ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល ​សោភ័ណ្ឌ​ ដក​​ឃ្លា​ពី​​ស៊ី​ឈ្នួល​​បើក​រថ​យន្ត​ឱ្យ​​គេ​មក​​ប៉ះ​ នន់ ​ជំនិត​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​ទី​បំផុត​កីឡាករ​វ័យ​ក្មេង​ជើង​ខ្លាំង​ ផល សោភ័ណ្ឌ​ មកពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ បាន​ត្រឡប់​មក​កាន់​សង្វៀន​ប្រដាល់​វិញ​ហើយ​ បន្ទាប់​ពី​ដក​ខ្លួន​អស់​ជា​ច្រើនខែ​ទៅ​ធ្វើ​​ជាអ្នក​បើក​រថយន្ត​ និង​​អ្នក​ការពារ​ឱ្យ​អ្នក​ជំនួញ​ម្នាក់។​ អ្វី​ដែល​សំខាន់​ការ​បង្ហាញ​ខ្លួន​របស់​គេ​ នា​ថ្ងៃ​សុក្រ​ ទី​១១​ មេសា​នេះ​ នឹង​ប៉ះ​ដៃ​គូ​ចាស់ នន់​​ ជំនិត មក​ពី​ក្លិប CMAC នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​ទី​បំផុត​កីឡាករ​វ័យ​ក្មេង​ជើង​ខ្លាំង​ ផល សោភ័ណ្ឌ​ មកពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ បាន​ត្រឡប់​មក​កាន់​សង្វៀន​ប្រដាល់​វិញ​ហើយ​ បន្ទាប់​ពី​ដក​ខ្លួន​អស់​ជា​ច្រើនខែ​ទៅ​ធ្វើ​​ជាអ្នក​បើក​រថយន្ត​ និង​​អ្នក​ការពារ​ឱ្យ​អ្នក​ជំនួញ​ម្នាក់។​ អ្វី​ដែល​សំខាន់​ការ​បង្ហាញ​ខ្លួន​របស់​គេ​ នា​ថ្ងៃ​សុក្រ​ ទី​១១​ មេសា​នេះ​ នឹង​ប៉ះ​ដៃ​គូ​ចាស់ នន់​​ ជំនិត មក​ពី​ក្លិប CMAC នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ។​

កន្លង​មក​កីឡាករ​ផល សោភ័ណ្ឌ​ ធ្លាប់​បំបាក់​ជើង​ចាស់ នន់ ជំនិត​ រួច​ម្តង​ហើយ​កាល​ពី​ថ្ងៃទី​១១​ វិច្ឆិកា ឆ្នាំ​២០១២​ ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,​៥​គីឡូ​ក្រាម ។​ ដ្បិត​ថា​ជ័យ​ជម្នះ​នោះ​ គឺ​ជាការ​ឈ្នះ​ពិន្ទុ​ បុ៉ន្តែ​អ្នក​ណា​ក៏​ឃើញ​ដែរ​ថា​ គេ​បាន​ឈ្នះ​ដាច់​ដោយ​ក្នុង​ទឹក​ទី២​ ផល សោភ័ណ្ឌ​ បាន​បំបុក នន់​ ជំនិត​ ដោយ​កែង​និង​ម៉ាត់​ធ្វើ​ឱ្យ​ នន់ ជំនិត​ ត្រូវ​រាប់​៨​ ដោយ​នឹក​ស្មាន​មិន​ដល់​ទៀត​ផង ។​ កាល​ពី​ជាង​១​ឆ្នាំ​​មុន​ ផល សោភ័ណ្ឌ​ ត្រូវគេ​ស្គាល់​ថា​ ជា​កីឡា​ករ​ជើង​ខ្លាំង​ និង​មាន​សមត្ថភាព​ខ្ពស់​ណាស់​ ដោយ​ក្រោយ​ពី​វាយ​បំបាក់​កីឡាករ​វង្ស​ ណយ​ ដណ្តើមបាន​ខ្សែ​ក្រវាត់​ស្រាបៀរ​​​កម្ពុជា​ ហើយ​គេ​ក៏​បាន​ទាំង​ធ្វើ​ឱ្យ វង្ស ណយ​ បោះបង់​ជំហរ​សង​សឹក​ ព្រោះ​តែ​ភាពស្ទុះ​​ឡើង​របស់​គេ​នា​ពេល​នោះ​ផង​ដែរ ។​ យ៉ាង​ណា​ក៏​ដោយ​ ផល​ សោភ័ណ្ឌ​ បាន​ដក​ខ្លួន​ពី​សង្វៀន​ប្រដាល់​អស់​មួយ​រយៈ​ធំ​ទៅ​ធ្វើ​ជា​អ្នក​បើក​រថ​យន្ត​ និង​ជា​អ្នក​ការពារ​ឱ្យ​អ្នក​ជំនួញ​ម្នាក់​ ទើប​គេ​មិ​នដឹង​ថា​ ឱកាស​ឡើង​រេញ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ តើ​គេ​នឹង​​នៅតែ​ខ្លាំង​ ឬ​ចុះខ្សោយ​កម្លាំង​ជាង​មុន ។​

មួយ​រយៈ​មុន​ ផល សោភ័ណ្ឌ​ ត្រូវគេ​ដឹង​ថា​បាត់​មុខ​ស្ទើរ​ទាំង​ស្រុង​ពី​ការ​ហ្វឹក​ហាត់​ និង​​ថែ​បំប៉ន​សុខ​ភាព ។​ ប្រភព​ពី​ក្រុម​គ្រូ​បង្វឹក​បាន​អះ​អាង​ថា​ ចាប់​តាំង​ពី​បាន​ការងារ​ថ្មី​ធ្វើ​ ផល សោភ័ណ្ឌ​ មាន​ពេល​តិច​ណាស់​ជាមួយ​នឹង​ការងារ​ហ្វឹក​ហាត់​ ហើយ​​បើ​ទោះ​ជា​យូរៗ​ម្តង​គេបាន​បង្ហាញ​មុខ​ក្នុង​ក្លិប​ ក៏​ភាគ​ច្រើន​ទៅលេង​ និង​បាន​ហ្វឹក​ហាត់​តិច​តួច​បុ៉ណ្ណោះ ។​ ដ្បិត​តែ​បុ៉ន្មាន​ថ្ងៃ​មុន​គេ​ស្ទុះ​ស្ទា​ខ្លាំង​ជា​មួយ​នឹង​​ការ​ឡើេង​រេញ​ជា​ថ្មី ក៏​សភាព​នៃ​ការ​ប្រឹង​ប្រែង​នោះ​ហាក់​នៅ​ទាប​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង​អំឡុង​ពេល​មិន​ទាន់​​ទៅ​ធ្វើ​ជា​អ្នក​បើក​រថយន្ត​​ឱ្យ​គេ ។​ ផល សោភ័ណ្ឌ​ ខ្លួន​ឯង​ក៏​សារភាពដែរ​ថា​ ការ​មមា​ញឹក​នឹង​ការងារ​ជាប់​លាប់​មិ​នសូវ​អំណោយ​ផល​ឱ្យ​លោក​បាន​ចូល​ក្លិប​​ហ្វឹក​ហាត់​ និង​ថែ​បំប៉ន​កម្លាំង​ស៊ុហ្វ​បុ៉ន្មាន​ទេ ។​ បុ៉ន្តែ​មក​ពី​ការ​ស្រឡាញ់​ ទើប​ទទួល​ឡើង​រេញ​ភ្លាមៗ​ដោយ​គ្រាន់​តែ​បាន​ទំនេរ​បន្តិច​​បន្តួច​ពី​ការ​ងារ​ស៊ី​ប្រាក់​ខែ​ ។​​ ទោះ​យ៉ាងណា​ លោក​​ក៏​នៅ​តែ​មាន​ការ​រំពឹង​ថា​ អាច​យកឈ្នះ​កីឡាករ​នន់ ជំនិត​ ដោយ​មិន​លំបាក​នោះ​ដែរ​ ដោយសារតែ​រយៈ​ពេល​ចុង​ក្រោយ​ នន់ ជំនិត​ ក៏ចុះ​ខ្សោយ​ខ្លាំង​ ហើយ​មមា​ញឹក​នឹង​ការ​ងារ​រក​ប្រាក់​​ខាង​ក្រៅ​ដូច​គ្នា​ ដែល​មិន​មាន​ពេល​ថែ​បំប៉ន​សុខភាព​ និង​ហ្វឹក​ហាត់​មិន​ខុស​ពី​ខ្លួន​គេ​បុ៉ន្មាន ។​

ផល សោភ័ណ្ឌ​ មាន​ចំណុច​ពិសេស​មួយ​ គឺ​ខ្លាំង​កណ្តាប់​ដៃ​ រហ័ស លឿន​ ហើយចេះ​ផ្លាស់​ទីបាន​រហ័ស​ដើម្បី​គេច​ចេញ​ពី​ការវាយបក ។​ ក្នុង​នោះ​សូម្បីតែ​កែង​របស់​គេ​ក៏​មុត​ស្រួច​ ពិបាក​ឱ្យ​ដៃ​គូ​គេច​ផុត​ផង​ដែរ​គ្រប់​ពេល​វាយ​ចេញ ។​ អុី​ចឹង​ហើយ​ទើប ផល សោភ័ណ្ឌ​ នៅ​តែ​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​ប្រដាល់​សាកល​រហូត​មក​ទល់​ពេល​នេះ​ ។​ ចំណែក​ នន់ ជំនិត​ វិញ គេមាន​ចំណុច​ខ្លាំង​មួយ​ គឺ​នៅ​មាន​ផ្លែ​ដៃ​ល្អ​ បុ៉ន្តែ​ឆាប់​ហត់​បន្តិច​ ។ ទោះ​បី​យ៉ាង​ណា​ ម្នាក់ៗ​កំពុង​ចាំ​មើល​ថា​ តើ​ការ​ឡើង​​រេញ​របស់ ផល សោភ័ណ្ឌ​ លើក​​នេះ​នៅតែ​បន្ត​ឈ្នះ នន់ ជំនិត​ ដូច​មុន​ឬ​យ៉ាងណា​ ក្នុង​​ពេលដែល​ ផល សោភ័ណ្ឌ​ ហាក់​ឃ្លាត​ឆ្ងាយ​មួយ​រយៈ​ធំ​ផុត​ពី​ផ្លូវ​ប្រដាល់​មិន​ដូច​ពេល​មុន​​បែប​នេះ​នោះ ?​

ការប្រកួតរបស់​ ផល សោភ័ណ្ឌ​ កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​បើ​សិន​និយាយ​ពី​សន្ទុះ​ចង់​ដឹង​ ក៏​ស្ទើរ​តែ​ប្រហាក់​ប្រហែល​នឹងព្រឹត្តិ​ការណ៍​​ប្រដាល់​អន្តរ​ជាតិ​ ដែល​​ទូរ​ទស្សន៍បាយ័ន​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​នោះ​ផងដែរ ។​ នេះបើ​យោង​តាម​ការ​ជជែក​ពិភាក្សា​ដែល​គេបាន​ឮ​​ក្នុង​ចង្កោម​អ្នក​ស្នេហា​កីឡា​ប្រដាល់​ ដែល​ភាគ​ច្រើន​គឺ​អ្នក​រត់​ម៉ូតូ​ឌុប​ អ្នក​ភ្នាល់​ និង​អ្នក​បើក​វេទិកា​តុ​មូល​នៅ​តាម​រោង​កាហ្វេ​ ៕​