ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​បច្ចេក​សិលា​ឋាន​ និង​នំ​អន្សម​យក្ស​ក្នុង​អង្គរ​សង្ក្រាន្ដ​ ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទេសចរ​ជាតិ​និង​អន្ដរជាតិ​

9 ឆ្នាំ មុន

ខេត្ដ​សៀម​រាប​ ៖ កម្មវិធី​អង្គរ​សង្ក្រាន្ដ​ដែល​ទើប​តែ​រំលង​ទៅ​នា​ពេល​ ថ្មីៗ​នេះ​ ក្រៅ​ពី​កម្ម​វិធី​សិល្បៈ​ និង​ល្បែង​ប្រជា​ប្រិយ​ បម្រើ​ការ​កម្សាន្ដ​សប្បាយរបស់​មហាជន​ជាតិ​ និង​អន្ដរ​ជាតិ​ មាន​កម្មវិធី​២​ទៀត​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ គឺ​បច្ចេក​សិលាឋាន​ និង​ការ​តាំង​នំ​អន្សម​យក្ស​ ។​

ខេត្ដ​សៀម​រាប​ ៖ កម្មវិធី​អង្គរ​សង្ក្រាន្ដ​ដែល​ទើប​តែ​រំលង​ទៅ​នា​ពេល​ ថ្មីៗ​នេះ​ ក្រៅ​ពី​កម្ម​វិធី​សិល្បៈ​ និង​ល្បែង​ប្រជា​ប្រិយ​ បម្រើ​ការ​កម្សាន្ដ​សប្បាយរបស់​មហាជន​ជាតិ​ និង​អន្ដរ​ជាតិ​ មាន​កម្មវិធី​២​ទៀត​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ​ គឺ​បច្ចេក​សិលាឋាន​ និង​ការ​តាំង​នំ​អន្សម​យក្ស​ ។​

ក្រុម​ការ​ងារ​អាជ្ញាធរ​អប្សរា​ ក្រុម​យុវជន​បេតិកភណ្ឌ​ដែល​បាន​ចូល​រួម​វេទិកា​យុវជន​បេតិក​ភណ្ឌ​ក្នុង​ឱកាស​កិច្ច​ប្រជុំ​គណៈកម្មា​ធិការ​បេតិកភណ្ឌពិភព​លោក​លើកទី​៣៧​ ឆ្នាំ​២០១៣​  ក្រុម​យុវជន​ក្រសួង​ទេសចរណ៍​ និង​ក្រុម​ការងារ​មូល​និធិ​កេរ​ដំណែល​ ជា​អ្នក​បង្កើត​កម្មវិធី​បច្ចេក​សិលា​ឋាន​ ។​ លោក​សុខ​ សង្វារ​ ប្រធាន​គ្រប់​គ្រង​ទូទៅ​ផ្នែក​សិលា​ឋានឱ្យ​ដឹង​ថា​ ពាក្យ​បច្ចេក​សិលា​ឋាន​ មក​ពី​ពាក្យ​ បច្ចេក​បូក​សិលា​(ថ្ម​)​ និង​បូកឋាន​(កន្លែង​)​ មាន​ន័យ​ថា​កន្លែង​កែ​ច្នៃ​ថ្ម​ដោយ​ចំណេះ​សិល្បៈ​ ។​ ក្រុម​ការងារ​បាន​យក​ទី​តាំង​មុខ​ប្រាសាទ​អង្គរ​វត្ដ​រៀប​ចំ​កម្មវិធី​ក្នុង​បរិវេណទំហំ​៣.៥០០​ម៉ែត្រ​ក្រឡា​ បណ្ដោយ​១០០​ម៉ែត្រ​ ទទឹង​៣៥​ម៉ែត្រ​ ។ នៅ​ផ្នែក​ខាង​មុខ​បរិវេណ​មាន​កំពែង​ថ្ម​បាយ​ក្រៀម​កម្ពស់​ជាង​២​ម៉ែត្រ​អម​សង​ខាង​ខ្លោង​ទ្វារ​ចូល​ដែល​មាន​កម្ពស់​ប្រហែល​៧​ម៉ែត្រ​ និង​មាន​របង​ស្លឹកត្នោត​ហ៊ុម​ព័ទ្ធ​ជុំវិញ ។

គោលបំណង​រៀប​ចំកម្មវិធី​បច្ចេកសិលា​ឋាន លោក​សុខ​ សង្វារ​ បញ្ជាក់​ថា​ ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ដល់សាធារណ​ជន​ជាតិ​ និង​អន្ដរជាតិ​ពី​បច្ចេក​ទេស​យកថ្ម​ និង​ការ​ប្រើប្រាស់​ថ្ម​កសាង​ប្រាសាទ​និងកិច្ច​ការ​អភិរក្ស​ក៏​ដូច​ជា​ការ​លើក​កម្ពស់​តម្លៃ​បេតិកភណ្ឌ​ ។ ផ្ដល់​ឱកាស​ឱ្យ​សាធារណ​ជន​បាន​ចូលរួម​ទស្សនា​ និង​អនុវត្ដ​ជាក់ស្ដែង​ក្នុង​ការ​សាង​សង់​ និង​អភិរក្ស​ប្រាសាទ​ ។​ បង្ហាញ​ពី​តួ​នាទី​ និងសមិទ្ធផល​របស់​អាជ្ញាធរ​អប្សរា​ក្នុង​ការ​អភិរក្ស​ និង​អភិវឌ្ឍ​រមណីយ​ដ្ឋាន​អង្គរ​ប្រកប​ដោយ​ចីរភាព​ ។ លើសពី​នេះ​លើក​ទឹក​ចិត្ដ​ឱ្យ​សាធារណ​ជន​ស្រឡាញ់​ និង​ចូលរួម​អភិរក្ស​បេតិ​កភណ្ឌ​ដើម្បី​អភិវឌ្ឍន៍​ និង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយជា​លំដាប់​ ។ បច្ចេក​សិលា​ឋាន​មាន​ទី​តាំង​ទស្សនា​ សំខាន់ៗ​ គឺ​រោង​ពិព័រណ៍​គំនូរ​ និង​រូប​ភាព​ ។​ ទីលានបង្ហាញ​សកម្ម​ភាព​ប្រាសាទ​ ។​ រោង​អាជ្ញាធរ​អប្សរា​ និង​ទី​លាន​បង្ហាញ​សកម្ម​ភាព​អភិរក្ស​បេតិកភណ្ឌ​នា​ពេល​បច្ចុប្បន្ន​ ។

ចំណែក​សមាគម​ម្ហូប​អាហារ​ខ្មែរ​បាន​ផលិត​នំ​អន្សម​យក្ស​ដាក់​តាំង​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ដ​ ។​ ក្រៅពី​ដាក់តាំង​នំ​ប្រពៃ​ណី​ខ្មែរ​នេះ​ ក៏​រៀប​ចំ​កម្ម​វិធី​ប្រកួត​ទទួលទាន​ផង​ដែរ​ ។​

កម្មវិធី​ប្រកួត​ញ៉ាំ​នំ​អន្សម​យក្ស​មាន​បេក្ខជន​ចូល​រួម​ចំនួន៥០​នាក់​ បែង​ចែក​ជា​៥​ក្រុម​ ដោយ​ជ្រើស​រើស​ជ័យ​លាភី​ចំនួន​៣​នាក់​ ។​
បេក្ខជន​ឈ្មោះ​កែម​ ទិព្វ​ ជាប់ចំណាត់​ថ្នាក់​លេខ​១​ ដោយ​បរិភោគ​នំ​អន្សម​អស់​ចំនួន​២.៨៧០​ក្រាម​ ទទួលបាន​ប្រាក់​រង្វាន់​៤០​ម៉ឺុន​រៀល​ និង​១០០​ដុល្លារ​អាមេរិក​ ។​ ជ័យ​លាភី​លេខ​២​បាន​ទៅ​លើឈ្មោះហាក់​ រិទ្ធី​ បរិភោគ​នំ​អន្សម​អស់​ចំនួន​២.៧៦២​ក្រាម​ ទទួលបាន​ប្រាក់​រង្វាន់​៣០​ម៉ឺុន​រៀល​ និង​១០០​ដុល្លារ​អាមេរិក​ ។​ ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​លើឈ្មោះ​ចូវ​ មករា​ បរិភោគ​អន្សម​អស់​ចំនួន​២.៧០០​ក្រាម​ ទទួល​បាន​ប្រាក់​រង្វាន់​២០​ម៉ឺុន​រៀល​និង​១០០ដុល្លារ​អាមេរិក​ ។​ នេះ​ជា​លើក​ទី​១​ហើយ​ដែលកម្ពុជា​ធ្វើ​នំ​អន្សម​មាន​ទម្ងន់​រហូត​ដល់​ទៅ​២​តោន​ ប្រវែង​៥​ម៉ែត្រ​ ទទឹង​១​ម៉ែត្រ​ និង​កម្ពស់​១​ម៉ែត្រ​ ។
លោក​ចាន់​ សុភា​ អ្នក​សម្រប​សម្រួល​សមាគម​ចុង​ភៅ​នៃ​ការ​ធ្វើ​នំ​អន្សម​យក្ស​ឱ្យ​ដឹង​ថា​ នំ​នេះ​ធ្វើ​ពី​អង្ករ​ដំណើប​ សណ្ដែក​បាយ​ និង​សាច់​ជ្រូក​២តោន​ ដោយ​ចំណាយ​អស់ប្រាក់​ចំនួន​៧.៥០០​ដុល្លារ​ ។

ក្រុមការងារ​បានស្រាយ​នំ​អន្សម​យក្ស​ ហើយ​ចែក​ជូន​មហាជន​ ម្នាក់បន្ដិចៗ​ទទួល​ទាន​ឱ្យ​ស្គាល់រសជាតិ​ផង​ដែរ​ ។​
អ្នក​ទេសចរ​ជាតិ​និង​អន្ដរជាតិ​ច្រើន​កុះករ​ចាប់​អារម្មណ៍​ចូល​រួម​ទស្សនា​កម្មវិធី​បច្ចេក​សិលា​ឋាន​ និង​ការ​តាំង​បង្ហាញ​ និង​ប្រកួត​ទទួល​ទាន​នំ​អន្សម​យក្ស​ ។​ អ្នក​ទេស​ចរ​ជា​ច្រើន​និយាយ​ស្រដៀង​គ្នា​ថា​ ពួក​គេ​រីករាយ​ក្នុង​ការ​ទស្សនា​កម្មវិធី​ទាំង​២​នេះ​ ។​ ពួក​គេ​ចាត់​ទុក​កម្ម​វិធី​បច្ចេក​សិលា​ឋាន​ និង​ការ​តាំង​នំ​អន្សម​យក្ស​ជា​កម្មវិធី​ដ៏លេច​ធ្លោ​ក្នុង​អង្គរ​សង្ក្រាន្ដ​ ៕​