ពួកអ្នកមុជទឹកកាលពីថ្ងៃទី២០ មេសា បានទាញយកសាកសពមនុស្សជិត២០នាក់ចេញពីក្នុងនាវាដែលលិចកាលពីថ្ងៃទី១៦ មេសា កន្លងមកនេះក្នុងដែនទឹកកូរ៉េខាងត្បូងជាមួយមនុស្សជិះក្នុងនោះ៤៧៦នាក់ ។ ចំណែកកាពីតែននាវានោះដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៩ មេសា បាននិយាយការពារខ្លួនចំពោះការសម្រេចចិត្តយឺតយ៉ាវក្នុងការជម្លៀសមនុស្សចេញពីនាវា ។
អ្នកទទួលខុសត្រូវម្នាក់របស់កងឆ្មាំឆ្នេរសមុទ្រកូរ៉េខាងត្បូងនិយាយថា ពួកអ្នកមុជទឹកបានវាយទម្លុះចូលក្នុងកាប៊ីនមួយរបស់ពួកអ្នកដំណើរ ហើយបានទាញយកសាកសពមនុស្ស៣នាក់ចេញពីទីនោះ ។ សាកសពមនុស្សទាំង៣នាក់នោះមានពាក់អាវពោង ដោយក្នុងចំណោមពួកគេមានបុរស២នាក់ ។ បណ្តាក្រុមអ្នកជួយសង្គ្រោះបន្តមុជទៅរកនាវាដែលលិចនេះទៀត ។
តុល្យការផ្លូវការនៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់នេះ បច្ចុប្បន្នឡើងដល់៤៩នាក់ ចំណែកមនុស្ស២៥៣នាក់ទៀតនៅតែបាត់ខ្លួន ។
កាពីតែននាវាលោក LEE JOON SEOK និងសមាជិកក្រុមនាវិក២នាក់នៃនាវាឈ្មោះ SEWOL នេះត្រូវចាប់ខ្លួន ហើយត្រូវសួរចម្លើយពីបទចោទប្រកាន់រឿងធ្វេសប្រហែស និងរឿងគ្មានរៀបចំសន្តិសុខសម្រាប់ពួកអ្នកដំណើរ ដែលជាការរំលោភបំពានដល់ច្បាប់សមុទ្រ ។ កាពីតែននាវារងការរិះគន់យ៉ាងខ្លាំងថា បានចាកចេញពីនាវាពេលនាវាកំពុងលិចកាលពីព្រឹកថ្ងៃទី១៦ មេសា ក្នុងដែនទឹកនៃឆ្នេរសមុទ្រខាងត្បូងរបស់កូរ៉េខាងត្បូង ខណៈមនុស្សជាច្រើនរយនាក់ភាគច្រើនជាសិស្សសាលាដែលធ្វើដំណើរសិក្សាស្ថិតក្នុងនាវា ។
មានអ្នកមុជទឹកដល់ទៅប្រមាណជា៥០០នាក់ឯណោះដែលធ្វើការនៅកន្លែងគ្រោះថ្នាក់លិចនាវា ដែលពួកគេភាគច្រើនជាអ្នកស្ម័គ្រចិត្តស៊ីវិល ។ កាពីតែននាវា និងសមាជិកក្រុមនាវិក២នាក់ទៀតដែលចាប់ខ្លួនត្រូវបានថតដោយកាមេរ៉ាទូរទស្សន៍នៅឯប៉ុស្តិ៍ប៉ូលិសកោះជីនដូ ។ កាពីតែននាវានេះបានខិតខំពន្យល់ហេតុផលនៃ ការចាកចេញរបស់ខ្លួនពីនាវា និងការមិនបានប្រញាប់ប្រញាល់ជម្លៀសមនុស្សចេញពេលនាវាកំពុងលិច ។
យោងតាមសាក្សីទាំងឡាយជាអ្នកនៅរស់រានមានជីវិតថា មនុស្សទាំង៤៧៦នាក់ជិះក្នុងនាវានោះបានទទួលបញ្ជាឱ្យនៅស្ងៀមនៅនឹងកៅអីអង្គុយអស់រយៈពេលដល់ទៅជាង៤០នាទី។ ពេលនាវាចាប់ផ្អៀងលិច វាយឺតពេលទៅហើយ ខណៈពួកអ្នកដំណើរនាំគ្នារត់ប្រសាច ហើយទឹកចាប់ផ្តើមហូរចូលនាវា ។
កាពីតែននាវាលើកហេតុផលថា រយៈពេល៤០នាទីក្រោយនាវារកកលលិច ពុំមាននាវាសង្គ្រោះណាមកដល់ឡើយ រួចក៏ពុំមាននាវានេសាទ ឬនាវាឯទៀតៗនៅក្បែរដើម្បីអាចជួយសង្គ្រោះដែរ ។ ទឹកសមុទ្រពេលនោះកញ្ជ្រោកខ្លាំងណាស់ ហើយត្រជាក់ខ្លាំងទៀតផង ។ ខ្ញុំយល់ថា បណ្តាអ្នកដំណើរអាចត្រូវទឹករលកបោកនាំខ្លួនទៅបាត់បើលោតចូលក្នុងទឹក ហើយនឹងមានការលំបាក បើជម្លៀសមនុស្សចេញក្នុងពេលរញ៉េរញ៉ៃ ។
ចាប់តាំងពីព្រឹកថ្ងៃទី១៦ មេសាមក គេពុំរកឃើញមនុស្សណាម្នាក់ដែលនៅរស់រានមានជីវិតទៀតទេ ។ អ្នកនៅរស់រានមានជីវិតទាំង១៧៤នាក់ត្រូវស្រង់ចេញពីទឹកយ៉ាងរហ័សក្រោយនាវាលិច ៕
ចែករំលែកព័តមាននេះ