ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដូរ​ផ្ដាច់​​រក​យុត្ដិ​ធម៌ អ្នក​ភូមិ​​នាំ​គ្នា​​ដេក​ព័​ទ្ធ​តុលា​ការ​ប្រឆាំង​​ការ​ដោះលែង​ក្មេង​​ទំនើង​៣​​នាក់

9 ឆ្នាំ មុន

ខេត្ដកំពង់​ឆ្នាំង​ ៖ ប្រជា​ពលរដ្ឋ​ដែល​បាន​មក​តវ៉ា​ដល់​សាលា​ដំបូង​ខេត្ដ​​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​២២​ មេសា​ បាន​ក្រាញ​ននៀល​មិន​ដក​ថយ​ត្រឡប់​ទៅលំនៅ​ឋាន​វិញ​ទេ​ ដោយ​បាន​ដេក​យាម​ជន​សង្ស័យចំនួន​៣នាក់​ នៅក្នុង​​បរិ​វេណ​សាលា​ដំបូង​ខេត្ដ​ មួយ​យប់​ទល់ភ្លឺ​ (យប់​ថ្ងៃ​ទី​២២ មេសា​) ​។ ពួក​គាត់​និយាយ​ថា​ បើ​ជន​សង្ស័យ​​ទាំង​៣​នាក់​ដែល​បាន​បង្ក​ហិ.ង្សា​ដោយ​ចេតនា​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ​ ពួកគាត់​នៅ​តែ​សំណូម​ពរ​ដល់​សាលា​ដំបូង​កុំដោះ​លែង​ជន​ទាំង​៣នាក់នេះ​ឱ្យ​សោះ​

ខេត្ដកំពង់​ឆ្នាំង​ ៖ ប្រជា​ពលរដ្ឋ​ដែល​បាន​មក​តវ៉ា​ដល់​សាលា​ដំបូង​ខេត្ដ​​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​២២​ មេសា​ បាន​ក្រាញ​ននៀល​មិន​ដក​ថយ​ត្រឡប់​ទៅលំនៅ​ឋាន​វិញ​ទេ​ ដោយ​បាន​ដេក​យាម​ជន​សង្ស័យចំនួន​៣នាក់​ នៅក្នុង​​បរិ​វេណ​សាលា​ដំបូង​ខេត្ដ​ មួយ​យប់​ទល់ភ្លឺ​ (យប់​ថ្ងៃ​ទី​២២ មេសា​) ​។ ពួក​គាត់​និយាយ​ថា​ បើ​ជន​សង្ស័យ​​ទាំង​៣​នាក់​ដែល​បាន​បង្ក​ហិង្សា​ដោយ​ចេតនា​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ​ ពួកគាត់​នៅ​តែ​សំណូម​ពរ​ដល់​សាលា​ដំបូង​កុំដោះ​លែង​ជន​ទាំង​៣នាក់នេះ​ឱ្យ​សោះ​ បើ​ទោះ​បី​យប់​មិញ​​ (ថ្ងៃ​ទី​២២​ មេសា​) ពួក​គាត់​បាន​ទទួលលិខិត​ដាក់​ឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​របស់​លោក​ស្រី​ចៅ​ក្រម​ក្ដី​ ។

ប្រជា​ពលរដ្ឋ​ដែល​បាន​លើក​គ្នា​មក​តវ៉ា​មាន​ជាង​៥០​នាក់​មក​ពី​ភូមិ​ចំនួន​២​ គឺ​ភូមិ​ជីប្រង​ និង​ភូមិ​ឆក​កណ្ដោល​ ឃុំ​ជៀប​ ស្រុក​ទឹក​ផុស​ ។ ពួក​គាត់​មក​នេះ​គឺ​សំណូម​ពរ​កុំ​ឱ្យ​សាលា​ដំបូង​ខេត្ដ​ដោះ​លែង​ជន​ទាំង​៣​នាក់​ដែល​មាន​ ១-​ឈ្មោះ សុង​ តារា​ ២-​ ឈ្មោះ​ ជន​ ឆៃយ៉ា​ និង​៣-​ឈ្មោះ​ ម៉ៅ ជ្រឹង​ ។ ពួក​គេ​ទាំង​៣នាក់​នេះ​បាន​កាប់​ជន​រង​គ្រោះ​២​នាក់​ឱ្យ​រង​របួស​ធ្ងន់​គឺ​​ឈ្មោះ​ ភឺន​ ស៊ីណេត និង​​​ឈ្មោះ មុំ​ សារីម​ កាល​ពី​យប់​ថ្ងៃ​ទី​១៨​ មេសា​ ក្នុង​ពេល​រាំ​ធុង​បាស់​ជាន់ជើង​គ្នា​នៅ​ក្នុង​វត្ដ​ដំរី​ស​ ក្នុង​ឱកាស​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​ ហើយ​ត្រូវ​បាន​ប្រជា​ការពារ​សហការ​ជា​មួយ​មន្ដ្រី​នគរ​បាល​មូល​ដ្ឋាន​ចាប់​ខ្លួន​បាន​ ។

លោក យក់​ ច័ន្ទ​បូរិន​ មេ​ភូមិ​ឆកកណ្ដោល​ដែល​ដឹក​នាំ​ប្រជា​ពលរដ្ឋ​មក​តវ៉ា​បាន​ឱ្យ​ដឹង​ថា​ ជន​ទាំង​៣​នាក់​គឺ​ប្រជា​ការពារ​ភូមិ​ជា​អ្នក​ចាប់​ផ្ទាល់ដៃ​ ក្រោយ​ពី​​ពួក​គេ​កាប់​ជន​រង​គ្រោះ​២នាក់​ឱ្យ​របួស​ធ្ងន់​រួច​មក​ ។​ ពេល​នេះ​ ជន​រង​គ្រោះ​ម្នាក់​​កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិន​ដឹង​ថា​ស្លាប់​ ឬ​រស់​ផង​ ហេតុ​អី្វ​ក៏​ដោះ​លែង​ជនជាប់ចោទ​ទាំង​៣នាក់​ទៅ​វិញ​ តើយុត្ដិធម៌​នៅ​ឯណា​ ?​ បើ​ប្រជា​ការពារ​ភូមិ​ប្រឹងប្រែង​ការពារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ជូនប្រជា​ពលរដ្ឋ​ចាប់​ជន​ល្មើស​បាន​រួច​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ដ​ បែរ​ជា​ដោះលែង​វិញ​ តើ​បង្កើត​ប្រជា​ការពារ​មក​ធ្វើ​អ្វី​ ?​ បើនិយាយ​ពី​សម្ភារ​ដែល​ជា​អាវុធ​វិញ​មាន​ ដាវ​សាមូរ៉ៃ​ម៉ូដ​ថ្មីៗ​មក​ពី​ប្រទេស​ថៃ​ មាន​កាំបិត​ ដំបង​ កណ្ដៀវ​ កណ្ដៀវ​មុខ​ពីរ​មក​ពី​ប្រទេស​ថៃ​ ដែល​ប្រជា​ការពារ​ដក​ហូត​បាន​យ៉ាង​ច្រើន​​តាំង​ពី​បង្កើត​ប្រជា​ការពារ​មក​ ។​

រឿង​នេះ​ ប្រជា​ពលរដ្ឋ​សំណូម​ពរ​ដល់លោក​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្ដិធម៌​ និង​ប្រធាន​ឧត្តម​​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ មេត្ដា​ជួយ​អន្ដរាគមន៍​ ផ្ដល់​យុត្ដិធម៌​ដល់ប្រជា​ពលរដ្ឋ​ជា​ជន​រង​គ្រោះ​​ផង ព្រោះ​ពួក​គាត់​ដឹង​ច្បាស់​ណាស់​នូវ​ប្រវត្ដិ​ជន​ដៃ​ដល់​ទាំង​៣​នាក់​នេះ​​ ដែល​ទៅធ្វើ​ការ​​តែ​នៅ​ប្រទេស​ថៃ​ទេ​ លុះ​​ពេល​​ចូល​មក​ភូមិ​ម្ដងៗ​តែង​មាន​​រឿង​កាប់​ចាក់​គ្នា​រាល់​លើក​​ ។ លោក ពេញ​ វិបុល​ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ដ​ ឱ្យ​ដឹង​ថា​ ជន​ទាំង​៣នាក់​ត្រូវ​ចោទ​ប្រកាន់ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស​ តាម​មាត្រា​២១៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​តាម​បញ្ញត្ដិច្បាប់​ពួកគេ​អាច​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ​ ។​​​ សំណុំរឿង​នេះ​បាន​បញ្ជូន​ទៅ​លោកស្រី​ គឹម​ លុយ​ ចៅក្រម​ស៊ើប​សួរ​ដើម្បី​កសាង​សំណុំរឿង​បន្ដ​តាម​នីតិវិធី​ ហើយ​ការ​សម្រេច​យ៉ាង​ណាៗ​នោះវា​ជា​ឆន្ទានុសិទ្ធិ​របស់​លោក​ស្រី​ចៅ​ក្រម​ស៊ើបសួរ​ ។​

លោក​ស្រី​ គឹម​ លុយ​ ចៅក្រម​ស៊ើប​សួរ​ក្នុង​​សំណុំ​រឿង​នេះ​ មិនអាច​សុំការ​បំភ្លឺបានទេ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣​ មេសា​ តែ​លោក​ស្រី​បាន​ចេញ​ដីកា​ដោះលែង​ឱ្យ​ជន​ទាំង​៣​នាក់​នេះ​នៅក្រៅ​ឃុំ​ ដោយ​ដាក់​ឱ្យ​ជាប់​កាតព្វកិច្ច​ត្រួត​​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ ហើយ​ពួក​គេ​បាន​លិខិត​នេះ​កាន់​ក្នុង​ដៃ​ម្នាក់មួយៗ​ ។​ ទោះបីជា​បែប​នេះ​ក្ដី​ ព្រះ​រាជ​អាជ្ញា​បាន​បដិសេធ​ក្នុងលិខិត​នោះ​ផង​ដែរ។ ទោះជា​បែប​នេះ​ក្តី​ ប្រជា​ពលរដ្ឋ​មិន​សុខ​ចិត្ដ​ និង​​បាន​យាម​មិន​ឱ្យ​ជន​ទាំង​៣នាក់នេះ​ចេញ​ពី​សាលា​ដំបូង​ទេ ហើយ​រហូត​ទល់ភ្លឺ​ថ្ងៃ​ទី​២៣​ មេសា​ ក៏​ជន​ទាំង​៣​នាក់​នោះមិនហ៊ាន​ចេញ​ដែរ​ ព្រោះ​ខ្លាច​មាន​បញ្ហា​កើត​ឡើង​ ។ ចំណែកមន្ដ្រី​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​នៅ​យាម​ការពារ​ខ្លាចក្រែង​មាន​អំពើ​ហិង្សា​កើត​ឡើង​ ។​ ប្រជា​ពលរដ្ឋ​ ក្រោយ​ពី​ដឹង​ថា​លោក​ស្រី​ចៅ​ក្រម​បាន​​ចេញ​លិខិត​ដោះ​លែង​ជន​ជាប់ចោទ​ឱ្យ​នៅ​ក្រៅ​ឃុំមក​ ពួក​គាត់​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ និង​បាន​នាំ​គ្នា​ទៅមុខ​ការិយាល័យ​លោកស្រី​ ចៅក្រម​ ធ្វើ​ការ​តវ៉ា​យ៉ាង​ខ្លាំង​ថា​ ដាច់​ខាត​មិន​ឱ្យ​តុលាការ​ដោះលែងជន​ជាប់ចោទ​ឡើយ​ ។ ទោះ​បីក្នុង​ពេល​នោះ​ មាន​លោក​ព្រះ​រាជ​អាជ្ញា​រង​ម្នាក់​ បានមក​រក​រឿង​បណ្ដេញ​ពួក​គាត់​ឱ្យ​ចេញ​ក្រៅ​របង​តុលាការ​មិន​ឱ្យ​ឡូឡា​រករឿង​ក្នុង​តុលាការ​ខេត្ដ​ក្តី​ ​ក៏​ក្រុម​ប្រជា​ពល​រដ្ឋ​​បាន​តវ៉ា​វិញ​ថា​ ពួក​គាត់​មិន​ចេញ​ទៅ​ណា​ទេ​ បើ​តុលាការ​មិន​ឃុំ​ខ្លួន​ជនជាប់ចោទ​ទាំង​៣​នាក់​នេះ​ ប្រសិន​បើគេ​យក​កាំភ្លើង​មក​បាញ់​ពួក​គាត់​ឱ្យ​ស្លាប់​នៅក្នុង​តុលា​ការ​​ក៏សុខ​ចិត្ដ​ដែរ​ ។

ក្រុម​ប្រជា​ពលរដ្ឋ​និយាយ​ថា​ នៅ​ព្រឹក​នេះ​ (២៣ មេសា​) នឹង​មាន​ប្រជា​ពលរដ្ឋ​មក​បន្ថែម​ជា​ច្រើននាក់​​ទៀត​ ព្រោះ​ពួកគាត់​ដាច់ខាត​ត្រូវ​តែ​ឱ្យ​ជន​ជាប់​ចោទ​​បង្ក​ហិង្សា​នោះ​ជាប់​ពន្ធនាគារ​ ​ហើយ​ពេលនេះ​មិន​ដឹង​ថា​ ជន​រង​គ្រោះ​​ដែល​កំពុង​សម្រាក​ព្យា​បាល​នៅមន្ទីរ​ពេទ្យ​ស្លាប់​ ឬ​រស់​ផង​ ៕​