រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទី១បានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់បញ្ជូនមកកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ទាំងព្រឹក បន្ទាប់ពីបុរសរូបនោះធ្វើសកម្មភាពចាប់សម្រាតសម្លៀកបំពាក់កូនស្រីចុងរបស់ខ្លួនអាយុ១៦ឆ្នាំប៉ងរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវប្រពន្ធមកទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២០ មេសា ២០១៤ នៅផ្ទះលេខគ២៧ ផ្លូវ៣៧១ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ។
នគរបាលប៉ុស្តិ៍ច្បារអំពៅទី១បានឱ្យដឹងថា ឪពុកចុងល្មោភកាមខាងលើឈ្មោះង្វៀង យ៉ាំងអុក អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម ជាអ្នកលក់ពោត។
ក្មេងស្រីរងគ្រោះបានឱ្យដឹងថា ចាប់តាំងពីពេលឪពុកបង្កើតរបស់នាងមានស្រីផ្សេងរត់ចោលនាង និងម្តាយ រួមជាមួយប្អូនតូចៗ៣នាក់ ម្តាយរបស់នាងបានលួចមានស្នេហាជាមួយឪពុកចុងឈ្មោះង្វៀង យ៉ាំងអុក រយៈពេល៧ឆ្នាំហើយ ប៉ុន្តែគ្មានថ្ងៃណាមួយដែលនាងសប្បាយឡើយ។
នាងបន្តថា រហូតដល់មួយរយៈកន្លងមកនេះ ឪពុកចុងរបស់នាងតែងតែប៉ុនប៉ងរំលោភនាងម្តងជា២ដងហើយ តែមិនបានសម្រេច បានត្រឹមតែដោះសម្លៀកបំពាក់ ហើយស្ទាបអង្អែលដើម្បីកំដរអារម្មណ៍របស់គេតែប៉ុណ្ណោះ។ នៅថ្ងៃកើតហេតុម្តាយរបស់នាងបានចូលដេកក្នុងបន្ទប់ជាមួយឪពុកចុងពេញមួយយប់ លុះព្រឹកឡើងម៉ោង៦ និង៣០នាទីព្រឹក ខណៈនាង និងប្អូនតូចៗ៣នាក់កំពុងដេកជិតគ្នានៅខាងមុខបន្ទប់ស្រាប់តែឪពុកចុងរូបនេះបើកទ្វារបន្ទប់ចេញមកធ្វើសកម្មភាពបម្រុងរំលោភនាង ក៏ត្រូវម្តាយរបស់នាងដើរចេញពីក្នុងបន្ទប់មកទាន់ស្រែកឆោឡោផ្អើលអ្នកជិតខាងប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង៕
ចែករំលែកព័តមាននេះ