ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មានជម្លោះដីធ្លី​ជិះគោ​យន្តមក​សាលា​ខេត្ត

10 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ប្រជា​ពលរដ្ឋ​​ប្រមាណ​១៣០​នាក់​​ មក​ពី​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន​​​ ដែល​កើត​មាន​ជម្លោះ​​ដី​ធ្លី​​​ដ៏​រុាំរ៉ៃ​ ជាមួយ​អង្គ​ភាព​​យោធា​កង​ពល​តូច​អន្តរា​គមន៍​លេខ​៥ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ មេសា ​បាន​នាំ​គ្នា​​ជិះ​គោយន្ត​កន្ត្រៃ​ចំនួន​១០​គ្រឿង​ បើក​សំដៅ​មក​កាន់​សាលា​ខេត្ត​សៀម​រាប​ ដើម្បី​​បង្ខំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​ដោះ​ស្រាយ​ប្រគល់​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ពួក​គាត់​នៅ​គ្រា​រដូវ​បង្ក​បង្កើន​ផល​កាន់​តែ​ខិត​ជិត​​មក​ដល់​នោះ ។

ខេត្ត​សៀម​រាប​ ៖ ប្រជា​ពលរដ្ឋ​​ប្រមាណ​១៣០​នាក់​​ មក​ពី​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន​​​ ដែល​កើត​មាន​ជម្លោះ​​ដី​ធ្លី​​​ដ៏​រុាំរ៉ៃ​ ជាមួយ​អង្គ​ភាព​​យោធា​កង​ពល​តូច​អន្តរា​គមន៍​លេខ​៥ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ មេសា ​បាន​នាំ​គ្នា​​ជិះ​គោយន្ត​កន្ត្រៃ​ចំនួន​១០​គ្រឿង​ បើក​សំដៅ​មក​កាន់​សាលា​ខេត្ត​សៀម​រាប​ ដើម្បី​​បង្ខំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​ដោះ​ស្រាយ​ប្រគល់​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ពួក​គាត់​នៅ​គ្រា​រដូវ​បង្ក​បង្កើន​ផល​កាន់​តែ​ខិត​ជិត​​មក​ដល់​នោះ ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការ​លើក​គ្នា​​មក​កាន់​សាលា​ខេត្ត​នេះ មិន​បាន​ដល់​គោល​ដៅ​ដូច​បំណង​ទេ​ ដោយ​សារ​អាជ្ញាធរ​បានប្រឹង​ប្រែង​រាំង​ខ្ទប់​ដំណើរ​របស់​ពួក​គាត់​​ជា​ច្រើន​កន្លែង មុន​នឹង​បញ្ជូន​​លោក​អភិបាល​រង​ខេត្ត​​​មួួ​យ​រូប​​មក​ជួប​ចរចា​​គ្នា​នៅ​ពាក់​កណ្តាល​ផ្លូវ​​​ (រង្វង់​មូល​ស្រុក​បន្ទាយ​ស្រី​) ជាមួយ​នឹង​ការ​សន្យា​ថា​នឹង​​​ចុះ​អន្តរាគមន៍​ពិនិត្យ​ដល់​ទីតាំង​ទំនាស់​នៅ​ព្រឹក​ស្អែក​ (២៤ មេសា) ។​ អភិបាល​រង​ខេត្ត​ និង​ជាអ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀម​រាប​ លោក​ប៊ុន​ ថាឫទ្ធិ​ ដែល​បាន​ចុះ​​ទៅ​អន្តរាគមន៍​សម្រប​សម្រួល​ជាមួយ​ក្រុម​អ្ន​ក​តវ៉ា​បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​​ទី​២៣ មេសា នោះ​ថា ក្បួន​តវ៉ា​របស់​អ្នក​ភូមិ​ត្រូវ​បាន​បញ្ឈប់​នៅ​ពាក់​កណ្តាល​ផ្លូវ​​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​​នោះ​ បន្ទាប់​ពី​តំណាង​អង្គភាពកង​ពល​តូច​លេខ​៥​ ដែល​មាន​ទំនាស់​ជាមួយ​ពួក​គាត់​ បាន​យល់​ព្រម​ចុះ​ហត្ថ​លេខា​ប្រគល់​ដី​ជូន​ពួក​គាត់​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរខេត្ត​ ។​

លោក​បញ្ជាក់​ថា​ ដើម្បី​បញ្ឈប់​ដំណើរ​ឆ្ពោះ​មក​កាន់​សាលា​ខេត្ត​នោះ​ដែរ លោក​ក៏​សន្យា​ជា​មួយ​ពួកគាត់​ (អ្នក​ភូមិ)​ ថា ថ្ងៃស្អែក​ (២៤ មេសា) ក្រុម​ការងារ​វាស់​វែង​ដី​ធ្លី​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ទំនាស់​ដើម្បី​សិក្សា​ និង​ពង្រីក​ផែន​ទី​ដី​ទៅ​តាម​ការកាន់​កាប់​ជាក់ស្តែង​របស់​ប្រជា​ពល​រដ្ឋ​ឱ្យ​មាន​លទ​្ធ​ភាព​ផ្តល់​កម្មសិទ្ធិ​ជូន​ឱ្យបាន​ឆាប់​ ។​ តំណាង​អ្នក​ភូមិ​មួយ​រូប គឺ​លោក​ភុង​ សុរីយា​ អាយុ​៤៣ឆ្នាំ​ អះ​អាង​តាម​ទូរស័ព្ទថា​ ការ​សម្រេច​ចិត្ត​លើក​គ្នា​មក​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​នេះ​ ដោយសារតែ​មិ​នអាច​រង់​ចាំ​​ដំណោះ​ស្រាយ​បាន​ ខណៈ​រដូវ​បង្ក​បង្កើន​ផល​កាន់​តែ​ខិត​ជិត​​មក​ដល់​ ជាមួយ​នឹង​ការ​ញាំញី​កាន់​តែ​ខ្លាំង​ពី​សំណាក់​កម្លាំង​យោធា​កង​ពល​លេខ​៥​ ទៅ​លើ​ផ្ទះ​ និង​ផល​ដំណាំ​របស់​ប្រជា​ពល​រដ្ឋ​ ។​ តំណាង​អ្នក​ភូមិ​រូប​នោះ​បាន​បញ្ជាក់​ថា​ ប្រជា​ពល​រដ្ឋ​ដែល​លើក​គ្នា​​មក​តវ៉ា​នេះ​មាន​ចំនួន​ប្រមាណ​១៣០នាក់​ សុទ្ធ​សឹង​តែ​ជា​អ្នក​រង​គ្រោះ​​ដោយ​សារ​ការ​រំលោភ​បំពាន​ដី​ធ្លី​ពី​សំណាក់​កម្លាំង​យោធា​កង​ពល​លេខ​៥​ ចាប់​តាំង​ពី​ឆ្នាំ​២០១២​ រហូត​មក​ ។​

លោក​បាន​បន្ថែម​ថា​ ដី​ទំនាស់​នោះ​មាន​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា​ គឺ​មួយ​​នៅ​ម្តុំ​វាល​សង្កែ​ធំ​ ទំហំ​៣២១​ហិកតា​ ដោយ​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​៩៥​គ្រួសារ​ និង​មួយ​កន្លែង​ទៀត​នៅ​អូរ​ដៃ​អាវ​ ទំហំ​៣៥០​ហិកតា​ មាន​ប្រជា​ពល​រដ្ឋ​ចំនួន​១៣០​គ្រួសារ​ ។​ ទីតាំង​ទំនាស់​ទាំង​ពីរ​​កន្លែង​នោះ​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​ស្រែណូយ​ ស្រុក​វ៉ារិន​ ។​ ទីតាំង​ទំនាស់​នោះ​ ត្រូវ​បាន​​ពួក​គាត់​ចូល​កាន់​កាប់​អាស្រ័យ​ផល​តាំង​ពី​អំឡុង​ឆ្នាំ​២០០៥​ មក​ម៉្លេះ​ ដោយ​ពុំ​មាន​អ្នក​ណា​មក​ហាម​ឃាត់​ទេ​ ទើប​តែ​​នៅ​ឆ្នាំ​២០១២​ ស្រាប់​តែ​មាន​កម្លាំង​យោធា​អង្គ​ភាព​កង​ពល​តូច​​ចំណុះ​កង​ពល​ធំ​អន្តរា​គមន៍​លេខ​២​ ​មក​រា​រាំង​ថា​ ដី​នោះ​ជា​ដី​អភិវឌ្ឍន៍​របស់​កង​ទ័ព​ទៅ​វិញ​ ហើយ​ចាប់​​តាំង​ពី​ពេល​នោះ​មក​ ក៏​មាន​ការ​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា ។​

តំណាង​អ្នក​ភូមិ​បាន​បន្ត​ថា ចាប់​តាំង​ពី​កើត​មាន​ទំនាស់​ជាមួយ​អង្គ​ភាព​យោ​ធា​​មក​ ប្រជា​ពល​រដ្ឋ​បាន​ធ្វើ​ការ​តវា៉​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ ដោយ​បាន​ដាក់​ពាក្យ​បណ្តឹង​តាម​លំដាប់​លំដោយ​ចាប់​​ពី​ថ្នាក់​ខេត្ត​រហូត​ថ្នាក់​ខុទ្ទ​កា​​​ល័យ​នាយក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​។ លោក​ ​នូ​ ពុទ្ធិ ប្រធាន​អង្គ​ការ​លី​​កាដូ ប្រចាំ​ខេត្ត​សៀម​រាប​ ដែល​បាន​ចុះ​ទៅ​តាម​ដាន​សកម្ម​ភាព​តវា៉​នោះ​​ថ្លែង​ថា នៅ​ក្នុង​សកម្ម​ភាព​លើក​គ្នា​មក​តវា៉​នោះ​​ឃើញ​ថា ពុំ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​រវាង​មន្ត្រី​កង​កម្លាំង​អាជ្ញា​ធរ​ខេត្ត​ ជាមួយ​ក្រុម​អ្នក​ភូមិ​ទេ បើ​ទោះ​ជា​ឃើញ​មាន​កង​កម្លាំង​ស្ថិត​ក្នុង​ឯក​សណ្ឋាន​ប៉ូលិស​ និង​កង​រាជ​អាវុធ​ហត្ថ​​ជា​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្ទាក់​ក្បួន​គោ​យន្ត​អ្នក​ភូមិ​ជា​ច្រើន​កន្លែង​ក្តី​ ។

លោក​បាន​បន្ថែម​ថា ទំនាស់​ដី​ធ្លី​រវាង​ក្រុម​អ្នក​ភូមិ​ជាមួយ​អង្គ​ភាព​យោ​ធា​ខាង​លើ​បាន​ផ្ទុះ​ឡើង​យា៉ង​ស្រួច​ស្រា​ល់​ក្នុង​អំឡុង​ឆ្នាំ​២០១២ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក​ ប្រជា​ពល​រដ្ឋ​បាន​លើក​​គ្នា​មក​តវា៉​ជា​ច្រើន​​លើក​រួច​មក​ហើយ ប៉ុន្តែ​ទំនង​ជា​អាជ្ញា​ធរ​មាន​ការ​រវល់​ពេក​ ទើប​ការ​ដោះ​ស្រាយ​ត្រូវ​បាន​អូស​បន្លាយ​ពេល ។ មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​បន្ថែម​ពី​ភាគី​កង​ពល​​តូច​លេខ​៥​បាន​ទេ នា​រសៀល​ថ្ងៃ​ដដែល​​នោះ​ ៕ ​