ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ចា រិទ្ធី​ ចាក​ចេញ​ពី​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​5 ទៅ​ជំនួស​លោក​គួច ខេវិន នៅ​ទូរ​ទស្សន៍​​អាស៊ីអាគ្នេយ៍

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ចា រិទ្ធី ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រគំ​តន្ត្រី​ជាយូរ​ឆ្នាំ​មក​ហើយ​​នៅ​ស្ថានីយ​ទូរ​​ទស្សន៍​ប៉ុស្តិ៍​លេខ​៥ បច្ចុប្បន្ន​មិន​មាន​វត្ត​មាន​នៅ​ទី​នោះ​ទៀត​ទេ​ ខណៈ​លោក​គួច ខេវិន ក៏ចាក​ចេញ​ពី​តំណែង​ដូច​គ្នា​នេះ​ពី​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ដែរ​ ។ លោក​ចា រិទ្ធី​ បាន​ទៅ​ជំនួស​កន្លែង​លោក​គួច​ ខេវិន នៅ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ តែ​សម្រាប់​លោក​គួច​ ខេវិន មិន​​ទាន់​ដឹង​កន្លែង​ថ្មី​នៅ​ឡើយ​ទេ ។

រាជធានីភ្នំពេញ ៖ លោក​ចា រិទ្ធី ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រគំ​តន្ត្រី​ជាយូរ​ឆ្នាំ​មក​ហើយ​​នៅ​ស្ថានីយ​ទូរ​​ទស្សន៍​ប៉ុស្តិ៍​លេខ​៥ បច្ចុប្បន្ន​មិន​មាន​វត្ត​មាន​នៅ​ទី​នោះ​ទៀត​ទេ​ ខណៈ​លោក​គួច ខេវិន ក៏ចាក​ចេញ​ពី​តំណែង​ដូច​គ្នា​នេះ​ពី​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ដែរ​ ។ លោក​ចា រិទ្ធី​ បាន​ទៅ​ជំនួស​កន្លែង​លោក​គួច​ ខេវិន នៅ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ តែ​សម្រាប់​លោក​គួច​ ខេវិន មិន​​ទាន់​ដឹង​កន្លែង​ថ្មី​នៅ​ឡើយ​ទេ ។

លោក​ចា រិទ្ធី ​​ជា​អ្នក​ដឹក​នាំ​កម្ម​វិធី​​សិល្បៈ​តន្ត្រី​​​នៅ​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥ ជា​យូរ​មក​ហើយ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​កត់​​សម្គាល់​ឃើញ​ថា​​ កម្ម​វិធី​ដែល​លោក​កាន់​កាប់​នោះ​ខក​ខាន​ផ្សាយ​ផ្ទាល់​ គឺ​កម្ម​វិធី​ «តារា​មាស​តន្ត្រី» ។ ​

ថ្មីៗ​នេះ​ តាម​ដំណឹង​ពី​អ្នក​សិល្បៈ​​ឱ្យ​ដឹង​ថា លោក​ចា រិទ្ធី​​ លា​ឈប់​ជា​ផ្លូវ​ការ​ហើយ​ពី​ទូរ​ទស្សន៍​លេខ​៥ ដោយ​ផ្លាស់​ទៅ​ធ្វើ​ជា​អ្នក​ចាត់​ចែង​កម្ម​វិធី​ប្រគំ​តន្ត្រី​នៅ​ស្ថានីយ​ទូរ​ទស្សន៍​​អាស៊ី​អាគ្នេយ៍​វិញ​ ។

​ដោយ​សារ​​តែ​លោកចា រិទ្ធី ទៅ​រៀប​ចំ​កម្ម​វិធី​ប្រគំ​តន្ត្រី​នៅ​ស្ថានីយ​ទូរ​ទស្សន៍​​អាស៊ី​អាគ្នេយ៍​​នេះ​ហើយ ​ទើប​មួយ​រយៈ​នេះ​ឃើញ​ប្លែក​ពី​មុន​​ គឺ រៀប​​ឆាក​​ថ្មី​ និង​​អ្នក​សិល្បៈ​ចូល​រួម​សម្តែង​សុទ្ធ​តែ​តារា​​ ល្បីៗ​​ មាន​ទាំង​លោក​ព្រាប សុវត្ថិ​ ​និង​ឱក សុគន្ធ​កញ្ញា​ ជា​ដើម ។ លើស​ពី​នេះ​តារា​កំប្លែង នាយ​ក្រឹម​ ពុំ​ធ្លាប់​សម្តែង​នៅ​អាស៊ី​អាគ្នេយ៍​សោះ​ ក៏​ប្រែ​ជា​ឃើញ​មុខ​ចូល​រួម​សម្តែង​ដែរ ។

​ជុំ​វិញ​​រឿង​លោក ចា រិទ្ធី ​លា​ឈប់​ពី​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​​ដែល​ធា្លប់​បម្រើ​ការ​ងារ​​អស់​ពេល​ជា​ច្រើន​ឆ្នាំ​​មក​ហើយ​នោះ អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​នៅ​មិន​​ទាន់​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​​ពី​​រូប​លោក​ផ្ទាល់​​បាន​នៅ​ឡើយ​ទេ​ ។ ទោះ​ជា​​យ៉ាង​ណា​ក្តី បើ​តាម​ប្រភព​នៅ​កៀក​កិត​ក្នុង​ពិភព​សិល្បៈ​ឱ្យ​ដឹង​ថា លោកចា រិទ្ធី បាន​ចូល​​ទៅ​កាន់​កម្ម​វិធី​សិល្បៈ​នៅ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​​រយៈ​ពេល​២​​ស​ប្តាហ៍​​​មក​ហើយ ដោយ​លោក​​លា​ឈប់​ពី​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ។ ដូច្នេះ​ហើយ​​ទើប​បាន​ជា​មួយ​រយៈ​នេះ កម្ម​វិធី​​ប្រគំ​តន្ត្រី​នៅ​​​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​​ប្លែក​ច្រើន​​ ដោយ​មាន​តារា​ចម្រៀង​​ ល្បីៗ អ្នក​កំប្លែង​ ល្បីៗ​​​​ឡើង​សម្តែង ខណៈ​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​៥​ មិន​ឃើញ​ផ្សាយ​ផ្ទាល់​កម្ម​វិធី​ «តារា​មាស​តន្ត្រី» ។

​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​​ទៀត​ថា លោក​ចា រិទ្ធី លា​ឈប់​ពី​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​៥ ទៅ​កាន់​កន្លែង​ថ្មី​​គ្រប់​គ្រង​​​​កម្ម​វិធី​​សិល្បៈ​ចំនួន​៤​ សុទ្ធ​សឹង​តែ​ជា​កម្ម​វិធី​ប្រគំ​តន្ត្រី​ ។ លោក រិទ្ធី​  ទៅ​កែ​លម្អ​កម្ម​វិធី​ប្រគំ​តន្ត្រី​​នៅ​ទី​នោះ​ឱ្យ​​ប្លែក​ ក្នុង​នោះ​ឆាក​តន្ត្រី​​លម្អ​ភ្លើង​ពណ៌​​ប្រណីត​ ក្នុង​ពេល​ស្ថានីយ​ផ្សេង​ទៀត​​​រៀប​ចំ​​ឆាក​ត​ន្ត្រី​​កាន់តែ​ទំនើប​ឡើងៗ​ ។

​ទន្ទឹម​នឹង​មាន​ព័ត៌​មាន​ថា​លោក​​ចា រិទ្ធី​ ចាក​ចេញ​ពី​ទូរ​ទស្សន៍​ប៉ុស្តិ៍​​លេខ​៥ ទៅ​កាន់​ការងារ​នៅ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​​នោះ​ ក៏​​លេច​ឮ​​ថា លោក​គួច ខេវិន ដែល​ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រគំ​តន្ត្រី​នៅ​ទូរ​ទស្សន៍​អាស៊ី​​អាគ្នេយ៍​​ ​​ចាកចេញ​ទៅ​កន្លែង​ថ្មី​ដែរ​ ។ មានន័យ​ថា លោក​ចា រិទ្ធី​ បាន​ទៅ​ជំនួស​កន្លែង​លោក​គួច ខេវិន ខណៈ​លោក​គួច​ ខេវិន ទៅ​សាង​ស្នា​ដៃ​នៅ​​កន្លែង​ថ្មី​​ផ្សេង​ទៀត​ ។

លោក​គួច ខេវិន​ ជា​អ្នក​រៀប​ចំ​កម្ម​វិធី​​​ប្រគំ​តន្ត្រី​នៅ​ស្ថានីយ​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍​ជា​យូរ​មក​ហើយ​​ ប៉ុន្តែ​ឥឡូវ​នេះ​លោក​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ផ្សេង​វិញ​ ។
​ចំពោះ​​លោក​គួច ខេវិន​​ ក៏​កោះ​សន្តិ​ភាព​ព្យាយាម​ទាក់​ទង​សួរ​នាំ​ពុំ​ទាន់​បាន​សម្រេច​ដែរ ។ ​មិន​មាន​ប្រភព​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ចាក​ចេញ​ពី​​កន្លែង​ចាស់​ទៅ​​សាង​ស្នា​ដៃ​នៅ​កន្លែង​ថ្មី របស់​លោក​ចា រិទ្ធី និង​លោក​គួច ខេវិន​ ទេ ៕