ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អ្នក​ប្រយុទ្ធ​​គុន​ខ្មែរ​វគ្គ​​2​ ឈាន​ចូល​​ដល់​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ហើយ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​លើ​សង្វៀន CTN យប់​ថ្ងៃ​អាទិត្យ​ ទី​១៣​ មេសា​ខាង​មុខ​ ការ​ប្រកួត​ប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២​ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​លើ​សង្វៀន CTN យប់​ថ្ងៃ​អាទិត្យ​ ទី​១៣​ មេសា​ខាង​មុខ​ ការ​ប្រកួត​ប្រដាល់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២​ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ ។​ បេក្ខ​ភាព​ដែល​ត្រូវ​ឡើង​ប្រកួត​នៅ​ថ្ងៃ​នោះ​មាន​ ណាម ម៉ូរ៉ាក់​ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់​ដំបង​ ជួប​ជា​មួយ​ សឹុម​​ បុ៊ន​ស្រ៊ន់​ មក​ពីក្លិប​ខេត្ត​កំពង់​ចាម​ និង​ មុ៉ន វណ្ណា មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡាខេត្ត​ពោធិ៍​សាត់​ ជួប​ជា​មួយ​ ខុន​ ឆៃ​យ៉ាន់​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ ព្រះ​វិហារ​ ។​

ណាម​ ម៉ូរ៉ាក់​ និង​ស៊ឹម​ ប៊ុន​ស្រ៊ន់​ សុទ្ធ​តែ​ជា​ជើង​ខ្លាំង​​​ ទើប​ពួក​គេ​មាន​ឱកាស​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។ លើក​នេះ​មិន​ទាន់ដឹង​ថា​ នរណា​មាន​សំណាង​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​ទេ​ ។ តាម​រយៈ​ការ​សង្កេត​​លើ​ការ​ប្រកួត​កន្លង​មក​ឃើញ​ថា​ កីឡាករ​ទាំង​២​មាន​សមត្ថភាព​ប្រហែល​គ្នា​ទាំង​កម្លាំង​ចាប់​បោក​ផ្តួល និង​ការ​វាយ​ចេញ​ ដូច្នេះ​លទ្ធ​ផល​ចាញ់​-ឈ្នះ​មានតែរង់​ចាំ​មើល​ការ​ប្រកួត​ជាក់​ស្តែង​បុ៉ណ្ណោះ។​ មុ៉ន វណ្ណា​ និង​ខុន ឆៃយ៉ាន់​ ក៏​មិន​ខុសគ្នា​បុ៉ន្មាន​ដែរ​ ព្រោះ​បើ​ពួកគេ​មិនខ្លាំង​ ក៏​មិន​អាច​ឈាន​ជើង​ឡើង​មកដល់​វគ្គ​នេះ​បាន​ដែរ ។​ ​ជួប​គ្នា​លើក​​នេះ​ទាំង​សង​ខាង​សុទ្ធ​តែ​មាន​ការ​កោត​ញញើត​គ្នាទៅ​វិញទៅ​មក​ ដោយ​មិន​ហ៊ាន​អួត​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់-​ឈ្នះ​ឡើយ ។​

ទោះ​បី​យ៉ាងណា​ អ្នក​ធ្លាប់​តាម​ដាន​ការប្រកួត​ភាគ​ច្រើន​គេ​មានទំនុក​ចិត្ត​លើ ខុន​ ឆៃយ៉ាន់​ ច្រើន​ជាង​​ដោយ​សារ​ មុ៉ន វណ្ណា​ ចាស់​វស្សា​ និង​មាន​ចិត្ត​តស៊ូ​មិន​ងាយ​ចុះ​ចាញ់​គូ​ប្រកួត​ដោយ​ស្រួល​ឡើយ។​ ឯគូ​ប្រកួត​មិត្តភាព​ ច្រិច កុសល​ មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែត​ ជួប​ជា​មួយ​ យុ៉ន សំអាត​ មក​ពី​ក្លិប​សំរោង​កោង​កីឡាខេត្ត​បាត់​ដំបង​ ។ ថៃ​ រិទ្ធី​ មក​ពី​ក្លិប​នាគ​រាជ​គុន​ខ្មែរ​ ជួប​ជា​មួយ​ ជួង​ ទីតា​ មក​ពី​ក្លិប​កងពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ​ និង​ មុំ ចន្ធូ​ មក​ពី​សមាគម​យុវជន​កម្ពុជា​ ខណ្ឌ​មាន​ជ័យ ជួប​ជា​មួយ​ ពេជ្រ​ ខ្មៅ​ មក​ពី​ក្លិប​អេភូ​ថង​កីឡា ៕​