ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ព​​ជើង​គោក​ថៃ​បារម្ភ​ពី​​ស្ថាន​ការណ៍​នយោ​បាយ​ ខណៈ​​ក្រុម​កសិករ​តវ៉ា​ត្រឡប់​​ទៅ​លំនៅ​ឋាន​ ក្រោយ​ពី​រដ្ឋា​ភិបាល​សន្យា​ផ្តល់​ប្រាក់​អាទិត្យ​ក្រោយ​

10 ឆ្នាំ មុន

លោក​ប្រាយុទ្ធ​ ច័ន្ទ​អូចា​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ថៃ​ មាន​ក្តី​បារម្ភ​លើ​ស្ថាន​ការណ៍​ទំនាស់​ក្នុង​ពេល​អនា​គត​ ដោយ​បាន​ចេញ​បញ្ជា​ឱ្យ​កង​ទ័ព​ធ្វើ​កំណែ​ទម្រង់​ផែន​ការ​ការ​ពារ​សន្តិ​សុខ​ និង​មាន​ការ​សោក​ស្តាយ​លើ​ការ​ស្លា.ប់​បាត់​បង់​ជីវិត​មន្ត្រី​ និង​ប្រជា​ជន​នៅ​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ទីតាំង​របស់​ក្រុម​អ្នក​តវ៉ា​ កាល​ពី​ថ្ងៃ​ទី​១៨​ កុម្ភៈ​ កន្លង​ទៅ​ ។​

លោក​ប្រាយុទ្ធ​ ច័ន្ទ​អូចា​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ថៃ​ មាន​ក្តី​បារម្ភ​លើ​ស្ថាន​ការណ៍​ទំនាស់​ក្នុង​ពេល​អនា​គត​ ដោយ​បាន​ចេញ​បញ្ជា​ឱ្យ​កង​ទ័ព​ធ្វើ​កំណែ​ទម្រង់​ផែន​ការ​ការ​ពារ​សន្តិ​សុខ​ និង​មាន​ការ​សោក​ស្តាយ​លើ​ការ​ស្លាប់​បាត់​បង់​ជីវិត​មន្ត្រី​ និង​ប្រជា​ជន​នៅ​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ទីតាំង​របស់​ក្រុម​អ្នក​តវ៉ា​ កាល​ពី​ថ្ងៃ​ទី​១៨​ កុម្ភៈ​ កន្លង​ទៅ​ ។​

កាល​ពី​ថ្ងៃ​ទី​២០​ កុម្ភៈ​ សារ​ព័ត៌​មាន​ថៃ​ផ្សាយ​ដោយ​យោង​តាម​សម្តី​របស់​លោក​វីន​ថាយ​ ស្វារី​ អ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​គោក​ថា​ ឧត្តម​សេនីយ៍​ប្រាយុទ្ធ​ ច័ន្ទ​អូចា​ មាន​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​នយោ​បាយ​ក្នុង​ពេល​អនា​គត​ ទើប​បញ្ជា​ដល់​កង​ទ័ព​ឱ្យ​កែ​ទម្រង់​កិច្ច​ការ​ពារ​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ដែល​ទទួល​ខុស​ត្រូវ​ ដោយ​ធ្វើ​ការ​រឹត​បន្តឹង​ និង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​ខ្លាំង​ រួម​ទាំង​សុំ​ឱ្យ​គ្រប់​ភាគី​ត្រូវ​យោគ​យល់​ពី​ហេតុ​ផល​ចាំ​បាច់​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​របស់​អាជ្ញា​ធរ​ ។​

ទាក់​ទិន​នឹង​រឿង​នយោ​បាយ​ក្នុង​ប្រទេស​ថៃ​ ដែល​កំពុង​មាន​ភាព​រង្គោះ​រង្គើ​ បច្ចុប្បន្ន​លោក​ស្រី​យីង​ឡាក់​ សុីណា​វ៉ាត្រា​ នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ ជួប​សម្ពាធ​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ រួម​ទាំង​ការ​គាប​សង្កត់​របស់​ក្រុម​អ្នក​តវ៉ា​បណ្តេញ​ត្រកូល​ថាក់​សុីន​ ការ​សួរ​ចម្លើយ​ពី​អំពើ​ពុក​រលួយ​ ព្រម​ទាំង​ការ​តវ៉ា​របស់​ក្រុម​កសិករ​ដែល​ទាម​ទារ​ថ្លៃ​ទិញ​ស្រូវ​ពី​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ ។​

ជាក់​ស្តែង​នៅ​ថ្ងៃ​ទី​២១​ កុម្ភៈ​ ក្រុម​កសិ​ករ​មក​ពី​ភាគ​កណ្តាល​ប្រទេស​ជា​ច្រើន​នាក់​ បាន​នាំ​ក្បួន​គោ​យន្ត​ និង​រថយន្ត​ផ្នែក​កសិកម្ម​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​អាកាស​យាន​ដ្ឋាន​សុវណ្ណ​ភូមិ​ ដើម្បី​តវ៉ា​ដល់​រដ្ឋា​ភិបាល​ទាម​ទារ​ប្រាក់​ដែល​មិន​បាន​ចំណាយ​ក្នុង​គម្រោង​ទិញ​ស្រូវ​ ។​
លោក​ឆាដា​ ថៃ​ សេស​ អតីត​តំណាង​រាស្ត្រ​ក្នុង​ខេត្ត​អ៊ូថាយ​ធានី​ ជា​មេ​ដឹក​នាំ​ក្រុម​អ្នក​តវ៉ា​កសិករ​ពី​ភាគ​កណ្តាល​ប្រទេស​ថ្លែង​ថា​ រូប​គេ​នឹង​ធ្វើ​ការ​ចរចា​ជាមួយ​លោក​ស្រី​យីង​ឡាក់​ និង​រង់​ចាំ​នៅ​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២១​ កុម្ភៈ​ រួច​ប្រសិន​បើ​មិន​បាន​ជួប​ចរចា​ ឬ​បើ​ការ​ចរចា​មិន​ទទួល​បាន​លទ្ធ​ផល​ល្អ​ នោះ​ក្រុម​កសិករ​នឹង​ដង្ហែ​ក្បួន​ចូល​ទៅ​ទីតាំង​អាកាស​យាន​ដ្ឋាន​សុវណ្ណ​ភូមិ​ភ្លាមៗ​តែ​ម្តង​ ។​ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ ប្រភព​ព័ត៌​មាន​របស់​ថៃ​ផ្សាយ​ថា​ ក្រុម​កសិ​ករ​តវ៉ា​ បាន​យល់​ព្រម​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ក្រោយ​ពី​ចរចា​ទទួល​បាន​លទ្ធ​ផល​ល្អ​ ដោយ​រដ្ឋា​ភិបាល​សន្យា​នឹង​ប្រគល់​ប្រាក់​ក្នុង​រយៈ​ពេល​១សប្តាហ៍​ទៀត​ ។​ ជាមួយ​គ្នា​នេះ​ ក្រុម​អ្នក​តវ៉ា​បាន​គំរាម​ថា​ បើ​មិន​បាន​ប្រាក់​ ពួក​គេ​នឹង​ត្រឡប់​មក​ដេញ​រដ្ឋា​ភិបាល​ជា​ថ្មី​ និង​ធ្ងន់​ធ្ងរ​ជាង​មុន​ ។​

ចំណែក​លោក​ចារូ​ពង្ស​ រឿង​ស៊ូវ៉ាន់​ ប្រធាន​គណ​បក្ស​ភឿថៃ​ បាន​ដឹក​នាំ​តំណាង​គណ​បក្ស​ចម្រុះ​ចំនួន​៤​ ក្នុង​រដ្ឋា​ភិបាល​ ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​អំពាវ​នាវ​ដល់​គណៈ​កម្មាធិ​ការ​បោះ​ឆ្នោត​ ឱ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឱ្យ​ស្រប​តាម​កាល​កំណត់​ និង​ទទួល​បាន​ជោគ​ជ័យ។​ កាល​ពី​ថ្ងៃ​ទី​២១​ កុម្ភៈ​ មេ​ដឹក​នាំ​បណ្តា​គណ​បក្ស​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​ ដឹក​នាំ​ដោយ​លោក​ចារូ​ពង្ស​ រឿង​ស៊ូវ៉ាន់​ រួម​ជាមួយ​តំណាង​គណ​បក្ស​ចំនួន​៤​ក្នុង​រដ្ឋា​ភិបាល​ បាន​រួម​ប្រជុំ​ស្តី​ពី​ស្ថាន​ការណ៍​នយោ​បាយ​ និង​ពី​ការ​បោះ​ឆ្នោត​ ។​

សេចក្តី​ថ្លែង​ការណ៍​រួម​ចែង​ថា​ តាម​ធម្មតា​ គណ​បក្ស​ទាំង​៤​ បាន​ពិភាក្សា​រួម​គ្នា​ជា​រឿយៗ​ ពិសេស​ក្នុង​អំឡុង​ពេល​ប្រទេស​មាន​បញ្ហា​នយោ​បាយ​ ប៉ុន្តែ​អ្វី​ដែល​បារម្ភ​ក្នុង​ពេល​បច្ចុប្បន្ន​ គឺ​ការ​បោះ​ឆ្នោត​មិន​ទទួល​បាន​លទ្ធ​ផល​ល្អ​ ។​គណ​បក្ស​ទាំង​៤​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​ យល់​ឃើញ​ថា​ ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ដំណើរ​ការ​បាន​ល្អ​ និង​បង្កើត​សភា​បាន​ នោះ​ក្រុម​ចម្រុះ​ក្នុង​រដ្ឋា​ភិបាល​យល់​ថា​ គណៈ​កម្មាធិ​ការ​បោះ​ឆ្នោត​ គួរ​បំពេញ​តួនាទី​ឱ្យ​បាន​ល្អ​ ហើយ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​ទៅ​តាម​ការ​កំណត់​នា​ពេល​ខាង​មុខ​ ៕​