ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​​ចំបាប់​ខ្មែរ​​មាន​​សំណាង​​ទៀត​​ទេ ​ក្នុង​​ព្រឹត្តិ​ការណ៍​​​2នៅ​​ថៃ​?

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​នា​អំទ្បុង​​ដើម​ខែ​ឧសភា​ ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ នឹង​មាន​ព្រឹត្ត​ិ​​ការណ៍​​ប្រកួត​​ចំបាប់​​ធំ​២ ​នៅក្នុង​ប្រទេស​ថៃ ហើយ​កីទ្បា​ករ​​-កីទ្បា​ការិនី​ចំបាប់​កម្ពុជា​​ចំនួន​៤រូប​ ​ត្រូវ​​បាន​សហ​ព័ន្ធ​កីទ្បា​​ចំបាប់​កម្ពុជា​​ត្រៀម​បញ្ជូន​​ចេញ​ឱ្យ​ទៅ​ប្រកួត​​ធ្វើ​តំណាង​​ឱ្យ​ជាតិ​ទាំង​មូល​ ​ក្នុង​ព្រឹត្តិ​ការណ៍​​ជើង​ឯក​អាស៊ី​ និង​ការ​ប្រកួត​​ជម្រុះ​​យុវជន​​អូទ្បាំ​ពិក​នៅ​ក្នុង​ប្រទេស​ថៃ​ ។ ​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​នា​អំទ្បុង​​ដើម​ខែ​ឧសភា​ ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ នឹង​មាន​ព្រឹត្ត​ិ​​ការណ៍​​ប្រកួត​​ចំបាប់​​ធំ​២ ​នៅក្នុង​ប្រទេស​ថៃ ហើយ​កីទ្បា​ករ​​-កីទ្បា​ការិនី​ចំបាប់​កម្ពុជា​​ចំនួន​៤រូប​ ​ត្រូវ​​បាន​សហ​ព័ន្ធ​កីទ្បា​​ចំបាប់​កម្ពុជា​​ត្រៀម​បញ្ជូន​​ចេញ​ឱ្យ​ទៅ​ប្រកួត​​ធ្វើ​តំណាង​​ឱ្យ​ជាតិ​ទាំង​មូល​ ​ក្នុង​ព្រឹត្តិ​ការណ៍​​ជើង​ឯក​អាស៊ី​ និង​ការ​ប្រកួត​​ជម្រុះ​​យុវជន​​អូទ្បាំ​ពិក​នៅ​ក្នុង​ប្រទេស​ថៃ​ ។ ​

លោ​ក ធិ​ន​ វិចិត្រ​ ​អគ្គ​លេខា​ធិ​ការ​​សហ​ព័ន្ធ​​កីទ្បា​​ចំបាប់​កម្ពុជា​ ​បាន​ប្រាប់​​ដូច​គ្នា​​នឹង​ការ​ប​ញ្ជាក់​​ឱ្យ​ដឹង​នៅ​តាម​​បណ្តាញ​សារ​ព័ត៌​មាន​​ក្នុង​ស្រុក​ថា កីទ្បា​ករ​​-កីទ្បា​​ការិនី​ចំនួន​​៤រូប ​ដែល​ខាង​សហ​​ព័ន្ធ​ប្រកាស​​ចាត់​តាំង​​ឱ្យ​ចេញទៅ​​ប្រកួត​ចំបាប់​​តំណាង​ប្រទេស​កម្ពុជានោះ ​បាន​ត្រៀម​​ខ្លួន​រួច​រាល់​​អស់​ហើយ​ ដោយ​ក្នុង​ពេល​នេះ​ ​ពួក​គេ​​កាន់​​តែ​មមា​ញឹក​​ខ្លាំង​​​ទ្បើង​ក្នុង​ការ​​ហ្វឹក​ហាត់​ និង​ថែ​​បំប៉ន​សុខភាព ។ កីទ្បា​​ករ​-​កីទ្បា​​ការិនី​​ចំបាប់​​ទាំង​​៤រូប​នោះ​ ​រំពឹង​ថា ​ពេល​ត្រទ្បប់​​មក​វិញ​ ​នឹង​នាំ​មក​ជា​មួយ​​ពាន​ ឬ​​មេ​ដាយ​​ដូច​គ្នា​​នឹង​​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ​ដែល​បាន​ធ្វើ​ទ្បើង​​នៅ​ប្រទេស​​មីយ៉ាន​ម៉ា​ ​កាល​ពី​ចុង​ឆ្នាំ​២០១៣​ ។ ​កីទ្បា​ករ​-​កីទ្បា​​ការិន​ី​ ដែល​​ត្រូវ​បញ្ជូន​​ចេញ​​ទាំង​​អស់​នោះ ​គេ​តម្រូវ​​យក​តែ​អាយុ​ក្រោម​​១៧​ឆ្នាំ​ប៉ុណ្ណោះ​ ទើប​កីទ្បា​ករ​-​កីទ្បា​​ការិនី​​ខ្លាំង​ៗ​មួយ​ចំនួន​​ផ្សេង​ទៀត​ ​ប្រចាំ​​នៅ​ក្នុង​សហ​ព័ន្ធ​​ ដែល​ខាង​​ចំបាប់​​មាន​ការ​រំពឹង​​ខ្លាំង​ថា ​នឹង​ឈ្នះ​ច្រើន​​ជាង​ចាញ់​​នោះ ​ម​ិន​ត្រូវ​​បាន​បញ្ជូន​​ចេញ​​ ។ ​​​​

យ៉ា​ង​ណា​​ក៏​ដោយ​ កីទ្បា​ករ​-​កីទ្បា​​ការិនី​ទាំង​៤​រូប​នោះ​ ​ម​ិន​មែន​​ជា​កីទ្បា​ករ​​ជើង​ថ្មី​ ដែល​គ្មា​ន​បទ​ពិសោធន៍​នោះ​ទេ ​ទោះ​បី​អ្នក​ខ្លះ​​មិន​​មែន​ជា​កីទ្បា​ករ​​​​ដែល​ធ្លាប់​​ទទួល​បាន​​មេ​ដាយ​​នៅ​ក្រៅ​ប្រទេស​ ក៏​ជា​កី​ទ្បា​ករ​​ឆ្នើម​ៗ​ប្រចាំ​​​សហ​ព័ន្ធ​​ ដែល​មាន​សមត្ថ​ភាព​​ក្តោប​​ក្តាប់​កេរ្តិ៍​ឈ្មោះ និង​មេ​ដាយ​​ផ្នែក​ចំបាប់​​ក្នុង​ស្រុក​​នា​ពេល​កន្លង​មក​នោះ​ដែរ​ ។ ក្នុង​នោះ​ ក៏​មាន​កីទ្បា​ការិនី​​ដែល​ជា​ម្ចាស់​​មេ​ដាយ​​ស៊ី​ហ្គេម​ ដែល​ខាង​​សហ​ព័ន្ធ​​កំពុង​មាន​​ជំនឿ​យ៉ាង​​មុត​មាំ​ថា នាង​​នឹង​ធ្វើ​​បា​ន​សា​ជា​ថ្មី​នោះ​ផង​ដែរ​ ។ ​កីទ្បា​ករ​-​កីទ្បា​​ការិនី​​ទាំង​៤រូប​​នោះ​ គឺ​​កីទ្បា​ករ​ ងួន ​ម​ករា ​ចេញ​ប្រកួត​​ក្នុង​ប្រភេទ​​ទម្ងន់​​៦៣​គីទ្បូ​ក្រាម​ កីទ្បាករ​​ ម៉ុល រស្មី​ ​ចេញ​​ប្រកួត​ក្នុងប្រភេទ​ទម្ងន់​​៥៥​គីទ្បូ​ក្រាម​ ​កីទ្បា​​ការិនី​ ឌន ស្រី​ម៉ៅ​ ​ចេញ​ប្រកួត​​ក្នុង​ប្រភេទ​​ទម្ងន់​​៥២​គីទ្បូ​ក្រាម​​ ​និង​កីទ្បា​​ការិនី​ នី​ សំណាង​ ​ដែល​ជា​ម្ចាស់​​មេ​ដាយ​មាស​ SEA Games លើក​ទី​២៧​ ​នៅ​ប្រទេស​​មីយ៉ាន​់​ម៉ា​ ​ត្រូវ​ចេញ​​ប្រកួត​​ក្នុង​ប្រភេទ​​ទម្ងន់​​៦៣​គីទ្បូ​ក្រាម​ ។ ​

ពាក់​ព័ន្ធ​​នឹង​ការ​ប្រកួត​​នៅ​ក្នុង​​ប្រទេស​ថៃ ​ដែល​នឹង​ចាប់​ផ្តើម​​ក្នុង​ពេល​​ដ៏​ខ្លី​នេះ ​លោក​ ធិន​ វិចិត្រ​ ប្រាប់​ថា ​នឹង​ធ្វើ​ទ្បើង​ក្នុង​លក្ខខណ្ឌ​២​ផ្នែក​ ដោយ​​ទ្បែក​ពី​គ្នា​ ​ដោយ​មួយ​គឺ​ជា​ការ​ប្រកួត​​ដណ្តើម​​ពាន​ជើង​​ឯក​ខាង​ផ្នែក​អាស៊ី​ ​ដោយ​មាន​ប្រទេស​​ចូល​រួម​ចំនួន​​ជាង​៤០​​ នៅ​ទូ​ទាំ​ង​តំបន់​អាស៊ី​ ​និង​មួយ​ទៀត​​គឺ​ការ​ប្រកួត​​ជម្រុះ​ផ្នែក​យុវ​ជន​​អូទ្បាំ​ពិក​​ ដែល​នោះ​​ក៏​ជា​​ព្រឹត្តិ​ការណ៍​​​សំខាន់​​ផង​ដែរ​ ។ ​ចំពោះ​​ព្រឹត្តិ​ការណ៍​ទី​១ ​កម្ពុជា​នឹង​​ត្រូវ​​គណៈ​កម្ម​​ការ​រៀប​ចំ​បែង​ចែក​​ជា​​ក្រុម​ជា​មួយ​​ប្រទេស​ផ្សេង​​ ហើយ​ឱ្យ​​ប្រកួត​​ជម្រុះ​​គ្នា​រហូត​រក​ឃើញ​​អ្នក​ឈ្នះ​ដើ​ម្បី​ទទួល​បាន​​ពាន​ជើង​​ឯក​អាស៊ី​ ដូច​គ្នា​នឹង​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិ​​ការណ៍​ស៊ី​​ហ្គេម​​នោះ​ដែរ ។ សម្រាប់​ព្រឹត្តិ​ការណ៍​​ទី​២ គឺ​​ការ​ប្រកួត​​កំណត់​​យក​ប្រទេស​​ក្នុង​ចំណោម​​ទាំង​ជាង​៤០​​ឱ្យ​មាន​​មុខ​​នៅ​ក្នុង​ការ​ប្រកួត​យុវជន​​អូ​ទ្បាំ​ពិក​​ខាង​ផ្នែក​​ចំបាប់​ ​ប្រចាំ​នៅ​ក្នុង​ឆ្នាំ​​២០១៤​ ។ ​ប្រសិន​​បើ​កម្ពុជា​​អាច​ជម្រុះ​ជាប់​នៅ​ក្នុង​ប្រទេស​ថៃ នោះ​នឹង​បន​្ត​ទៅ​កាន់​ប្រទេស​​ចិន​តែ​ម្តង​ ​ដើ​ម្បី​​ប្រកួត​​ដណ្តើម​​ពាន​ជើង​ឯកយុវជន​​អូទ្បាំ​ពិក​ ដែល​ជា​ការ​ប្រកួត​​លំដាប់​​អន​្តរ​ជាតិ​​ដូច​គ្នា​​នឹង​ការ​ប្រកួត​​កីទ្បា​​អូ​ទ្បាំ​ពិក​​ដូច្នេះ​ដែរ​ ប៉ុន្តែ​សម្រាប់​តែ​កីទ្បា​​ករ​ដែល​មាន​អាយុ​ក្រោម​​១៧​ឆ្នាំ ។ ​

​តាម​​ការ​បញ្ជាក់​​ពី​មន្ត្រី​ជាន់​ខ្ពស់​​ប្រចាំ​​​សហ​ព័ន្ធ​​កីទ្បា​​ចំបាប់​កម្ពុជា​ លោក​ ធិន វិចិត្រ​ នឹង​ដឹក​នាំ​កីទ្បា​ករ​-​កីទ្បា​​ការិនី​​ទាំង​​៤​រូប​ ចាក​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​​៧ ឧសភា​ ​ខាង​មុខ ដោយ​លោក​មិន​ត្រឹម​​តែ​ជា​ប្រតិ​ភូ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​​ក៏​ទៅ​​ក្នុង​នា​ម​ជា​គ្រូ​បង្វឹក​ដើម្បី​​ជួយ​ឱ្យ​​​កីទ្បា​ករ​-​កីទ្បា​​ការិនី​​ទាំង​៤​រូប ​ចេញ​ទៅ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ថៃ​ ប្រក​ប​ដោយ​​កម្លាំង​ចិត្ត​ ​និង​សន្ទុះ​​ខ្លាំង​ក្លា​​​ផង​ដែរ ។ ​អុី​ចឹង​​ហើយ ទើប​​ការ​ប្រកួត​​ទាំង​២​​ព្រឹត្តិ​ការណ៍​នៅ​​ក្នុង​ប្រទេស​ថៃ​ ​ត្រូវ​បាន​មន្ត្រី​​សហ​ព័ន្ធ​​កីទ្បា​ចំបាប់​​កម្ពុជា​ចាត់​ទុក​​ថា ជា​​​រឿង​សំខាន់​ប្រចាំ​ឆ្នាំ​២០១៤​ ​ដែល​ខាង​​សហ​​ព័ន្ធ​​ត្រូវ​​តែ​រក​ឱ្យ​​បាន​មេ​ដាយ​​មាស​ ឬ​ពាន​​មាស​ដូច​គ្នា​នឹង​លទ្ធ​ផល​​នៅ​ស៊ី​ហ្គេម ។ តាម​ការ​​រំពឹង​​ទុក​របស់​​លោក ធិន​ វិចិត្រ ក្នុង​ចំណោម​​ព្រឹត្តិ​ការណ៍​​ទាំង​២​ យ៉ាង​ហោច​ណាស់​​ក៏​មាន​កីទ្បា​ករ​​ ឬ​កីទ្បា​​ការិនី​ណា​ម្នាក់​​ ទទួល​​បាន​ផ្លែ​​ផ្កា​ត្រទ្បប់​​មក​វិញ​​​ដែរ ​ពី​ការ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ថៃ​។  បើ​​កម្ពុជា​ប្រកួត​ជម្រុះ​​ជាប់ នោះ​នឹង​បន្ត​​ទៅ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ចិន​ ​ក្នុង​ប៉ុន្មាន​​ខែ​ខាង​មុខ​ទៀត​ សម្រាប់​​​ការ​ប្រកួត​ជម្រុះ​​​យុវ​ជន​​អូទ្បាំ​ពិក​។

ក្នុង​នោះ​ កីទ្បា​ការិនី​​ នី​ សំណាង ​គឺ​ជា​តួ​អង្គ​​សំខាន់​​ម្នាក់ ដែលលោក​ និង​មន្ត្រី​​សហ​ព័ន្ធ​​ទាំង​មូល​​មាន​ជំនឿ​​យ៉ាង​ខ្លាំង​​ថា នឹង​ទទួល​​បាន​លទ្ធ​ផល​​វិជ្ជ​មាន​​ត្រទ្បប់​​មក​វិញ​ ដោយ​សារ​តែ​​នាង​​បាន​ក្តាប់​​មេ​ដាយ​​​មាស​នៅ​ស៊ី​ហ្គេមរួច​មក​ហើយ ៕