រាជធានីភ្នំពេញ ៖ សម្លេងផ្ទុះលានផាំងបង្កឱ្យជាងផ្សារអ៊ីណុកជនជាតិវៀតណាមពីរនាក់ភ័យព្រលឹងចុងសក់ ខណៈពួកគេកំពុងផ្សារសំភារធ្វើពីអ៊ីណុកមួយចំនួន ហើយស្រាប់តែផ្ទុះធុងហ្គាស បណ្តាលឱ្យរងរបួសស្រាល ដែលការផ្ទុះនេះបានកើតឡើងនៅផ្ទះលេខ២BEo ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី៧ កញ្ញា ២០១០ ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា កាលពីវេលាម៉ោងខាងលើពិតជាមានករណីផ្ទុះធុងហ្គាសផ្សារដែកអ៊ីណុកនៅផ្ទះលេខ២BEo ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ពិតប្រាកដមែន ។ ផ្ទះផ្ទុះហ្គាសនោះមានម្ចាស់ឈ្មោះសុខ ហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះហ្វាងតឹង រងរបួសស្រាល ។
មូលហេតុបណ្តាលឱ្យផ្ទុះនេះទំនងជាមកពីធុងហ្គាសដាក់ថ្មស្អុយលើសចំណុះ ឬមកពីវាចាស់ពេក ប៉ុន្តែហាក់ដូចជាសំណាងល្អដែរ ព្រោះហេតុការណ៍នេះមិនបណ្តាលឱ្យខូចខាតសំភារធ្ងន់ធ្ងរទេ និងផ្ទះជិតខាងលេខ២CEo ដែលលក់គ្រឿងបន្លាស់រថយន្តទទួលក៏មិនរងការខូចខាតធំដុំដែរ ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕