ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4​នាក់​​ដំបូង​ អ្នក​​ណា​ក្តាប់​​3​ពិន្ទុ​​ជុំទី​1​​ ?​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ មេសា​ ស្អែក​នេះ​ កីឡា​ករ​វ័យ​ក្មេង​៤​រូប​ ក្នុង​ចំណោម​៨​រូប​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ និង​ប្រាក់​លាន​របស់​ក្រុម​ហ៊ុន​គូប៊ូតា​ នឹង​បើក​ឆាក​ប្រកួត​គ្នា​ជា​ផ្លូវ​ការ​ហើយ​ នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ថ្មី​ ដែល​ជា​អតីត​រោង​សៀក​ ទល់​មុខ​មន្ទីរ​រដ្ឋ​សភា​ជាតិ​ ។

រាជធានីភ្នំពេញ​ ៖ នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ មេសា​ ស្អែក​នេះ​ កីឡា​ករ​វ័យ​ក្មេង​៤​រូប​ ក្នុង​ចំណោម​៨​រូប​ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ និង​ប្រាក់​លាន​របស់​ក្រុម​ហ៊ុន​គូប៊ូតា​ នឹង​បើក​ឆាក​ប្រកួត​គ្នា​ជា​ផ្លូវ​ការ​ហើយ​ នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ថ្មី​ ដែល​ជា​អតីត​រោង​សៀក​ ទល់​មុខ​មន្ទីរ​រដ្ឋ​សភា​ជាតិ​ ។​ ការ​ប្រកួត​របស់​កីឡា​ករ​ទាំង​៤​នាក់​នេះ​ តើ​អ្នក​ណា​នឹង​មាន​វាសនា​ក្តោប​ក្តាប់​៣​ពិន្ទុ​មុន​គេ​ សម្រាប់​ការ​ប្រកួត​នេះ​ ?​​

កីឡា​ករ​ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​ក្នុង​ជុំ​ទី១​នោះ​ គឺ​កីឡា​ករ​វីវ៉ា​ សាមីត​ មក​ពី​ក្លិប​ប្រដាល់​កូន​ខ្មែរ​អ្នក​តស៊ូ​ ប៉ះ​ជាមួយ​កីឡា​ករ​ ថន​ វាសនា​ មក​ពី​ក្លិប​នាគ​មាន​ជ័យ​ ។​ រវាង​កីឡា​​ករ​ទាំង​ពីរ​នេះ​ នៅ​មិន​ទាន់​ដឹង​ថា​ អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​យោង​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ កីឡា​ករ​វីវ៉ា​ សាមីត​ ល្អ​ទាំង​កែង​ ម៉ាត់​ ជង្គង់​ និង​កម្លាំង​ស៊ុហ្វ​ ។​ ឆ្លង​តាម​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ កីឡា​ករ​រូប​នេះ​ បាន​សាង​ស្នាដៃ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ដោយ​ក្នុង​ពេល​ខ្លះ​ វីវ៉ា​ សាមីត​ បាន​ផ្តួល​កីឡា​ករ​ស្រករ​ខ្លួន​ និង​ស្រករ​មុន​ឱ្យ​បាក់​មុខ​ ព្រោះ​តែ​ភាព​រហ័ស​ និង​ស្នៀត​ពិសេស​របស់​គេ​នោះ​ទៀត​ផង​។​ រវាង​កីឡា​ករ​ទាំង​ពីរ​មាន​ការ​រំពឹង​ជា​ច្រើន​ថា​ វីវ៉ា​ សាមីត​ នឹង​ដណ្តើម​បាន​៣​ពិន្ទុ​ ដែល​ហោច​ណាស់​ក៏​ពិត​ជា​ដណ្តើម​បាន​ដោយ​លទ្ធ​ផល​ឈ្នះ​ពិន្ទុ​ដែរ​ ។​

យ៉ាង​ណា​ក៏​ដោយ​ ការ​រំពឹង​នឹង​មិន​អាច​លេច​ឡើង​ដូច​ការ​ព្យាករ​នោះ​ទេ​ ក្នុង​ពេល​ដែល​កីឡា​ករ​ ថន​ វាសនា​ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ ល្អ​ដៃ​ ល្អ​ជើង​ និង​មាន​យុទ្ធ​សាស្ត្រ​មុត​ស្រួច​ក្នុង​ការ​វាយ​ផ្តួល​លើ​គ្រប់​កីឡា​ករ​នោះ​ ក៏​មិន​មែន​ជា​ដៃ​គូ​ធម្មតា​ ។​ កីឡា​ករ​រូប​នេះ​ ប្រើ​តែ​ម៉ាត់​ និង​កែង​ប៉ុណ្ណោះ​ តែ​អាច​ធ្វើ​ឱ្យ​កីឡា​ករ​ភាគ​ច្រើន​បរា​ជ័យ​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​លើ​បច្ចេក​ទេស​ប្រើ​ជង្គង់​ និង​ទាត់​ឆ្វេង​ស្តាំ​នោះ​ផង​ ។​ ជុំ​ទី១​របស់​កីឡា​ករ​ទាំង​ពីរ​ គឺ​មិន​ខុស​ពី​ការ​សាក​ល្បង​កម្លាំង​ និង​ដណ្តើម​គ្នា​ឈ្នះ​ចាញ់​ នៅ​លើ​រេញ​ក្នុង​លក្ខណៈ​ពិសេស​នោះ​ទេ​ បើ​ទោះ​ជា​ការ​ប្រកួត​ដណ្តើម​យក​៣​ពិន្ទុ​របស់​ពួក​គេ​ ស្ថិត​ក្នុង​ជុំ​ទី​១​ ដែល​ទោះ​អ្នក​ណា​ឈ្នះ​ដំបូង​​នេះ​ ក៏​មិន​ទាន់​ដឹង​ពី​លទ្ធ​ផល​យ៉ាង​ណា​ក្តី​ ?​

ការ​ប្រកួត​មួយ​គូ​ទៀត​ គឺ​រវាង​កីឡា​ករ​ ម៉ន​ លីហួរ​ មក​ពី​​ក្លិប​ព្រែក​ឯង​មាន​ជ័យ​ ប៉ះ​ជាមួយ​កីឡា​ករ​ គង់​ សំបូរ​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ ។​ គូ​នេះ​រឹត​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​គូ​ដ៏​កន្ត្រាក់​អារម្មណ៍​ខ្ពស់​ជាង​២​នាក់​ខាង​លើ​ទៅ​ទៀត​ ដោយ​សារ​តែ​ ម៉ន​ លីហួរ​ គឺ​ជា​កីឡា​ករ​វ័យ​ក្មេង​កំពុង​ល្បី​ឈ្មោះ​ខាង​មាន​ស្នាដៃ​ រីឯ​កីឡា​ករ​ គង់​ សំបូរ​ គឺ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​របស់​ភេសជ្ជៈ​បាកាស​ ដែល​ឆ្លង​កាត់​ជ័យ​ជម្នះ​លើ​កីឡា​ករ​ជា​ដៃ​គូ​រហូត​ដល់​៧៩​នាក់​ឯណោះ​ មុន​នឹង​ក្លាយ​ជា​បុគ្គល​គ្រង​តំណែង​ម្ចាស់​ខ្សែ​ក្រវាត់​ ។​ មនុស្ស​ជា​ច្រើន​បាន​ផ្តល់​ទស្សនៈ​ថា​ គង់​ សំបូរ​ នឹង​ឈ្នះ​ ហើយ​ដណ្តើម​បាន​៣​ពិន្ទុ​ក្នុង​ជុំ​ទី​១​ ប៉ុន្តែ​ក៏​មិន​ហ៊ាន​សង្ឃឹម​ច្រើន​នោះ​ដែរ​ ក្នុង​ពេល​ដែល​គេ​ដឹង​ថា​ ដៃគូ​បើក​ឆាក​របស់​គេ​ គឺ​ជា​កីឡា​ករ​ ម៉ន​ លីហួរ​ ដែល​មាន​ថ្វីដៃ​គួរ​ឱ្យ​សរ​សើរ​ ។​ កីឡា​ករ​ គង់​ សំបូរ​ ល្អ​កែង​ និង​ទាត់​ល្អ​ ប៉ុន្តែ​ ម៉ន​ លីហួរ​ ក៏​ម៉ាត់​ល្អ​ និង​ជង្គង់​មុត​ស្រួច​ដែរ​ ។​ រវាង​ពួក​គេ​ បើ​អ្នក​ណា​ម្នាក់​ទទួល​ជ័យ​ជម្នះ​ មិន​ត្រឹម​តែ​បាន​៣​ពិន្ទុ​ ហើយ​សប្បាយ​ចិត្ត​ទុក​មុន​ឆ្ពោះ​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ចុង​ឆ្នាំ​នេះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​មាន​ក្រេឌីត​ស្ទុះ​ឡើង​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បន្ថែម​ក្នុង​ចង្កោម​អ្នក​ស្នេហា​កីឡា​ប្រដាល់​ទៀត​ផង​ ។​

ចាំ​មើល​តើ​ការ​ប្រកួត​របស់​កីឡា​ករ​ទាំង​៤​រូប​នេះ​ អ្នក​ណា​នឹង​ទទួល​បាន​៣​ពិន្ទុ​ នាំ​មុខ​គេ​ ។​ ការ​ប្រកួត​នេះ​ នឹង​ធ្វើ​ឡើង​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ​ វេលា​ម៉ោង​១​ ដល់​ម៉ោង​៣​រសៀល​ ដោយ​ក្នុង​មួយ​អាទិត្យ​ មាន​កីឡា​ករ​៤​រូប​ ក្នុង​ចំណោម​៨​រូប​ ប្រកួត​គ្នា​វិល​ជុំ​ ។​ ពួក​គេ​នឹង​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ និង​ម្ចាស់​ទឹក​ប្រាក់​១០​លាន​រៀល​ នៅ​វគ្គ​ចុង​ក្រោយ​ ។​ ការ​ប្រកួត​បើក​ឆាក​ថ្ងៃ​ទី​២០​ មេសា​ នោះ​ ក៏​មាន​ការ​ប្រកួត​អម​ដោយ​កីឡា​ករ​ វង្ស​ ណយ​ និង​កីឡា​ករ​ថៃ​ផង​ដែរ​ ដោយ​មាន​ការ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​មាន​ការ​ទាក់​ទាញ​ខ្លាំង​នៅ​លើ​រេញ​ថ្មី​ ក្នុង​ទីតាំង​រោង​សៀក​នោះ​ ៕​