ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កីឡាករ​​កម្ពុជា​ឈ្នះ​​ដាច់​ទៀត​ទេ​​នៅលើ​រេញ​​អន្ដរជាតិ​ ​SEATV?

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​អន្ដរ​ជាតិ​ខែ​ទី​២​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ មេសា​ ស្អែក​នេះ​ កីឡាករ​កម្ពុជា​៣​រូប​ហាក់​មាន​ជំនឿ​ចិត្ដ​យ៉ាង​ខ្លាំង​ថា​ពួកគេ​នឹង​ឈ្នះ​ទាំង​៣​នាក់​ដូច​កីឡាករ​កម្ពុជា​៣​រូប​ដំបូង​ ដែល​បាន​ឈ្នះ​ដាច់​កាល​ពី​ខែ​ទី​១​ ។​ ទោះ​ជា​យ៉ាង​ណា​ លោក​ញៀន​ សុធី​ ជា​មន្ដ្រី​អ្នក​រៀប​ចំ​ បែរ​ជា​ព្យាករ​ផ្ទុយ​ស្រឡះ​ពី​ការ​ជឿជាក់​របស់​ពួក​គេ​ទៅ​វិញ​ ។​

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​អន្ដរ​ជាតិ​ខែ​ទី​២​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ មេសា​ ស្អែក​នេះ​ កីឡាករ​កម្ពុជា​៣​រូប​ហាក់​មាន​ជំនឿ​ចិត្ដ​យ៉ាង​ខ្លាំង​ថា​ពួកគេ​នឹង​ឈ្នះ​ទាំង​៣​នាក់​ដូច​កីឡាករ​កម្ពុជា​៣​រូប​ដំបូង​ ដែល​បាន​ឈ្នះ​ដាច់​កាល​ពី​ខែ​ទី​១​ ។​ ទោះ​ជា​យ៉ាង​ណា​ លោក​ញៀន​ សុធី​ ជា​មន្ដ្រី​អ្នក​រៀប​ចំ​ បែរ​ជា​ព្យាករ​ផ្ទុយ​ស្រឡះ​ពី​ការ​ជឿជាក់​របស់​ពួក​គេ​ទៅ​វិញ​ ។​

ការ​ប្រកួត​ប្រដាល់​អន្ដរជាតិ​ស្អែក​នេះ​ នឹង​ចាប់​ផ្ដើម​ឡើង​នៅ​វេលា​ម៉ោង​៣​ដល់​ម៉ោង​៥​ល្ងាច​ទៀត​ហើយ​ ដោយ​មាន​កីឡាករ​កម្ពុជា​៣​រូប​គឺ កីឡាករ​ផល​ សោភ័ណ្ឌ​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ កីឡាករ​ម៉ឺន សុភា​ មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១​ និងកីឡាករ​វ៉ន​ វីវ៉ា​ មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ​ ។​ ផល​ សោ​ភ័ណ្ឌ​ បាន​ថ្លែង​ថា​ ប៉ុន្មាន​សប្ដាហ៍មកនេះ​ ដ្បិត​ថា​លោក​ជាប់ភារៈ​ស៊ី​ឈ្នួល​បើករថយន្ដ​ឱ្យ​គេក៏​ដោយ​ ក៏​លោក​ហ្វឹក​ហាត់​បាន​ជាប់​លាប់ផង​ដែរ​នៅក្នុង​ក្លិប​ប្រដាល់​។​ សំអាង​លើបទ​ពិសោធន៍​ប្រកួត​បាន​៦៧​ដង​ ឈ្នះ​៥៧ដង​ និង​ចាញ់ត្រឹម​តែ​១០​ដង​ លោក​ហាក់​មាន​ជំនឿ​ចិត្ដច្រើន​ ថា​ខ្លួន​នឹង​ឈ្នះ ហើយ​មិន​អាច​បរាជ័យ​ដាច់ខាត​ក្រោម​ដៃ​របស់កីឡាករ​បរទេស​ ។

ដៃ​គូ​ដែលប៉ះ​ជា​មួយ​គេ​ថ្ងៃ​ស្អែក​គឺ​កីឡាករ​​ផែនឌីន​ ជនជាតិ​ថៃ​ ដែល​ធ្លាប់​ប្រកួត​បាន​៥៥​ដង​ ឈ្នះ​៥០ដង​ និង​ចាញ់​ត្រឹម​​តែ​៥​ដង​ក្នុង​ការ​ប្រកួត​ ។​ ផល​ សោភ័ណ្ឌ​ ប្រាប់ថា​ ទោះ​ជា​កីឡាករ​ផែនឌីន​ មិន​មែន​ជា​កីឡាករ​ធម្មតា​ ក៏លោកនៅ​តែ​មាន​ជំនឿ​ចិត្ដ​ខ្ពស់​ដូច​គ្នា​ថា​ មិន​ចាញ់​សម្រាប់ថ្ងៃ​ស្អែក​ ។​
កីឡាករ​ម៉ឺុន​ សុភា​ បាន​បញ្ជាក់​ដូច​គ្នា​ដែរ​ថា នឹង​ឈ្នះ​ផង​ដែរ​ បើទោះ​ជា​ដៃ​គូដែលគេ​ត្រូវ​ប៉ះ​ជា​មួយ​មិន​មែន​ជា​កីឡាករ​ប្រភេទ​អន់ៗ​ ដែល​អាច​មើល​ស្រាល​បាន​ក្ដី​ ។ សំអាង​លើការ​ហ្វឹក​ហាត់ប្រមាណ​ជា​កន្លះ​ខែ​​តាំង​ពី​មុន​ចូលឆ្នាំ​ខ្មែរ​ លោកមានជំនឿ​ចិត្ដ​ខ្លាំង​ ថាលទ្ធផល​ចុង​ក្រោយ​គឺ​ពិត​ជា​ឈ្នះ ពិសេស​នៅ​ពេលលោក​គិត​ថា​ ខ្លួន​ធ្លាប់​ប្រកួត​បាន​៤៤ដង​ ឈ្នះ​៤០​ដង​ និង​ចាញ់​តែ​៤ដង​ ។ កីឡាករ​ដែល​ប៉ះ​ជា​មួយ​ម៉ឺន​ សុភា​ នៅ​សង្វៀន​ទូរ​ទស្សន៍​អាស៊ីអាគ្នេយ៍​នា​រសៀល​ថ្ងៃ​ស្អែក​គឺ​កីឡាករ​អាប់ដាល់​ ជនជាតិ​បារាំង​ ដែល​ធ្លាប់​ប្រកួត​បាន​៣១​ដង​ ឈ្នះ​២៨ដង​ និង​ចាញ់​៣​ដង​ ។​ ម៉ឺុន​ សុភា​ ប្រាប់ថា​ រូប​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់អស់​ហើយ ដើម្បី​យក​ឈ្នះ​ទៅ​លើ​កីឡាករ​បរទេស​ បើទោះ​ជា​កីឡាករ​បារាំង​ដែល​ត្រូវ​ប៉ះ​លោកគឺ​ជាកីឡាករ​ខ្លាំង​ម្នាក់​ ដែល​បាន​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់នៅ​ប្រទេស​ថៃ​ ។

ដោយ​ឡែក​ ចំពោះ​កីឡាករ​វ៉ន វីវ៉ា​ រឹត​តែ​មាន​សង្ឃឹម​លើស​លប់​ជាង​គេ​ បន្ទាប់​ពី​សំអាង​ថា​ គេ​ធ្លាប់​ឆ្លង​កាត់ការ​ប្រកួត​រហូត​ដល់​ជាង​១០០​ដង​ ហើយ​ធ្លាប់​ផ្ដួល​កីឡាករ​បរទេស​រាប់​មិន​អស់​ ។​ កីឡាករ​ដែល​ប៉ះ​ជា​មួយ​គេ​គឺ​កីឡាករ​ថៃ​ យុទ្ធគុនក្រៃ​ ដែលធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​៦៩​ដង​ ឈ្នះ​៦៣​ដង​ និងចាញ់​តែ​៣​ដង​ ។ វ៉ន​ វីវ៉ា​ មាន​ជំនឿ​ស្ទើរ​តែ​ពេញ​១០០​%​ថា​ គេ​នឹង​ឈ្នះ​នៅ​រសៀល​ថ្ងៃ​ស្អែក​ ។​ ជា​មួយ​នឹង​ការ​បញ្ចេញ​ទស្សនៈ​ប្រកប​ដោយ​ការ​ជឿជាក់​នេះ​ លោកញៀន​ សុធី​ មន្ដ្រី​រៀប​ចំ​កីឡាប្រដាល់​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ និង​ជា​មន្ដ្រី​ទំនាក់ទំនង​បានថ្លែង​ប្រាប់​ថា​ លោកមិន​រំពឹង​នោះ​ឡើយ​ថា​ កីឡាករ​កម្ពុជា​ ទាំង​៣រូប​នឹង​អាច​ឈ្នះលើ​កីឡាករ​បរទេស​បាន​ទាំង​អស់​ដូច​កាល​ពី​ខែមុន​ ដោយ​សារ​តែ​បរិបទ​រវាង​ខែ​នេះ​មាន​សភាព​ខុស​គ្នា​កាលពី​ខែ​ទី​១​ ។​

ហេតុផល​នៃ​ការ​លើក​ឡើង​បែប​នេះ​ គឺ​ដោយ​សារ​តែ​កីឡាករ​បរទេស​ដែល​ស្ថានីយ​ទូរទ្សន៍​អាស៊ី​អាគ្នេយ៍​តម្រូវ​ឱ្យសហព័ន្ធ​កីឡា​ប្រដាល់ថៃ​នាំ​យក​មក​លើក​នេះ​សុទ្ធ​សឹង​តែ​មាន​ស្នាដៃ​នៅ​លើ​សង្វៀន​ប្រទេស​ថៃ​ និង​តាម​បណ្ដា​ប្រទេស​ផ្សេង​ ដែល​អាច​និយាយ​បាន​ថាជា​កីឡា​ករ​មាន​ថ្វី​ដៃ​ល្អ​ជាង​កីឡាករ​បរទេស​ទាំង​៣​កាល​ពី​លើក​មុន​ ។ ជាក់ស្ដែង​ វត្ដ​មាន​របស់​កីឡាករ​យុទ្ធគុន​ ក្រៃ​ និង​ផែនឌីន​ គូអន្ដរជាតិ​ទី​១​ និង​ទី​៣​ សុទ្ធ​តែ​ជា​កីឡាករ​ល្អ​ ដែល​មាន​តម្លៃ​ខ្ពស់​ដែល​លោក​និង​ក្រុម​អ្នកគ្រប់​គ្រងកម្មវិធី​ទាំង​មូល​ហ៊ាន​ថ្លៃ​យក​មក​ ។​ ទោះ​ជា​យ៉ាង​ណា​ លោកមិន​មាន​បំណង​ចង់​ឱ្យ​កីឡាករ​បរទេស​យក​ឈ្នះ​កីឡាករ​កម្ពុជា​ទេ​ ដោយ​លោកគ្រាន់​តែ​បារម្ភ​ខ្លាច​ការ​ប្រកួតជាក់ស្ដែង​របស់​កីឡាករ​កម្ពុជា​នឹង​ពិបាក​យកឈ្នះ​ទាំង​៣​នាក់​ សម្រាប់ការ​ប្រកួត​អន្ដរ​ជាតិ​លើក​ទី​២​ នៅ​ថ្ងៃ​ស្អែកតែ​ប៉ុណ្ណោះ​ ។​

ចាំ​មើល​តើ​រវាង​កីឡាករ​កម្ពុជា​ទាំង​៣​រូប​អាច​យកឈ្នះ​កីឡាករ​បរទេស​ទាំង​៣​រូប​ដូច​ការ​រំពឹង​ទុក​ ឬ​ត្រឹម​តែ​ឈ្នះ​ខ្លះ​ ចាញ់ខ្លះ​ ដូច​ការ​ព្យាករ​របស់​លោក​ញៀន​ សុធី​ ?​