ឃ្មុំរាប់ម៉ឺនក្បាលឡោមព័ទ្ធរថយន្តប៉ូលិស ធ្វើឱ្យជាប់គាំងក្នុងរថយន្តជាង3ម៉ោង
ដោយ ៖ សាម៉ន
ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៦:១៨

គេហទំព័របរទេស
ឃ្មុំឡោមព័ទ្ធរថយន្តប៉ូលិស
ប្រភពព័ត៌មានពីបរទេសបានឱ្យដឹងថា មានឃ្មុំរាប់ម៉ឺនក្បាលបានហើរចេញពីរថយន្តដឹកទំនិញសំរុកចូលទៅឡោមព័ទ្ធរថយន្តប៉ូលិសបណ្តាលឱ្យមន្ត្រីប៉ូលិសម្នាក់ជាប់នៅក្នុងរថយន្តនោះអស់ជាង៣ម៉ោង។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ សីហា ក្បែរទីក្រុងរ៉ូវលី រដ្ឋន័រឃែរ៉ូឡៃណា សហរដ្ឋអាមេរិក ខណៈពេលសមត្ថកិច្ចប៉ូលិសបានទទួលដំណឹងថា មានរថយន្តដឹកទំនិញមួយគ្រឿងឈប់នៅតាមផ្លូវ។
នៅពេលប៉ូលិសទៅដល់កន្លែងកើតហេតុឃើញថា រថយន្តខាងលើជារថយន្តដឹកទំនិញដែលដឹកផ្លិតឃ្មុំចំនួន៦០ផ្លិត ។ ជាធម្មតាការដឹកជញ្ជូនផ្លិតឃ្មុំគេរមែងធ្វើនៅពេលយប់ដើម្បីឱ្យឃ្មុំស្ថិតនៅក្នុងផ្លិត ប៉ុន្តែការដឹកជញ្ជូនលើកនេះរថយន្តខូចនៅតាមផ្លូវ លុះព្រឹកឡើងឃ្មុំក៏ហើរចេញពីផ្លិត។ លោកហ្វីលីស ស្ទីវ៉េន អ្នកនាំពាក្យផ្នែកបង្ក្រាបបានឱ្យដឹងថា «ឃ្មុំប្រហែលមានភាពច្របូកច្របល់ និងគ្មានមេកោយនៅក្នុងសំបុក វាក៏បាននាំគ្នាមកចោមរោមរថយន្តប៉ូលិស ព្រោះវាជាទីកន្លែងដ៏ធំបំផុតដែលវាកំពុងស្វែងរកនៅទីនោះ»។ ឃ្មុំប្រហែល៣០.០០០ទៅ៥០.០០០ក្បាលត្រូវបាននាំចេញពីផ្នែកខាងក្រៅរថយន្តរបស់ប៉ូលិស។
លោកស្រីជេន្នីហ្វើរ ខេល័រ អ្នកជំនាញផ្នែកចិញ្ចឹមឃ្មុំមកពីមហាវិទ្យាល័យន័រឃែរ៉ូឡៃណា បញ្ជាក់ថា «ខ្ញុំមិនធ្លាប់បានជួបនឹងហេតុការណ៍បែបនេះពីមុនឡើយ ដោយឃ្មុំទាំងអស់មិនដឹងចាកចេញទៅកន្លែងណា ទើបបានជាមកប្រមូលផ្តុំនៅលើរថយន្តប៉ូលិស បណ្តាលឱ្យមន្ត្រីប៉ូលិសជាប់នៅក្នុងរថយន្តដល់ទៅជាង៣ម៉ោង ៕