ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ​ណយ​ មាន​​ទីផ្សារ​ក្រោយ​​ការ​វាយ​​សំពង​​ដោយ​ព័ត៌​​មាន​​អាស្រូវ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្រោយ​ទទួលរង​ការ​រិះ​គន់​ពេញ​បន្ទុក​លើ​ករណី​ប្រកួត​មិន​អស់​ដៃ​ជា​ច្រើន​លើក​ច្រើន​សា​រហូត​ឈាន​ដល់​ការ​ដាក់​ពិន័យ​ឱ្យបាត់​មុខ​មួយ​រយៈ​ ពេល​នេះ​កីឡាករ​វង្ស ណយ​ ជើង​ខ្លាំង​ក្នុង​ពិភព​ប្រដាល់​ខ្មែរ​ត្រូវ​គេ​ឃើញ​ចាប់​ផ្តើម​​មាន​សន្ទុះ​ទីផ្សារ​ត្រឡប់​មក​វិញ​ហើយ ។​ អ្វី​ដែលសំខាន់​គឺ​លោក​កំពុងស្ថិត​ក្នុង​ផែន​ការ​តម្រូវ​ឱ្យ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ធំៗ​ជា​បន្ត​បន្ទាប់​ទៀត​ផង ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្រោយ​ទទួលរង​ការ​រិះ​គន់​ពេញ​បន្ទុក​លើ​ករណី​ប្រកួត​មិន​អស់​ដៃ​ជា​ច្រើន​លើក​ច្រើន​សា​រហូត​ឈាន​ដល់​ការ​ដាក់​ពិន័យ​ឱ្យបាត់​មុខ​មួយ​រយៈ​ ពេល​នេះ​កីឡាករ​វង្ស ណយ​ ជើង​ខ្លាំង​ក្នុង​ពិភព​ប្រដាល់​ខ្មែរ​ត្រូវ​គេ​ឃើញ​ចាប់​ផ្តើម​​មាន​សន្ទុះ​ទីផ្សារ​ត្រឡប់​មក​វិញ​ហើយ ។​ អ្វី​ដែលសំខាន់​គឺ​លោក​កំពុងស្ថិត​ក្នុង​ផែន​ការ​តម្រូវ​ឱ្យ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ធំៗ​ជា​បន្ត​បន្ទាប់​ទៀត​ផង ។​

លោក​តែម ម៉ឺន ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ បាន​ទទួល​ស្គាល់​ថា​ កីឡាករ​​វង្ស ណយ​ ពិត​ជា​ធ្លាប់​ជាប់​ពាក់​ព័ន្ធ​លើ​ការ​ចោទ​ប្រកាន់​ជុំវិញ​ការ​ប្រកួត​មិន​អស់ដៃ​នា​ពេល​កន្លង​មក​ បុ៉ន្តែ​សហ​ព័ន្ធ​មិន​អាចគ្រាន់តែ​ភាពខុស​ឆ្គង​មួយ​ពេល​របស់​គេ​ ហើយ​បិទ​គេ​មិន​ឱ្យ​មាន​មុខ​នៅ​លើ​សង្វៀន​ប្រដាល់​វិញ​ទេ ។​ បន្ថែម​ពីលើ​នោះ​​ ខាង​សហ​ព័ន្ធ​របស់​លោក​បាន​ទាំង​កំពុង​លើក​ទឹកចិត្ត​ និង​បង្កើន​ឱកាស​ឱ្យ​កីឡាករ​ខ្លាំងៗ​ដែល​ប្រឈម​នឹង​បញ្ហា​ឡើង​ប្រកួត​មិន​អស់​ដៃ​ដូច​ វង្ស ណយ​ ជា​ដើម​ ឱ្យ​ក្លាយ​ជា​កីឡាករ​ដែល​មាន​ទីផ្សារ​ និង​រុញ​ឱ្យ​គេស្រឡាញ់​មុខ​មាត់​ ស្រឡាញ់​កិត្តិ​យស​ ដោយ​បញ្ចេៀស​នូវ​ការប្រកួត​ចាញ់​ ជា​ថ្នូរ​នឹង​ប្រាក់​កាស​ដូចដែល​ធ្លាប់​ចោទ​ប្រកាន់​នោះ​ទៀត​ផង ។​

អុីចឹង​ហើយ​ទើបគ្រាន់​តែ​វាយ​ឈ្នះ​កីឡា​ករ​កែវ រំចង់​ ក្នុង​វគ្គដណ្តើម​ខ្សែ​ក្រវាត់​កាល​ពី​ថ្ងៃ​សុក្រ​ ទី​៤ មេសា​ កាន់​តែ​ធ្វើ​ឱ្យ​សហ​ព័ន្ធ​របស់​លោក​មាន​ទឹក​ចិត្ត​ផ្គូ​ផ្គង​ឱ្យ​គេ​ប៉ះ​ជា​មួយ​កីឡាករ​ខ្លាំង​ៗ និង​លេច​មុខ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​ធំៗ​ ។ លោកតែម ម៉ឺន​ បន្ត​ថា​ មិនមែន​ចំពោះ​តែ​កីឡាករ​វង្ស ណយ​ ម្នាក់​នោះ​ទេ​ កីឡាករ​ផ្សេង​ទៀត​ ក៏​ខាង​សហ​ព័ន្ធ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ពួក​គេ​ដូចគ្នា ដោយ​ប្រើ​មធ្យោ​បាយ​ពង្រីក​ទីផ្សារ និង​មុខ​មាត់​ឱ្យ​ពួកគេ​បែប​នេះ ។​ គោល​ការណ៍​អធ្យាស្រ័យ​ និង​​លើក​លែង​នូវ​កំហុស​ឆ្គង​ចំពោះ​កីឡាករ​ បន្ទាប់​ពី​បាន​ដាក់​វិន័យ​ គឺ​ដោយសារ​តែ​លោកដឹង​ថា​ ស្ថាន​ភាព​របស់​កីឡាករ​កម្ពុជា​មិន​មែន​អ្នក​ណា​ម្នាក់​ចង់ប្រកួត​មិន​អស់ដៃ​ទាំង​អស់​នោះ​ទេ បុ៉ន្តែ​វា​អាច​មក​ពី​កត្តា​ជីវភាព​ដែល​ពួក​គេ​តម្រូវ ។​ ជាក់​ស្តែង ចំពោះ​ករណី​របស់​កីឡា​ករ​វង្ស ណយ​ ខាង​សហ​ព័ន្ធ​ក៏​ធ្លាប់​ព្រមាន​ចំពោះ​គេ​ផង​ដែរ​ គ្រប់​ពេលដែល​មាន​​ការ​សង្ស័យ​ថា ការ​បរា​ជ័យ​របស់​គេ​ស្ថិត​ក្នុង​ភាពមិន​សម​ទំនង​ ។​
លោក​តែម ម៉ឺន​ ឱ្យ​ដឹង​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​ កីឡាករ​វង្ស ណយ​ នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​ទីផ្សារ​ឡើង​វិញ​ បន្ទាប់​ពី​មើល​ឃើញ​ថា​ គេ​បាន​សន្យា​​ហើយ​ធានា​ប្រឹង​ប្រកួត​ដណ្តើម​​យក​មុខ​មាត់ និង​កេរ្តិ៍​ឈ្មោះ​ត្រឡប់​មក​វិញ ។​​

លោកបាន​ទាំង​សរ​សើរ​ថា​ បើ វង្ស ណយ​ មិន​ជាប់​សម្ពាធ​ហើយ​ប្រកួត​អស់​ដៃ​ គឺ​មិន​ងាយ​ទេ​សម្រាប់​អ្នកដែល​ចង់​ឈ្នះ​គេ ។ ខាង​សហ​ព័ន្ធ​មិន​អាច​ខុស​ដៃ​យក​ដៃ​ ខុស​ជើង​យក​ជើង​នោះ​ទេ ។​ អ្វី​ដែល​សំខាន់​គឺ​សហ​ព័ន្ធ​មាន​បំណង​ថែរក្សា​ និង​​លើក​ស្ទួយ​កីឡាករ​ល្អៗ​ និង​ខ្លាំងៗ​ឱ្យ​មាន​មុខ​មាត់​នៅ​លើ​រេញ​ប្រដាល់​គ្រប់ៗ​គ្នា ។​ ក្រោយ​ការ​រួច​ពិន័យ​ គេ​ឃើញ​កីឡា​ករ​វង្ស ណយ​ ពិត​ជា​មាន​ទីផ្សារ​ ហើយ​មាន​មុខ​ឡើង​រេញ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ធំៗ​ដូច​ការ​បញ្ជាក់​ខាង​លើ​នោះ​មែន ។​ ជាក់​ស្តែង​ នៅថ្ងៃទី​២០​ មេសា​ខាង​មុខ​ គេ​នឹង​លេច​មុខ​ក្នុង​ព្រឹត្តិ​ការណ៍​បើក​សម្ពោធ​ការប្រដាល់​ជ្រើស​រើស​ជើង​ឯក​គូប៊ូតា​របស់​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ថ្មី​ ដោយ​ឡើង​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ ខណៈ​ដែល​នៅ​លើ​សង្វៀន​អន្តរ​ជាតិ​របស់​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ ក៏​អះ​អាង​ថា​ នឹង​ផ្គូ​ផ្គូ​​គេ​ឱ្យ​ប៉ះ​ជា​មួយ​កីឡាករ​បរ​ទេស​ដូច​គ្នា​នៅ​បន្ទាប់​ពី​ចូលឆ្នាំ​ខ្មែរ ។​

មន្ត្រី​សហ​ព័ន្ធ​ និង​អ្នក​​ផ្គូ​ផ្គង​ប្រចាំបុ៉ស្តិ៍​ទូរ​ទស្សន៍​បញ្ជាក់​ថា​ បើ វង្ស ណយ​ គេច​ផុត​ពី​ការ​រិះគន់​នោះ គេ​មិន​ត្រឹមតែ​មាន​ទីផ្សារ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ក្នុង​ស្រុក​បុ៉ណ្ណោះ​ទេ ក្នុង​នោះ​ទីផ្សារ​ក្រៅ​ប្រទេស​រួម​មានចេញ​ទៅបារាំង​ និងការ​ប្រកួត​ផ្សេងៗ​ជា​ដើម​ ក៏​នឹង​មាន​មុខ​ទាំង​អស់​ដោយសារតែ វង្ស ណយ​ នៅតែ​ស្ថិត​ក្នុង​បញ្ជី​ជា​អ្នក​ខ្លាំង​ដដែល ។​ នេះគឺ​ជា​អ្វី​ដែល​ត្រូវគេ​មើល​ឃើញថា​ បាន​កើត​ឡើង​ចំពោះ​កីឡាករ​វង្ស ណយ​ បន្ទាប់​ពី​មួយ​រយៈ​មុនកីឡាករ​រូប​នេះ​ត្រូវ​បាន​វាយ​សំពង​ដោយ​ព័ត៌​មាន​អាស្រូវ​ពាក់​ព័ន្ធ​នឹង​ករណី​ប្រកួត​មិន​អស់ដៃ​នៅ​លើ​​រេញ​ប្រដាល់ ។​

យ៉ាងណា​ក៏​ដោយ​ កីឡាករ​វង្ស ណយ​ បាន​ច្រាន​ចោល​ច្រើន​លើក​ហើយ​ថា​ ការ​ចោទ​ប្រកាន់​នោះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​ដោយ​គ្មាន​ការ​វិភាគ​ពី​ស្ថាន​ភាព​សុខ​​ភាព​របស់​លោក និង​ការ​ភ្លាត់​ស្នៀត​របស់​លោក​នៅ​លើ​រេញ​នោះ​តែ​បុ៉ណ្ណោះ ៕