ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​កម្ពុជា​4​រូប​​ត្រៀម​ខ្លួន​​ផ្តួល​កីឡាករ​​ថៃ​នៅ BTV ​ថ្ងៃ​​ស្អែក​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​ថ្ងៃ​សៅរ៍​ ទី​២៦​ មេសា​ស្អែក​នេះ​ ព្រឹត្តិ​ការណ៍​ប្រដាល់​ជើង​ឯក​អាស៊ាន​ដែល​រៀបចំ​ឡើង​ដោយ​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ និង​សហ​ព័ន្ធ​កីឡាប្រដាល់​ថៃ​ នឹង​បើក​ដំណើរ​ការ​ទៀត​ហើយ​ ដោយ​ព្រឹត្តិ​ការណ៍​នេះ​​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរ​ទស្សន៍​ BTV NEWS ពី​រោង​សៀក​មុខ​រដ្ឋ​សភា ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​ថ្ងៃ​សៅរ៍​ ទី​២៦​ មេសា​ស្អែក​នេះ​ ព្រឹត្តិ​ការណ៍​ប្រដាល់​ជើង​ឯក​អាស៊ាន​ដែល​រៀបចំ​ឡើង​ដោយ​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ និង​សហ​ព័ន្ធ​កីឡាប្រដាល់​ថៃ​ នឹង​បើក​ដំណើរ​ការ​ទៀត​ហើយ​ ដោយ​ព្រឹត្តិ​ការណ៍​នេះ​​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរ​ទស្សន៍​ BTV NEWS ពី​រោង​សៀក​មុខ​រដ្ឋ​សភា ។​ កីឡាករ​កម្ពុជា​ចំនួន​៤​រូប​​​បាន​អះ​អាង​រួច​ហើយ​ មុន​នឹង​ប៉ះ​ជាមួយ​កីឡា​ករ​បរ​ទេស​នា​បុ៉ន្មាន​ម៉ោង​ទៀត​នេះ​ថា ពួក​គេ​នឹង​ផ្តួល​​កីឡាករ​ថៃ​ឱ្យ​ខាង​តែ​បាន។​

កីឡាករ​ឌុន រដ្ឋា​ មក​ពី​ក្លិប​អេភូ​ថង​កីឡា​ បាន​បញ្ជាក់​ប្រាប់​ថា​​ រូបគេ​បាន​ត្រៀម​យុទ្ធ​សាស្ត្រ​ និង​ក្បាច់​គុន​តាំង​ពី​មួយ​អាទិត្យ​ម៉្លេះ​ បន្ទាប់​ពីបាន​ដឹង​ថា​ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Lampard Sor Kamsing ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូ​ក្រាម ។​ តាម​ការ​អះ​អាង​ថា​ កីឡាករ​ថៃ​ Lampard Sor Kamsing គឺ​ជា​ជើង​ខ្លាំង​​នៅ​ស្រុក​ថៃ​ ដែល​មាន​ប្រវត្តិ​ប្រកួត​១៤០​ដង​ ឈ្នះ​១០០​ដង​ និង​ចាញ់​៤០​ដង ។​ បុ៉ន្តែ​កីឡាករ​ឌុន រដ្ឋា​ បែរ​ជា​ប្រាប់​ថា​ មិន​ញញើត​​ បើ​ទោះ​ជា​គេ​ទើប​ប្រកួត​បាន​៦៨​ដង​ ឈ្នះ​៤១​ដង​ ចាញ់​២១​ដង​ ​និង​ស្មើ​៦​ដង​នោះ​ទៅ​វិញ ។​ ក្រុម​អ្នក​ព្យា​ករណ៍​បញ្ជាក់​ថា​ ដ្បិត​ថា​កីឡាករ​ទាំងពីរ​មាន​បទ​ពិសោធន៍​ប្រកួត​ខុសគ្នា​ តែគេ​មិន​អាច​ដឹង​បាន​នៅ​ឡើយ​ទេ​ថា​ ភាគី​ថៃ​ដែល​ប្រឡូក​ការ​ប្រកួត​ច្រើន​ជាង​នឹង​ឈ្នះ​ ឬ​កីឡា​ករ​កម្ពុជា​ដែល​បាន​ប្រកាស​ថា​ មិន​ខ្លាច​នឹង​ឈ្នះ ។​ យ៉ាងណា​ក៏​ដោយ​ កីឡា​ករ​កម្ពុជា​ ឌុន រដ្ឋា​ ក៏ត្រូវ​​គេ​រិះគន់​ពាក់​ព័ន្ធ​នឹង​រឿង​វាយ​ចេញ​យឺត​ស្ពឹកៗ​ដែល​ពិបាក​​ជឿ​ថា​ នឹង​ឈ្នះ​សម្រាប់​រសៀល​ស្អែក​នោះ​ផង​​ដែរ ។​

កីឡាករ​ឡេះ​ តើក​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ ក៏បាន​បញ្ជាក់​ដូច​គ្នា​ដែរ​ថា​ មានសង្ឃឹម​សម្រាប់​ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​មួយ​នេះ ។​ យោង​តាម​បទ​ពិសោធន៍​ប្រកួត​១២៨​ដង​ ឈ្នះ​៧៥​ដង ចាញ់​៤៩​ដង​ និង​ស្មើ​៤​ដង​នោះ​ កីឡាករ​រូប​នេះ​ហាក់​មាន​ជំនឿ​ចិត្ត​ខ្លាំង​ ពិសេស​នៅ​ពេលដឹង​ថា កីឡាករ​ថៃ Paiton Sorkimsing ដែល​គេ​ប៉ះ​ជា​មួយ​មាន​ប្រវត្តិ​​ប្រកួតបាន​តែ​៩២​ដង​ ឈ្នះ​៧០​ដង​ និង​ចាញ់​២២​ដង តិច​ជាង​ខ្លួន ។​ ពួកគេទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាម​ ។ យោង​តាម​ការ​ព្យាករ​​ គេ​មិន​ទាន់​ជឿ​តាម​ការ​តាំងចិត្ត​របស់​កីឡា​ករ​​ឡេះ​ តើក​ នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​នេះ​គឺ​ជា​​ការ​ឡើងឆាក​អន្តរ​ជាតិ​លើក​ទី​​១​ ដែល​កីឡា​ករ​រូប​នេះ​ទើប​នឹង​មាន​មុខ​ប៉ះ​ជា​មួយ​កីឡា​ករ​បរទេស​ ។ យ៉ាងណា​ក៏​ដោយ​ កីឡា​ករ​ឡេះ​ តើក​ ក៏​មាន​ចំណុច​ពិសេស​ត្រង់​ជំនាញ​ទាត់​ ​និង​គិត​តែ​វាយចេញ​មិន​សូវ​ទំនេរ​​ដៃ​ដែរ​ ដែល​ពិបាក​ឱ្យ​គូ​ប្រកួត​របស់​គេ​ទប់​ជាប់​នោះ​​ផង​ដែរ ។​

កីឡាករ​ហុឹម​ ​សារ៉ាន់​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ក៏​បង្ហាញ​ឆន្ទៈ​ក្នុង​​ការ​ផ្តួល​គូ​ប្រកួត​នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​ផង​ដែរ​ បើ​ទោះ​ជា​ដឹង​ថា​ កីឡាករ​ថៃ Yokpet  Petkasam ដែល​ប៉ះ​ជា​មួយគេ​ គឺ​ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូ​ក្រាម ។ កីឡាករ​កម្ពុជា​រូប​នេះ​ប្រាប់​ថា​ គេ​ធ្លាប់​ប៉ះ​ថៃ​៥​នាក់​មក​ហើយ​ ហើយ​ដ្បិត​ថា​មាន​សំណាង​បាន​ឈ្នះ​តែ​២​នាក់ ក៏​ការ​ប្រកួតសម្រាប់​ថ្ងៃ​សៅរ៍​ស្អែក​នៅតែ​មាន​ជំនឿ​ចិត្ត​ច្រើន​ ដោយសារតែ​សំអាង​ថា​ ខ្លួន​ហ្វឹក​ហាត់​បាន​ច្រើន​តាំង​ពីអំឡុង​ចូលឆ្នាំ​ខ្មែរ ។​ កីឡា​ករ​ថៃ​ Yokpet Petkasam មិន​ដែល​មក​ភ្នំ​ពេញ​ទេ​ ហើយ​ធ្លាប់​ប្រកួត​បាន​៨៥​​ដង​ ឈ្នះ​៧៥​ដង​ និងចាញ់​១០​ដង​ ដែល​តួ​លេខ​នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​ ហុឹម សារ៉ាន់​ ដែរ ដែល​ប្រកួត​បាន​៨៩​ដង​ ឈ្នះ​៦២​ដង​ ចាញ់​២២​ដង​ និង​ស្មើ​៥​ដង។ អុីចឹង​ហើយ​ទើប​គេ​ពិបាក​ថា តើ​រវាង​​អ្នក​តាំងចិត្ត​ និងអ្នកដែល​ទើប​ចំណូល​ថ្មី​នោះ​ តើ​អ្នក​ណា​នឹង​ខ្លាំង​ជាង​សម្រាប់​ថ្ងៃ​ស្អែក ?​

ចំពោះ​កីឡាករ​កម្ពុជា​ចុង​ក្រោយ​ គឺ​កែវ រំចង់​ មក​ពី​ក្លិប​កង​ពល​តូច​អន្តរាគមន៍​លេខ​៨​ ភ្នំ​ទ្រព្យ​ ក៏​បាន​បញ្ជាក់​ដូចគ្នា​ដែរ​ថា​ នឹង​មិន​អាច​ចាញ់​សម្រាប់​ការ​ប្រកួត​លើ​រេញ​អន្តរ​ជាតិ​របស់​ស្ថានីយ​ទូរ​ទស្សន៍​ BTV នោះ​ដូចគ្នា ។​ ទោះ​ជា​ដឹង​ថា​ កីឡា​ករ​ថៃ Kamlaphet Sornsamnak ធ្លាប់​ផ្តួល​កីឡា​ករ​ឯម វុត្ថា​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ៍​សែន​ជ័យ ឱ្យ​បោះ​បង់​ការ​ប្រកួត​នៅ​ក្នុង​ទឹកទី​១​ កាល​ពី​ថ្ងៃ​ទី​១២​ មេសា មុន​ចូល​ឆ្នាំ​ខ្មែរ​​ ក៏​កីឡា​ករ​កែវ រំចង់ បាន​បង្ហាញ​ការ​តាំងចិត្ត​ថា គឺ​មិន​អាច​ចាញ់ ឬ​មាន​វាសនា​ដូច​គ្នា​នឹង​កីឡាករ​ឯម វុត្ថា​ ឡើយ ។​ Kamlaphet Sornsamnak ធ្លាប់​ប្រកួត​បាន​១០៥ដង​ ឈ្នះ​៨៣​ដង​ ចាញ់​២០​ដង​ និង​ស្មើ​២​ដង​ ខណៈ​ដែល​តួលេខ​នេះ​ គឺ​តិច​ជាង​ កែវ រំចង់​ នោះ​ទេ​ ទើប​ធ្វើ​ឱ្យ​ កែវ រំចង់​ មាន​ជំនឿ​ថា​ឈ្នះ​ ។​

ចាំ​មើល តើ​ការ​ប្រកួត​ជាក់​ស្តែង​ដែល​នឹង​ចាប់​ផ្តើម​នៅវេលា​ម៉ោង​១​រសៀល​ដល់​ម៉ោង​៣​រសៀល​ស្អែក​ តើ​កីឡាករ​​កម្ពុជា​រូប​ណា​ខ្លះ​នឹង​ទទួល​ជោគ​ជ័យ​ ?​