រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ កញ្ញា គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបើកកិច្ចប្រជុំប្រចាំខែក្រោមអធិបតីភាពលោកសុខ សម្បត្តិ អភិបាលខណ្ឌ ដោយមានការចូលរួមពីអភិបាលរងខណ្ឌទាំងអស់ ចៅសង្កាត់ និងនគរបាលប៉ុស្តិ៍ទាំង១១ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ស្តារលូ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ លោកអភិបាលខណ្ឌដូនពេញ បានធ្វើការណែនាំដល់ចៅសង្កាត់ទាំង១១ ត្រូវយកចិត្តទុកដាក់ចុះធ្វើការសំអាតសំរាមនៅតាមលូ ខណៈពេលមេឃភ្លៀង ព្រោះពេលនេះជារដូវវស្សា រីឯបញ្ហាប្រជាពលរដ្ឋបោះចោលសំរាមលើផ្លូវសាធារណៈត្រូវបន្តអនុវត្តការផាកពិន័យជាប្រចាំ មិនអាចមើលរំលងនោះទេ ។
ដោយឡែកមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីកែងមហាវិថីព្រះមុនីវង្ស រហូតដល់ខ្លោងទ្វារវត្តនាគវ័ន ត្រូវបានពង្រីក ហើយចំពោះផ្ទះដែលមានមុខរបរលាងម៉ូតូ លក់រថយន្ត ត្រូវសង្កាត់ស្រះចកសហការជាមួយខណ្ឌស្រង់ស្ថិតិណែនាំឱ្យដោះដូរទីតាំងជាដាច់ខាត ។ រីឯអ្នកសុំទាន និងជនអនាថាកំពុងតែយកចិញ្ចឹមផ្លូវសួនច្បារក្នុងសង្កាត់វត្តភ្នំធ្វើជាកន្លែងស្នាក់នៅ ដូច្នេះសង្កាត់ត្រូវរៀបចំបោសសំអាតឱ្យអស់មិនចាំបាច់ដល់ខណ្ឌធ្វើនោះទេ ។ ចំណែកបញ្ហារដ្ឋបាលក៏ត្រូវធ្វើជាប្រចាំ ព្រមទាំងរៀបចំតាមបណ្តាផ្លូវធំៗដែលលក់ដូរគ្មានសណ្តាប់ធ្នាប់ តាមការកំណត់របស់សាលាខណ្ឌ ។
លោកសុខ សម្បត្តិ បានរំលឹកដល់ចៅសង្កាត់និងនគរបាលប៉ុស្តិ៍ទាំង១១ ឱ្យយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូព្រោះនៅក្នុងខែកញ្ញានេះ ប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជាច្រើន ជាពិសេសក្នុងភូមិសាស្ត្រខណ្ឌដូនពេញតែម្តង ។ ជាមួយនេះ បញ្ហាទីតាំងជួញដូរ និងប្រើប្រាស់ថ្នាំញៀន ល្បែងស៊ីសង និងក្រុមក្មេងទំនើងត្រូវលុបបំបាត់ឱ្យអស់ និងបង្ក្រាបជាប្រចាំ ៕
ចែករំលែកព័តមាននេះ