ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​លិខិត​សុំ​ទីលាន​ប្រជា​ធិបតេយ្យ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​១៨​ មេសា​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ដាក់​ជូន​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ដើម្បី​សុំ​ទី​លាន​ប្រជា​ធិបតេយ្យ​ ឬ​សួន​ការ៉ូឡា​ខាង​កើត​ចំហៀង​ខាង​ត្បូង​វត្ដ​បទុម​វតី ធ្វើ​ការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​-ខេត្ត ក្រុង​ ស្រុក​ និង​ខណ្ឌ​ អាណត្ដិ​ទី​២​ ។​

រាជធានីភ្នំពេញ​ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​១៨​ មេសា​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ដាក់​ជូន​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ដើម្បី​សុំ​ទី​លាន​ប្រជា​ធិបតេយ្យ​ ឬ​សួន​ការ៉ូឡា​ខាង​កើត​ចំហៀង​ខាង​ត្បូង​វត្ដ​បទុម​វតី ធ្វើ​ការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​-ខេត្ត ក្រុង​ ស្រុក​ និង​ខណ្ឌ​ អាណត្ដិ​ទី​២​ ។​

យោង​តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៨​ មេសា​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ម៉ន​ ផល្លា​ គណៈ​កម្មាធិការ​ប្រតិបត្ដិ​ការ​រាជ​ធានី​ភ្នំពេញ​ ដាក់​ជូន​លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​ ស្នើ​សុំ​ទី​លាន​ប្រជា​ធិបតេយ្យ​ ឬ​សួន​ការ៉ូ​ឡាខាង​កើត​ចំហៀង​ខាង​ត្បូង​វត្ដ​បទុម​វតី​ ដើម្បី​ជួប​ជុំ​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ និង​ក្រុម​ប្រឹក្សា​ខណ្ឌ​ នៃ​រាជ​ធានី​ភ្នំពេញ​។​

ក្នុង​កម្មវត្ថុ​លិខិត​របស់គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​សំណើ​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ជួប​ជុំ​ឃោសនា​បោះ​ឆ្នោត​បាន​លើកឡើង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​រាជ​ធានី​ភ្នំពេញ​នឹង​ធ្វើ​ការ​ជួប​ជុំ​តំណាង​រាស្រ្ដ​ សមាជិក​-សមាជិកា​ក្រុម​ប្រឹក្សា​រាជ​ធានី​ ក្រុម​ប្រឹក្សា​ខណ្ឌ​ ក្រុមប្រឹក្សា​សង្កាត់​ សកម្ម​ជន​ ​និង​ប្រជា​ពលរដ្ឋ​ ដើម្បី​ហែ​ក្បួន​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខណ្ឌ​ នីតិកាល​ទី​២​ ឆ្នាំ​២០១៤​ ចាប់​ពី​ថ្ងៃ​បើក​យុទ្ធនាការ​នៅ​ថ្ងៃ​ទី​២​ ឧសភា​ ឆ្នាំ​២០១៤​ តាម​ផ្លូវ​នានា​ទូទាំង​រាជ​ធានី​ភ្នំពេញ​ រហូត​ដល់​ថ្ងៃ​បិទ​យុទ្ធនាការ​នៅថ្ងៃ​ទី​១៦​ ឧសភា​ ឆ្នាំ​២០១៥​ ។​

ក្នុងលិខិត​របស់គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​បង្ហាញ​ពី​ផែន​ទី​ផ្លូវ​ណា​ខ្លះ​សម្រាប់​ដង្ហែ​ក្បួន​ទេ​ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា​ នឹង​ភ្ជាប់​ផែន​ទី​តម្រាយ​ផ្លូវ​នៅ​ពេល​ក្រោយ​ ។ គួរ​បញ្ជាក់​ថា​ លិខិត​ដែលគណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ជូន​សាលា​រាជ​ធានី​ភ្នំពេញ​ ត្រូវ​បាន​មន្ដ្រី សាលា​រាជ​ធានី​ចុះ​ហត្ថលេខា​ទទួល​យក​ហើយ​ ប៉ុន្ដែ​មិន​ទាន់​ដឹង​លទ្ធផល​ថា​ សាលា​រាជ​ធានី​ភ្នំពេញ​អនុញ្ញាត​ ឬ​មិន​អនុញ្ញាត​នៅ​ឡើយ​ទេ​ ។​ អ្នក​នាំ​ពាក្យ​សាលា​រាធានី​ភ្នំពេញ​ លោក​ ឡុង​ ឌី​ម៉ង់​ មិន​ទាន់​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ​ ។

យោង​តាម​សេចក្តី​ណែ​នាំ​របស់​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប​) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២​ មេសា​ ឆ្នាំ​២០១៤​ ឱ្យ​ដឹង​ថា​ ដើម្បី​ពង្រឹង​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​-​ខេត្ត​ ក្រុង​ ស្រុក​-​ខណ្ឌ​ អាណត្តិ​ទី​២​ ឆ្នាំ​២០១៤​នេះ​ គ.ជ.ប សូម​ធ្វើ​ការ​ណែ​នាំ​ដល់​គណ​បក្ស​នយោ​បាយ​ ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ គឺ​គណ​បក្ស​ បេក្ខ​ជន​ ឬ​តំណាង​គណ​បក្ស​ មិន​ត្រូវ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ប្រមាថ​មើល​ងាយ​ដល់​គណ​បក្ស​ ឬ​បេក្ខ​ជន​ ឬ​តំណាង​គណ​បក្ស​ណា​មួយ​ឡើយ​ ។​ មិន​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ឬ​បំភិត​បំភ័យ​ក្នុង​ការ​ឃោសនា​ និង​មិន​ត្រូវ​ប្រើ​ពាក្យ​សម្តី​ ឬ​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​យក​ព្រឹត្តិ​ការណ៍​គួរ​ឱ្យ​តក់​ស្លុត​ពី​អតីត​កាល​មក​និយាយ​ ដូច​ជា​ឃាត​កម្ម​ ការ​វាយ​ដំ​ ការ​រំលោភ​ ឬ​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​នរណា​ម្នាក់​ ឬ​ក្រុម​ណា​មួយ​ឡើយ​។​

គ.ជ.ប​ បញ្ជាក់​ថា​ ការ​ឃោសនា​បោះ​ឆ្នោត​ មាន​ទិស​ដៅ​ឱ្យ​គណ​បក្ស​នយោ​បាយ​ និង​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​នយោ​បាយ​របស់​ខ្លួន​ដល់​អ្នក​បោះ​ឆ្នោត​ ។​ គណ​បក្ស​នយោ​បាយ​ បេក្ខ​ជន​ ឬ​តំណាង​គណ​បក្ស​នយោ​បាយ​ មិន​ត្រូវ​ប្រើ​ភាសា​អសីល​ធម៌​ បង្ហាញ​ពី​ការ​គំរាម​កំហែង​ ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា​ គំរាម​កំហែង​ ប្រឆាំង​អ្នក​បោះឆ្នោត​ ឬ​គណ​បក្ស​នយោ​បាយ​ ឬ​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ។​ មិន​ត្រូវ​សាប​ព្រោះ​ភាព​ភ័យ​ខ្លាច​ ធ្វើ​ឱ្យ​ភាន់​ច្រឡំ​ និង​ខូច​សណ្តាប់​ធ្នាប់​សង្គម​ និង​មិន​ត្រូវ​និយាយ​រិះ​គន់​រើស​អើង​ប្រកាន់​បក្ស​ពួក​ ជាតិ​សាសន៍​ ភេទ​ ឋានៈ​ក្នុង​សង្គម​ សាសនា​ គ្រប់​រូប​ភាព​ ។​

គ.ជ.ប បាន​បន្ថែម​ថា​ គណ​បក្ស​នយោ​បាយ​មិន​ត្រូវ​យក​ទី​សាធារណៈ​ ឬ​សាល​សាធារណៈ​ ធ្វើ​ជា​ទី​កន្លែង​ឃោសនា​បោះ​ឆ្នោត​អចិន្ត្រៃយ៍​ឡើយ​ ។​ គណ​បក្ស​នយោ​បាយ​ បេក្ខ​ជន​ ឬ​អ្នក​គាំទ្រ​ នៃ​គណ​បក្ស​នយោ​បាយ​ មិន​ត្រូវ​ឱ្យ​មាន​សកម្ម​ភាព​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ ក្លាយ​ទៅ​ជា​សកម្ម​ភាព​បាតុ​កម្ម​តវ៉ា​ប្រឆាំង​ ឬ​ទាម​ទារ​ដែល​ផ្ទុយ​ពី​គោល​ការណ៍​ឃោសនា​ ត្រូវ​តែ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​គោរព​ច្បាប់​ចរា​ចរណ៍​ ។​ គណ​បក្ស​នយោ​បាយ​ ឬ​បេក្ខ​ជន​ ឬ​អ្នក​គាំទ្រ​គណ​បក្ស​នយោ​បាយ​​​ទាំង​ឡាយ​ណា​ដែល​អនុវត្ដ​ការ​ឃោស​នា​បោះ​ឆ្នោត​ផ្ទុយ​ពី​ខ្លឹម​សារ​ និង​សកម្ម​ភាព​ឃោស​នា​ខាង​លើ​នឹង​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់​ ។​

ស្រប​ពេល​ដែល​ គ.ជ.ប​ បាន​ចេញ​សេចក្ដី​ណែ​នាំ​របស់​ខ្លួន​ ដើម្បី​ជូន​ដំណឹង​ដល់​គណបក្ស​នយោបាយ​ដែលបាន​ចុះ​ឈ្មោះ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ដ​ ក្រុង​ ស្រុក​ និង​ខណ្ឌ​លើក​ទី២​ គណបក្ស​ប្រជា​ជនកម្ពុជា​ បាន​ចេញ​ផ្សាយ​នូវ​គោល​នយោ​បាយ​ចំនួន​៩​របស់​ខ្លួន​ក្នុង​គោលបំណង​ទាក់​ទាញ​អ្នក​គាំ​ទ្រ​ឱ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ការ​ឃោសនា​នឹង​ប្រព្រឹត្ដ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​១៦​ ឧសភា​ ឆ្នាំ​២០១៤​ ហើយ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ដ​នៅថ្ងៃ​ទី​១៨​ ឧសភា​ ខាង​មុខ​ ។​
គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បញ្ជាក់​ថា​ អនុវត្ដ​គោល​នយោបាយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​កសាង​និង​ការពារ​មាតុភូមិ​កម្ពុជា​ ឆ្នាំ​២០១៣-២០១៨​ គណបក្ស​មាន​គោល​ដៅ​សំខាន់​ៗ​រួម​មាន​ ការ​ការ​ពារ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ និង​សុវត្ថិភាព​សង្គម​នៅ គ្រប់​មូល​ដ្ឋាន​ ដើម្បី​ធានា​រ៉ាប់​រង​ដល់​ការ​អនុវត្ដ​គ្រប់វិស័យ​ និង​ជីវភាព​រស់​នៅ​ដ៏​សុខ​សាន្ដ​របស់​ប្រជា​ពល​រដ្ឋ។​

គោល​នយោបាយ​ចំនួន​៩​ចំណុច​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រា​ជ​ធានី​ខេត្ដ​ ក្រុង​ ស្រុក​ ខណ្ឌ​ នា​ថ្ងៃ​ទី​១៨​ ឧសភា​ ឆ្នាំ​២០១៤​ រួម​មាន​ ការ​សន្យា​ដំឡើង​ប្រាក់​ខែ​មន្ដ្រី​រាជ​ការ​ និងកង​កម្លាំង​ប្រដាប់អាវុធ​ ចំនួន​១លាន​រៀល​ និង​១៦០​ដុល្លារ​ សម្រាប់​កម្មករ​រោង​ចក្រ​នៅ​ឆ្នាំ​២០១៨​ និង​ការ​ដោះ​ស្រាយ​ដីធ្លី​ជា​ដើម​ ។​

គោល​នយោបាយ​ទាំង​៩​ចំណុច​ របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​សេចក្ដី​ប្រកាស​ចុះថ្ងៃ​ទី​១២​ មេសា​ ឆ្នាំ​២០១៤​ ។ គោល​នយោបាយ​នោះ​ក៏ត្រូវ​បាន​បង្ហោះ​នៅក្នុង​គេហទំព័រ​​ផ្លូវ​ការ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​សាទរ​ឆ្នាំ​ថ្មី​ដែលចូលមក​ដល់​នា​ថ្ងៃ​ទី​១៤​ មេសា​ ឆ្នាំ​២០១៤​ ។ ក្រៅ​ពី​លើក​ឡើង​ពី​ការ​ដំឡើង​ប្រាក់​ខែ​មន្ដ្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់អាវុធ​ និង​បញ្ហា​ដីធ្លី​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ពី​អភិបាល​កិច្ច​ល្អ​ សណ្ដាប់ធ្នាប់​សង្គម​ និងការ​អភិវឌ្ឍ​សម្រាប់​ធ្វើ​ជា​គោល​នយោបាយ​អាទិភាព​ក្នុង​ការ​ឃោស​នា​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជ​ធានី​ ខេត្ដ​ក្រុង​ ស្រុក​ ខណ្ឌ​ ផង​ដែរ​ ។​

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២​ ឧសភា​ និង​បញ្ចប់​នៅថ្ងៃ​ទី​១៦​ឧសភា​ ។ រី​ឯ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​ធ្វើ​​ទ្បើង​ជា​​អសកល​ មាន​តែ​​សមាជិក​​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​​សរុប​​១១.៤៥៩​នាក់​ ​គឺ​ជា​អ្នក​បោះ​ឆ្នោត​​ ហើយ​ពួក​គាត់​​មាន​សិទ្ធិ​កាន់​សន​្លឹក​​ឆ្នោត​​ម្នាក​់ពីរ​ ​មាន​ន័យ​ថា​ ពួក​គាត់​អាច​​បោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​រាជ​ធានី​-ខេត្ត​ និង​ក្រុម​ប្រឹក្សា​​ក្រុង​ ស្រុក​-ខណ្ឌ​​ក្នុង​ពេល​តែម​ួយ តែ​​ហិប​ឆ្នោត​​ខុស​គ្នា​ ។ ​

មាន​គណ​បក្ស​​ចំនួន​​៥ បាន​ចុះ​​ឈ្មោះ​ ចូល​រួម​ការ​បោះ​ឆ្នោត​ ​ជ្រើស​រើស​សមាជិក​​ក្រុម​ប្រឹក្សា​​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិ​ទី២​ ។ ​សមាជិក​​ក្រុម​ប្រឹក្សា​រាជ​ធានី​-ខេត្ត​​ចំនួន​​៣៩៣​នាក់​ ​ន​ិង​ក្រុម​ប្រឹក្សា​​ក្រុង​ ស្រុក​-ខណ្ឌ​ចំនួន​​២៩​៣១​នាក់​ នឹង​ត្រូវ​បោះ​ឆ្នោត​​ជ្រើស​រើស​​ ក្នុង​នោះ​ មាន​ការិយាល័យ​​បោះឆ្នោត​ចំនួន​​១៩​​៧​នៅ​ទូទាំង​ប្រទេស​ ដែល​នឹង​ដំណើរ​​ការ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី​​១៨ ឧសភា ឆ្នាំ​២០១៤​ ៕