកម្រិត​សេដ្ឋកិច្ច​និង​ផល​ទុន​ជាតិ​ ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​ ជាក់ស្ដែង​ការ​ស្រាវជ្រាវ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួនដូច​ជា​ ប្រទេស​មីយ៉ាន់​ម៉ា​ចំនួន​៦០ដុល្លារ​​ ប្រទេស​បង់ក្លាដេស​ចំនួន​៦៨​ដុល្លារ​ ប្រទេស​ឡាវ​ចំនួន​៧៨ដុល្លារ​ ប្រទេស​វៀតណាម​ចំនួន​១១១ដុល្លារ​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ចំនួន​១៨៤​ដុល្លារ​ ប្រទេស​ចិន​ចំនួន២៣១ដុល្លារ​ ប្រទេស​ថៃ​ចំនួន​២៤៤​ដុល្លារ​ ប្រទេស​ហ្វ៊ីលីពីន​ចំនួន​២៧៤​ដុល្លារ​ និង​ប្រទេស​ម៉ាឡេស៊ី​ចំនួន​២៨១​ដុល្លារ​ ។ ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​កម្ពុជា​ផ្អែក​លើ​ថ្លៃដើម​ផលិត​ផល ថ្លៃកំណត់​ដោយ​អ្នកបញ្ជា​ទិញ​ ព្រម​ជា​មួយ​នោះ​ក៏​ត្រូវថ្លឹង​ថ្លែង​ដល់​ការ​ប្រកួត​ប្រជែង​ជា​មួយ​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ដើម្បី​ធានា​និរន្ដរភាព​របស់រោង​ចក្រ​ និង​ការងារ​ធ្វើ​របស់​កម្មករ​និយោជិត​ និង​ប្រជា​ពលរដ្ឋ​រាប់លាននាក់​ដែល​កំពុង​ទទួល​ផល​ពី​វិស័យ​នេះ​ ។

លោក​ អាត់ ធន់​ ប្រធាន​សហព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ និង​ជា​តំណាង​សហជីព​កម្ពុជា​មាន​ប្រសាសន៍​ថា​ តាម​ស្ថានភាព​សង្គម​បច្ចុប្បន្ន​ កម្មករនិយោជិត​អាច​ទទួល​បាន​ប្រាក់​ខែ​១៦០​ដុល្លារ​គឺ​ដូច​អ្វី​ដែល​តំណាង​សហជីព​បានពិភាក្សា​គ្នា​នោះ​ និង​មួយ​ទៀត​ អ្នក​ដែល​បញ្ជា​ទិញ​បាន​ឯកភាព​មួយ​  ចំនួន ។​ លោក​បញ្ជាក់​ថា​ ប្រសិន​បើ​ការ​ដាក់​កំណត់​ទាម​ទារ​១៦០​ដុល្លារ​មិន​បាននោះ យើង​អាច​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​នេះ​ ថា​តើ​យើង​អាច​កំណត់​យក​ប៉ុន្មាន​ និង​តំណាង​និយោជក​​អាចហា៊ន​ប៉ុន្មាន​ ។ សិក្ខា​សាលា​នេះ​គឺ​មាន​គោលបំណង​ឱ្យ​ភាគី​ទាំង​បី​កំណត់​ឱ្យ​បានច្បាស់​លាស់ពី​ប្រាក់​ឈ្នួលអប្បប​រ​មា​ ហើយ​ចាប់​ផ្ដើម​អនុវត្ដ​នៅ​ឆ្នាំក្រោយ​ទៅ​ និង​មួយ​ទៀត​គឺ​ការ​កំណត់​ប្រាក់ឈ្នួល​ដាច់​ខាត​ត្រូវ​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សង្គម​ និង​សេដ្ឋកិច្ច​ និង​មួយ​ទៀត​ត្រូវ​តែ​មាន​ការ​ចូល​តុ​ចរចា​គ្នា​ជា​មួយ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​ពី​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​ដោយ​គ្មាន​ការ​គំរាម​កំហែង​ បំភិត​បំភ័យ​…​ ។​

លោក​ អាត់​ ធន់ បន្ថែម​​ថា ដើ​ម្បី​​ចង់​​មាន​ការ​ចូល​រួម​ជជែក​គ្នា​រវាង​​ត្រី​ភាគី​ ដែល​ងាយ​ទទួល​​បាន​លទ្ធ​ផល​ផ្លែ​ផ្កា​នោះ មាន​តែ​បញ្ឈប់​​បញ្ហា​មួយ​ចំនួន​​ដែល​កំពុង​​កើត​មាន​​សេស​សល់​​ក្នុង​នោះ​ ពាក់​ព័ន្ធ​​នឹង​ការ​បាញ់​សម្លាប់​​ក​ម្ម​ករ​ ការ​ចាប់​ខ្លួន​​កម្ម​ករ​​ ដោយ​មិន​ទាន់​បាន​ដោះ​លែង​វិញ​ ​និង​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ដែល​មិន​ទាន់​​មា​ន​ការ​​​ឆ្លើយ​​តប ។ ​ក្នុង​ករណី​​ដែល​តួលេខ​១៦០​ដុល្លារ​ ដែល​យក​ទៅ​​ពិភាក្សា​ឱ្យ​បាន​ឆាប់​ ឬ​ដោះ​ស្រាយ​​បញ្ហា​នៅ​សេសសល់​​មួយ​ចំនួន​ឱ្យ​ចប់​​សព្វ​គ្រប់់​នោះ​ ​យើង​ជា​តំណាង​​សហ​ជីព​​ និង​ចូល​រួម​​ក្នុង​​តុ​ចរចា​​ពិភាក្សា​គ្នា​ពី​បញ្ហា​ប្រាក់​ឈ្នួល​​រយៈ​ពេល​វែង​ ។ ​ករណី​​ដែ​លជជែក​​ដោះ​ស្រាយ​​គ្នា​ឱ្យ​​បាន​ចប់​នោះ​ ធ្វើ​ឱ្យ​អ្នក​បញ្ជា​​ទិញ​​មាន​ទំនុក​ចិត្ត​​ក្នុង​​ការ​បញ្ជា​​ទិញ​​ផលិត​ផល​​ពី​កម្ពុជា​យើង​ ហើយ​​​ធ្វើ​កុំ​ឱ្យ​ដូច​សព្វថ្ងៃ​នេះ ពួ​ក​​គេ​មិន​ទាន់​មាន​ជំនឿ​​ និង​ហ៊ាន​​បញ្ជា​ទិ​ញ​​ទំនិញ​​ពី​កម្ពុជា​ ដែល​មាន​ទ្រង់​ទ្រាយ​​ធំ​ដូច​មុន​នោះ​ទេ ។ ​

យ៉ាង​ណា​ក្តី​ លោក​ អាត់​ ​ធន់​ ​បាន​បញ្ជាក់​​​បន្ថែម​ថា ក្នុង​ការ​​​ដាក់​តម្លៃ​ទាម​ទារ​១៦០​ដុល្លារ​នោះ មិន​មែន​​តួ​លេខ​​ដាច់​ខា​​ត​ទេ ​ព្រោះ​ថា​តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​ប្រឹក្សា​​ការ​ងារ​ថា​ កម្ម​ករ​​អាច​ទទួល​​បាន​ប្រាក់​ឈ្នួល​​ប្រមាណ​​១៥០​ ទៅ​​១៧០​ដុល្លារ​ ក្នុង​មួយ​ខែ​រួច​ទៅ​ហើយ​ ។ លោក​​ អាត់​ ​ធន់ បាន​ស្នើ​​​ឱ្យ​មាន​គណ​ៈ​​កម្ម​ការ​ប្រឹក្សា​​​ការ​ងារ​មួយ​ ដែល​អាច​​ផ្តល់​ប្រឹក្សា​​ការ​ងារ​​ដល់​រដ្ឋ​​មន្ត្រី​​ ក្នុង​ការ​​ដំឡើង​ប្រាក់​​ឈ្នួល​​កម្ម​ករ​​និយោ​ជិត​ឱ្យ​បាន​ត្រឹម​ត្រូវ​​ និង​មាន​សមត្ថ​​ភាព​​​ពេញ​លេញ​​ពី​គ្រប់​​ភាគី​ផង​ដែរ​ ​។ ​ចំពោះ​​លទ្ធ​ផល​​នៃ​សិក្ខា​សាលា​ ដែល​និយាយ​​ពី​ការ​ពង្រឹង​​ប្រាក់​ឈ្នួល​​អប្ប​​បរមា​​​កម្ម​​ករ​​និយោ​ជិត​មិន​ទាន់​​ដឹង​ពី​លទ្ធ​​ផល​យ៉ាង​ណា​​នោះ​ទេ ​ខណៈ​សិក្ខា​​សាលា​បន្ត​ធ្វើ​នៅ​ថ្ងៃ​នេះ​ទៀត​ ។ ​

ក្នុង​សិក្ខា​សាលា​​នេះ គេ​សង្កេត​ឃើញ​​មាន​ការ​ចូល​រួម​​ពី​តំណាង​សហជីព​​ ដែល​មាន​​ន​ិន្នា​ការ​គាំទ្រ​រដ្ឋា​ភិបាល និង​តំណាង​​សហ​ជីព​​មិន​គាំទ្រ​​រដ្ឋា​ភិ​បាល​ ​តំណាង​​អង្គ​​ការ​​ពល​​កម្ម​អន្តរ​ជាតិ​(ILO) ​និង​មន្ត្រី​ជំនាញ​​ជា​ច្រើន​រូប​​ និង​តំណាង​និយោជក​ និង​សមា​គម​​ជា​ច្រើន​ទៀត​ ៕