យោងតាមការស្រាវជ្រាវថ្មីមួយចុះផ្សាយក្នុងព្រឹត្តិបត្រ PloS Oneបានបង្ហាញថា ស្ត្រីដែលហាត់ប្រាណដោយដើររយៈពេល១ម៉ោង.១៤នាទីឬ១ម៉ោងកន្លះរៀងរាល់ថ្ងៃអាចជួយកាត់បន្ថយហានិភ័យពីជំងឺមហារីកដោះបានដល់៤២ភាគរយ ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការធ្វើលំហាត់ប្រាណធម្មតាៗ ១០ម៉ោងក្នុងមួយសប្តាហ៍អាចកាត់បន្ថយការកើតជំងឺខាងដើមបានចំពោះស្ត្រីគ្រប់វ័យ ។ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកទាំងនេះជឿថា ការធ្វើឱ្យខ្លួនយើងមានសកម្មភាព នឹងជួយទប់ស្កាត់ការបង្កើតជាលិកាខ្លាញ់ដែលជាឈ្នាន់ឈានទៅរកការដុះដុំសាច់មហារីក ។ ការសិក្សានេះត្រូវគេធ្វើពិសោធលើស្ត្រីអាយុពី២០ទៅ ៩៨ឆ្នាំប្រមាណ៧៩.១២៤នាក់ដោយក្នុងនោះស្ត្រីដែលមានរោគសញ្ញាមហារីកដោះ ១៥០៤នាក់ ។
យ៉ាងណាក៏ដោយ ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រដដែលបានរកឃើញថា អត្ថប្រយោជន៍នៃការហាត់ប្រាណដែលថាអាចជួយទប់ស្កាត់ការកើតជំងឺមហារីកដោះ អាចត្រូវរលាយបាត់ឬគ្មានតែម្តង ប្រសិនជាស្ត្រីនោះឡើងទម្ងន់ ។ ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ការសង្ស័យថា ការហាត់ប្រាណដែលថាជួយទប់ស្កាត់ការដុះដុំសាច់នោះគឺដោយការកាត់បន្ថយចំនួនកោសិកាខ្លាញ់និងជាលិកាខ្លាញ់ ។
កោសិកានិងជាលិកាខ្លាញ់ទាំងនេះគឺជាអ្នកបញ្ចេញនូវអ័រម៉ូន Oestrogen និង Testosteroneដែលជំរុញឱ្យមានការដុះដុំសាច់ ។ការស្រាវជ្រាវពីលើកមុនក៏បានបង្ហាញផងដែរថា បណ្តាស្ត្រីដែលមានអ័រម៉ូន Oestrogen និង Testosteroneកម្រិតខ្ពស់ក្នុងរាងកាយគឺប្រឈមនឹងគ្រោះថ្នាក់ពីជំងឺមហារីកដោះពី២ទៅ៣ដង ៕
ចែករំលែកព័តមាននេះ