អំពើហិង្សាប្តីវាយប្រពន្ធកូនខ្ចី៤ខែរបួសធ្ងន់
ដោយ ៖ អប្សរា
ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:០៨
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចប៉ូលិសចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសកំណាចរូបនេះបានយកពូថៅ និងដែកស្បែង ទៅបុកចំដើមទ្រូងប្រពន្ធ ដែលកំពុងសរសៃខ្ចីរយៈពេល៤ខែ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ នៅភូមិធ្លកដីថ្ម ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
តាមរបាយការណ៍របស់ប៉ូលិសស្រុកថ្មពួកបានឱ្យដឹងថា បុរសអន្ធពាលដែលបង្កអំពើហិង្សាគួរឱ្យថ្កោលទោសនេះ ឈ្មោះសុន ជល់ អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះឡាត់ ឡា អាយុ៣៣ឆ្នាំ មានកូនខ្ចី៤ខែ រស់នៅភូមិ-ឃុំខាងលើ ។
តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ឈ្មោះសុន ជល់ ផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយជននេះញៀនកញ្ឆាទៀតផង និងតែងតែប្រើអំពើហិង្សាក្នុងគ្រួសាររបស់ខ្លួនស្ទើររាល់ថ្ងៃ ។
ជាក់ស្តែងនៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ ជននេះបានយកពូថៅវាយទៅលើប្រពន្ធ បណ្តាលឱ្យបាក់ដៃខាងឆ្វេង និងយកដែកស្បែងបុកចំដើមទ្រូងប្រពន្ធរបួសធ្ងន់ធ្ងរ ហើយត្រូវបានព្យាបាលនៅនឹងផ្ទះ ព្រោះគ្មានថវិកាធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យ ។ បច្ចុប្បន្នជនល្មើសជាប្តី ត្រូវបានកំលាំងជំនាញរបស់អធិការនគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕