ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​​ពហិការ សមាជិក​​ព្រឹទ្ធសភា​គណ​​ប​ក្ស​ប្រជាជន​​កម្ពុជា​​ប្រកាស​​បន្ដ​និរន្ដរ​ភាព​ប្រជុំ​​ព្រឹទ្ធ​សភា

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្រុម​សមាជិក​ព្រឹទ្ធ​សភា​​ខាង​គណបក្សប្រជាជន​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​របស់​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​១១​រូប​មក​ពី​បក្ស​​សម រង្ស៊ី នៅ​ក្នុង​​ការ​​ប្រជុំ​វិសាមញ្ញ​របស់​ព្រឹទ្ធ​សភា​ ដែល​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​បាន​កំណត់​យក​ថ្ងៃទី​១១​ មេសា ប្រជុំ​វិសាមញ្ញ​ដើម្បី​ពិនិត្យ​ និង​ឱ្យ​យោបល់​លើ​េសចក្តី​ព្រាង​ច្បាប់​​ចំនួន​បី ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្រុម​សមាជិក​ព្រឹទ្ធ​សភា​​ខាង​គណបក្សប្រជាជន​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​របស់​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​១១​រូប​មក​ពី​បក្ស​​សម រង្ស៊ី នៅ​ក្នុង​​ការ​​ប្រជុំ​វិសាមញ្ញ​របស់​ព្រឹទ្ធ​សភា​ ដែល​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា​បាន​កំណត់​យក​ថ្ងៃទី​១១​ មេសា ប្រជុំ​វិសាមញ្ញ​ដើម្បី​ពិនិត្យ​ និង​ឱ្យ​យោបល់​លើ​េសចក្តី​ព្រាង​ច្បាប់​​ចំនួន​បី ។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សមា​ជិក​ព្រឹទ្ធ​សភា​​ខាង​គណ​បក្ស​ប្រជាជន​កម្ពុជា​នេះ​ គឺ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សមា​ជិក​ព្រឹទ្ធ​សភា​​ខាង​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃទី​១០ មេសា​ ដែល​​ប្រកាស​ពី​ការ​មិន​ចូល​ប្រជុំ​វិសាមញ្ញ​របស់​ព្រឹទ្ធ​សភា​ ។​ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សមា​ជិក​​ព្រឹទ្ធ​សភា​ខាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ លើក​ឡើង​ថា​ ចំពោះ​ករណី​នេះ​ក្រុម​សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា​សូម​គូស​បញ្ជាក់​ថា​ ៖

១-​​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​ព្រឹទ្ធ​សភា​បាន​រៀបចំ​សម័យ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធ​សភា​ស្រប​ទៅ​តាម​បទ​ប្បញ្ញត្តិ​ ​និង​​នីតិវិធី​កំណត់​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​ និងបទ​បញ្ជា​ផ្ទៃ​ក្នុង​ព្រឹទ្ធ​សភា ។​
២-​ការប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធ​សភា​នា​ថ្ងៃទី​១១​ មេសា​ របស់​សមា​ជិក​ព្រឹទ្ធ​សភា​ចំនួន​១១​រូប​មក​ពី​គណបក្ស​សម​ រង្ស៊ី​ ពុំ​មាន​ឥទ្ធិ​ពល​អ្វី​រារាំង​បាន​នូវ​ដំណើរ​ការ​​ជា​ប្រក្រតី​​​របស់​ព្រឹទ្ធ​សភា​ឡើយ​ ព្រោះ​ក្នុង​គ្រប់​​កាលៈ​ទេសៈ​កូរ៉ុម​នៅ​មាន​លើស​ពី​ពាក់​កណ្តាល​នៃ​ចំនួន​សមា​ជិក​ព្រឹទ្ធ​សភា​ទាំង​មូល​ ។​
៣-​រដ្ឋសភា​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​នីតិ​កាល​ទី​៥​ បាន​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​ តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សាកល​ ​ដោយ​សេរី​ ស្មើភាព​ ដោយ​ចំពោះ​ និង​ជាសម្ងាត់​ ហើយ​មាន​ភាព​រលូន​ គ្មាន​អំពើ​​ហិង្សា ។​ រដ្ឋ​សភា​នេះ​ បាន​និង​កំពុង​ដំណើរ​ការ​របស់​ខ្លួន​​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ និងបទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​ ហើយ​មាន​នីត្យា​នុកូល​ភាព​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​ការ​ងារ ។​

៤-​អ្នក​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​​ព្រឹទ្ធ​សភា ក៏ដូច​ជា​អ្នក​ធ្វើ​ពហិការ​មិន​ចូល​​ប្រជុំ​រដ្ឋ​សភា សុទ្ធ​តែ​ជា​អ្នក​ទទួលខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​នូវ​ភាព​តំណាង​ដែល​ជា​ឆន្ទៈ​ប្រគល់​ដោយប្រជា​ពល​រដ្ឋ​កម្ពុជា ។​ ពហិការ​ពុំ​មែន​ជា​ដំណោះស្រាយ​ឡើយ ។​ សូម​បញ្ជាក់​ថា​ ក្រុម​សមា​ជិក​ព្រឹទ្ធ​សភា​​ខាង​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​មិន​ចូល​ប្រជុំ​ព្រឹទ្ធ​សភា​របស់​​សមា​ជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សម រង្ស៊ីនេះ​ គឺ​បន្ទាប់​ពី​ក្រុម​សមា​ជិក​​ព្រឹទ្ធ​សភា​១១​រូប​​របស់​គណបក្ស​សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធ​សភា​នៅ​ថ្ងៃទី​១១​ មេសា​ ។ ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចុះ​ហត្ថ​លេខា​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី ទាំង​១១​រូប​សរសេរ​ថា ក្រុម​សមា​ជិក​ព្រឹទ្ធ​សភា​១១​រូប​មក​ពី​គណបក្ស​សម រង្ស៊ី​ សម្រេច​មិន​ចូលរួម​ប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​១១​ មេសា ​ឆ្នាំ​២០១៤ ដើម្បី​ពិនិត្យ​ផ្តល់​​យោបល់​លើ​ច្បាប់​មួយ​ចំនួន​ដែល​បញ្ជូន​មក​ដោយ​រដ្ឋ​សភា​ឯក​បក្ស​នោះ។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ ក៏​បាន​ទទូច​ឱ្យ​គណ​បក្ស​នយោបាយ​ឈ្នះ​​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា​កាល​ពី​ពេល​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨​ កក្កដា​ ២០១៣​ ពិភាក្សា​បញ្ចប់​ជា​បន្ទាន់​អំពី​សមាស​ភាព​ឯក​រាជ្យ​របស់​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ ​ការ​កែ​ទម្រង់​នីតិវិធី​ការ​បោះឆ្នោត​ និង​ការ​បោះ​ឆ្នោត​ឡើងវិញ​ ដើម្បី​ផ្តល់​យុត្តិ​ធម៌​ និង​ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ សម្រាប់​ការ​បោះ​ឆ្នោត​ដែល​ប្រជា​ពល​រដ្ឋ​ និង​សាធារណ​មតិ​អន្តរ​ជាតិ​ទាម​ទារ​យ៉ាង​ខ្លាំង​នោះ។​ ក្រុម​សមា​ជិក​​របស់​គណ​បក្ស​ប្រឆាំង​ចង់​ឃើញ​រដ្ឋ​សភា​ត្រឹម​ត្រូវ​ ពេញ​លេញ​ បញ្ចប់​ចរិត​រដ្ឋ​សភា​ឯក​បក្ស​ ។​ ក្រុម​សមា​ជិក​ព្រឹទ​្ធ​​សភា​ខាងគណបក្ស​សម រង្ស៊ី ស្នើ​ឱ្យ​គណ​បក្ស​នយោបាយ​ទាំងពីរ​​ដែល​ឈ្នះ​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា​នីតិ​កាល​ទី​៥​ តម្កល់​ផល​ប្រយោជន៍​ប្រទេស​​​ជាតិ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​មាន​ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ជា​គន្លឹះ​ដើម្បី​សន្តិ​ភាព​ ស្ថិរ​ភាព​ និង​អភិវឌ្ឍន៍​ពិត​ប្រាកដ​ ។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ការ​ប្រកាន់​ជំហរ​រឹង​ត្អឹង​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ព្រឹទ្ធ​សភា​នេះ​ គឺ​គ្រាន់​តែ​ជា​ចេតនា​អូស​បន្លាយ​នូវ​ស្ថាន​ភាព​បច្ចុប្បន្ន​ឱ្យប្រឈម​​នឹង​ការ​លំបាក​មួ​យចំនួន​ តែ​សម្រាប់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​សសរ​​ស្តម្ភ​នៃ​និរន្តរភាព​ជាតិ​ អាច​​ទ្រោល​ស្ថាន​ការណ៍​នេះ​បាន​ដដែល​ ​។ ការ​ធ្វើ​ពហិការ​នេះ​ក៏​មិន​​មែន​ជា​ឆន្ទៈ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជាតិ​ពិត​ប្រាកដ​នោះ​ដែរ​ ព្រោះ​បើ​និយាយ​ពី​ចំនួន​ ​«កូរុ៉ម​»​ នៃ​អង្គ​ប្រជុំ​​ ទោះ​បី​គ្មាន​ការ​ចូល​រួម​ពី​គណបក្សប្រឆាំង​ ក៏​កិច្ច​ប្រជុំ​នោះ​នៅ​តែ​ដំណើរ​ការ​បាន​ដដែល​ គ្មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ។​

នេះ​ជា​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​មួយ​នៅ​ក្នុង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ ខណៈ​ស្ថាប័ន​នីតិ​ប្រតិបត្តិ​កំពុង​តែ​ផ្តល់​នូវ​​ការ​វិវត្ត​ថ្មី​នៃ​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​នយោបាយ​ ដែល​ផ្តើម​ចេញ​ពី​ការ​ជួប​សន្ទនា​គ្នា​ក្រៅ​ផ្លូវ​ការ​រវាង​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ជាប់​ឆ្នោត​ទាំងពីរ​ ទោះ​បី​នៅ​មាន​ការ​បង្ហាញ​ពី​ភាព​ខ្វែងគ្នា​មួយ​ចំនួន​ក្តី តែ​ឆន្ទៈ​ចង់​រក​ដំណោះស្រាយ​ពិត​ប្រាកដ​មួយ​បាន​ចាប់​ផ្តើម​បើក​ទ្វារ​ហើយ​ ៕​