ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​ត្រីរ៉ស់ ត្រី​ឆ្តោតាម​មាត់​បឹង​ទន្លេ​សាប​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​

10 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ សកម្ម​ភាព​ចិញ្ចឹម​​ត្រីរ៉ស់​ និ​ង​ត្រីឆ្តោ​​ ដែល​ច្បាប់​ហាម​ឃាត់​ កំពុងតែ​បន្ត​កើត​ឡើង​យ៉ាង​រាល​ដាល​​ក្នុង​ភូមិ​សាស្ត្រ​មួយ​ចំនួន​នៅ​​ជាប់​មាត់​បឹង​ទន្លេ​សាប​​នៃ​ខេត្ត​សៀម​រាប​ ក៏ប៉ុន្តែ​សមត្ថ​កិច្ច​ជំនាញ​​​មិន​អាច​បង្ក្រាប​បាន​ ដោយ​​ទម្លាក់​កំហុស​​ទៅ​លើ​អាជ្ញាធរ​ខេត្ត​​ ថា​ជា​អ្នក​បើក​ភ្លើង​ខៀវ​​​ឱ្យ​មាន​ការ​ចិញ្ចឹម​​​រហូត​ដល់​ចុង​ខែ​មីនា ឆ្នាំ​២០១៤​​ ខាង​មុខ ។

ខេត្ត​សៀម​រាប​ ៖ សកម្ម​ភាព​ចិញ្ចឹម​​ត្រីរ៉ស់​ និ​ង​ត្រីឆ្តោ​​ ដែល​ច្បាប់​ហាម​ឃាត់​ កំពុងតែ​បន្ត​កើត​ឡើង​យ៉ាង​រាល​ដាល​​ក្នុង​ភូមិ​សាស្ត្រ​មួយ​ចំនួន​នៅ​​ជាប់​មាត់​បឹង​ទន្លេ​សាប​​នៃ​ខេត្ត​សៀម​រាប​ ក៏ប៉ុន្តែ​សមត្ថ​កិច្ច​ជំនាញ​​​មិន​អាច​បង្ក្រាប​បាន​ ដោយ​​ទម្លាក់​កំហុស​​ទៅ​លើ​អាជ្ញាធរ​ខេត្ត​​ ថា​ជា​អ្នក​បើក​ភ្លើង​ខៀវ​​​ឱ្យ​មាន​ការ​ចិញ្ចឹម​​​រហូត​ដល់​ចុង​ខែ​មីនា ឆ្នាំ​២០១៤​​ ខាង​មុខ ។

​​មន្ត្រី​អង្គ​ការ​​បម្រើ​​ការ​ពាក់​ព័ន្ធ​​ទៅ​នឹង​វិស័យ​ជលផល​បាន​​ចាត់​ទុក​ថា សកម្ម​ភាព​ខាង​លើ​​បង្ហាញ​​ពីភាព​ធូរ​រលុង​​​​ក្នុង​ការ​អនុ​វត្ត​ច្បាប់​​​​ជល​ផល​​ និង​ធ្វើ​ឱ្យ​ថយ​ក្រោយ​នៃ​កិច្ច​ប្រឹង​ប្រែង​​របស់​រដ្ឋា​ភិបាល​​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​វិស័យ​ជល​ផល​​​​នៅ​កម្ពុជា​​ ព្រម​ទាំង​ក្លាយ​ជា​ក្តី​បារម្ភ​​ដ៏​ធំ​ធេង​​មួយ​សម្រាប់​មហន្ត​រាយ​​ធន​ធាន​មច្ឆ​ជាតិ​ទាំង​មូល​ ។
​​ទាក់​ទិន​ទៅ​នឹង​បទ​ល្មើស​​ចិញ្ចឹម​ត្រី​រ៉ស់​ និង​ត្រី​ឆ្តោ​នេះ មន្ត្រី​ប៉ូលិស​ចំនួន​ពីរ​រូប​ ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​​ឈ្មោះ​​បាន​និយាយ​ប្រហាក់​ប្រហែល​គ្នា​ថា បច្ចុប្បន្ន​គេ​​សង្កេត​​ឃើញ​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោ​​ ត្រី​រ៉ស់​ ​​ទាំង​នៅ​ក្នុង​ស្រះ ទាំង​នៅ​ក្នុង​បែ (ទ្រុង​បណ្តែត​ទឹក) កំពុង​មាន​សន្ទុះ​ខ្លាំង​ក្លា​​ជាង​​ពេល​ណាៗ​ទាំង​អស់​​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​មាត់​បឹង​​ទន្លេ​សាប​​ ដោយ​ពុំ​មាន​អ្នក​​ណា​អាច​​បង្ក្រាប​​បាន​ទេ ។​ ​តំបន់​ដែល​​កំពុង​បន្ត​​សកម្ម​ភាព​ចិញ្ចឹម​ត្រី​​​ប្រភេទ​នេះ​ច្រើន​ជាង​គេ​  មាន​ដូច​ជា​​​ឃុំ​មួយ​ចំនួន​​នៃ​ស្រុក​ជី​ក្រែង​ និង​នៅ​ឃុំ​ចុង​ឃ្នៀស​​ ក្រុង​សៀម​រាប​ បើ​សរុប​ទៅ​​​មាន​ចំនួន​​មិន​តិច​ជាង​​២០០​កន្លែង​ទេ ដោយ​មាន​កូន​ត្រី​រាប់​មុឺន​​រាប់​លាន​ក្បាល​ ។ ជា​ពិសេស​នៅ​ក្នុង​អតីត​ការដ្ឋាន​ជីក​យក​ដី​លក់​ចំនួន​៣​កន្លែង​​ នៅ​ក្នុង​ភូមិ​សាស្ត្រ​​ក្រុង​សៀម​រាប​​​​ និង​ស្រុក​ពួក​​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សង្កាត់​រដ្ឋ​បាល​​ជល​ផល​ចុង​ឃ្នៀស​ និងសង្កាត់​​មេជ្រៃ​​តែម្តង ។ មន្ត្រី​ប៉ូលិស​ដដែល​បាន​បញ្ជាក់​ថា ​ទី​តាំង​​ចិញ្ចឹម​ត្រី​​ខុស​ច្បាប់​​ទ្រង់​ទ្រាយ​ធំ​​​​ទាំង​បី​ខាង​លើ​​​នេះ ត្រូវ​បាន​​គេ​ជួល​ទៅ​ឱ្យ​និគម​ជន​យួន​ដែល​មាន​ជំនាញ​ចិញ្ចឹម​ត្រី​​​​គឺ​ ១-​ស្ថិត​នៅ​ភូមិ​ថ្មី​​ សង្កាត់​ស្វាយ​ដង្គំ​​ ចុះ​ពី​ផ្លូវ​ក្រវាត់​​ក្រុង​បន្តិច​​​ ២-​ស្ថិត​នៅ​ខាង​ជើង​ភ្នំ​ក្រោម​​ ជា​ដី​របស់​មន្ត្រី​​កសិ​កម្ម​​ចូល​​និវត្តន៍​ម្នាក់​​ និង​៣-​នៅភូមិ​តាចែត​​ ឃុំ​សំរោង​យារ​​ ស្រុក​ពួក​​​ ​។
​នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​សៀម​រាប​​​ លោក ព្រិន សាវិន​​ នៅ​រសៀល​ថ្ងៃ​ទី​​៨ មករា​ មិន​អាច​ទាក់​ទង​ដើម្បី​សុំ​​ការ​អត្ថា​ធិប្បាយ​អំពី​សកម្ម​ភាព​ចិញ្ចឹម​ត្រី​​ប្រភេទ​នេះ​ ដែល​​កំពុង​​កើត​ឡើង​​យ៉ាង​រាល​ដាល​​​នៅ​ក្នុង​ភូមិ​សាស្ត្រ​គ្រប់គ្រង​​របស់​លោក​បាន​ទេ​​ ដោយ​ទូរ​ស័ព្ទ​​លោក​​ហៅ​ចូល​ចំនួន​២​ដង​​​តែ​គ្មាន​អ្នក​ទទួល​​ ហើយ​ការ​ព្យាយាម​ហៅ​ចូល​ជា​លើក​ទី​៣ត្រូវ​បាន​បិទ ។

ថ្វី​បើ​យ៉ាង​នេះ​ក្តី មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​ទទួល​ស្គាល់​ថា ពិត​ជា​​មាន​សកម្មភាព​​ចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រីរ៉ស់​​ កើត​ឡើង​​យ៉ាង​ដូច្នេះ​​មែន​​ ក៏​ប៉ុន្តែ​​សមត្ថ​កិច្ច​​​ជំនាញ​​មិន​អាច​ធ្វើ​ការ​បង្ក្រាប​​បាន​ទេ​​ ព្រោះ​ពួក​អ្នក​ចិញ្ចឹម​​​ទាំង​នោះ​​​ ត្រូវ​បាន​​អនុញ្ញាត​​ដោយ​អាជ្ញា​ធរ​​​ តាម​សំណើ​របស់​អ្នក​តំណាង​រាស្ត្រ​​មួយ​រូប​ ។ ​មន្ត្រី​រូប​នោះ​​បាន​ថ្លែង​​ដូច្នេះ​ថា​ ពាក់​ព័ន្ធ​នឹង​ការ​ចិញ្ចឹម​ត្រី​​ឆ្តោ​​​ ត្រីរ៉ស់​​​​​នេះ​ កាល​ពី​ប៉ុន្មាន​ខែ​មុន​​ លោក ឃឹម ប៊ុន​សុង​ អភិ​បាល​ខេត្ត​សៀម​រាប​​ នៅ​ក្នុង​អង្គ​ប្រជុំ​​ធ្លាប់​បាន​ប្រកាស​ផ្ទាល់​មាត់​អនុញ្ញាត​​ឱ្យ​មាន​ការ​​ចិញ្ចឹម​​ត្រី​រ៉ស់​​​ និង​ត្រី​ឆ្តោ​​​រហូត​ដល់​ចុង​ខែ​មីនា​​ ២០១៤​​ ដោយ​សំអាង​ថា ជា​សំណើ​របស់​ប្រជា​ពលរដ្ឋ​​ស្នើ​តាម​អ្នក​តំណាង​​រាស្ត្រ​ ។
​គួរ​បញ្ជាក់​ថា មុខ​របរ​​ចិញ្ចឹម​ត្រី​រ៉ស់​​ និង​ត្រី​ឆ្តោ​ ត្រូវ​បាន​​ហាម​ឃាត់​​​តាំង​ពី​អំឡុង​​ឆ្នាំ​២០០៤​មក​​​​មេ្ល៉ះ​​​​​​ ​នេះ​បើ​ផ្អែក​​ទៅតាម​​សេច​ក្តី​ជូន​ដំណឹង​​លេខ​​៤០០៤​​ កសក.សជណ​​ ចុះ​ថ្ងៃ​ទី​៣ កញ្ញា​ ២០០៤​ ស្តី​ពី​ការ​បញ្ឈប់​​សកម្ម​ភាព​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ​របស​់ក្រសួង​កសិ​កម្ម​​​​​​ រុក្ខា​ប្រមាញ់​និង​នេសាទ​ ​។ បន្ថែម​ពី​នេះ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន សែន​​​ នា​គ្រា​កន្លង​ទៅ​​ក៏​ធ្លាប់​បាន​​អំពាវ​នាវ​​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​ចិញ្ចឹម​ត្រី​ប្រភេទ​ទាំង​នោះ​​ដែរ​ ព្រោះ​វា​អន្តរាយ​​ដល់​​មច្ឆ​ជាតិ ។

​គេ​នៅ​​ចាំ​បាន​ថា ​លោក ណៅ ធួក ប្រតិភូ​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​ទទួល​បន្ទុក​ជា​​ប្រធាន​​រដ្ឋ​បាល​ជល​ផល​​​ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ថា តាម​ការ​សិក្សា​កន្លង​មក​​​​​បង្ហាញ​ថា​ ត្រី​រ៉ស់​ និង​ត្រី​ឆ្តោ​​ ត្រូ​វ​​ការ​ចំណី​​ចំនួន​​ប្រាំ​ដង​​​​ទើប​បំលែង​ទម្ងន់​វា​បាន​​មួយ​ដង​ មាន​ន័យ​ថា​​ដើម្បី​ចិញ្ចឹម​ត្រី​ប្រភេទ​​ទាំង​ពីរ​​នេះ​​​ឱ្យ​បាន​​ទម្ងន់​មួយ​គីឡូ​ក្រាម​ គឺ​ត្រូវ​ឱ្យ​វា​សុី​កូន​ត្រី​តូចៗ​​​គ្នា​វា​​ អស់​ចំនួន​រហូត​ដល់​៥គីឡូ​ក្រាម​​ ដែល​​មាន​ចំនួន​រា​ប់​មុឺន​ក្បាល​ឯណោះ​​ ។ ប្រធាន​ប្រតិ​បត្តិ​​សម្ព័ន្ធ​​ភាព​ដើម្បី​​អភិ​រក្ស​​​ធន​ធាន​​ជល​ផល​​ លោក ឱម សាវ៉ាត​ បាន​ថ្លែង​​នៅ​រសៀល​ថ្ងៃ​ទី​៨ មករា ថា​ ការ​ចិញ្ចឹម​ត្រី​រ៉ស់​ និង​ត្រី​ឆ្តោ​​​​ ត្រូ​វ​បាន​​ច្បាប់​ហាម​ឃាត់​​​​​​យ៉ាង​តឹង​រុឹង​​ តាំង​ពី​​ច្បាប់​ជល​ផល​​បាន​អនុ​ម័ត​​​នៅ​ឆ្នាំ​​២០០៦​​​​​មក​ម៉េ្លះ​​​ ។ ក្នុង​ករណី​​ បើ​ពិត​​​ជា​អាជ្ញា​ធរ​ខេត្ត​​​អនុញ្ញាត​​​ឱ្យ​ចិញ្ចឹម​មែន​នោះ​​ វា​បង្ហាញ​​ពី​​ដំណើរ​ដើរ​ថយ​ក្រោយ​​នៃ​កិច្ច​​ប្រឹង​ប្រែង​​​ពង្រឹង​​​វិស័យ​ជល​ផល​នៅ​កម្ពុជា​ ។​ ​លោក​បាន​​​បន្ត​ទៀត​ថា​ នៅ​ដំណាក់​កាល​ចុង​ក្រោយ​​នេះ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ប្រឹង​ប្រែង​​យ៉ាង​ខ្លាំង​ក្នុង​ការ​​ធ្វើ​កំណែ​ទម្រង់​​​វិស័យ​ជល​ផល​ តាម​រយៈ​​ការ​សម្រេច​​លុប​ឡូត៍​នេសាទ​ទាំង​អស់​​​នៅ​ក្នុង​បឹង​ទន្លេ​សាប​​​ ធ្វើ​ឱ្យ​​កំណើន​កូន​ត្រី​ក្នុង​ឆ្នាំ​នេះ​​​ មាន​​ការ​កើន​ឡើង​​​ជិត​​២០​ដង​​ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​​ គឺ​ទឹក​មួយ​ម៉ែត្រ​គូប​​មាន​កូនត្រី​រហូត​ដល់​​៤១៩​ក្បាល​ នេះ​បើ​ផ្អែក​តាម​ការ​សិក្សា​របស់​អ្នក​បច្ចេក​ទេស​​ជល​ផល​​ ។ ដូច្នេះ​បើ​មាន​​ការ​អនុញ្ញាត​​​ឱ្យ​​ចិញ្ចឹម​ត្រី​ប្រភេទ​ទាំង​នេះ​ ​វា​ជា​ការ​ជាន់​ឈ្លី​នូវ​កិច្ច​​ប្រឹង​ប្រែងនេះ​ ។ ​លោក​បាន​ថ្លែង​​ដោយ​ផ្តល់​ជា​ទស្សន​ទាន​​យ៉ាង​ដូច្នេះ​ថា​ អាជ្ញា​ធរ​ពាក់​ព័ន្ធ​ចាំ​បាច់​​គួរ​តែ​ពិនិត្យ​​មើល​ច្បាប់​​ជា​មូល​ដ្ឋាន​​​សិន​​ មុន​នឹង​អនុញ្ញាត​ឱ្យ​ធ្វើ​អ្វីផ្សេងៗ​​ ចៀស​វាង​​បង្ក​ផល​ប៉ះ​ពាល់​​ដល់​ដំណើរ​ការ​​​អនុ​វត្ត​ច្បាប់​​ទាំង​អស់​គ្នា​ ។ ​យើង​ដឹង​ហើយ​​​ថា សកម្ម​ភាព​ចិញ្ចឹម​ត្រី​រ៉ស់​​ និង​ត្រី​ឆ្តោ​ បាន​ជំរុញ​​ឱ្យ​មាន​បទ​ល្មើស​នេសាទ​នៅ​ក្នុង​បឹង​ធម្ម​ជាតិ​​ជា​ច្រើន​ទៀត​ ដូច​ជា​មង​ក្រឡា​ញឹក អ៊ុយ​ស្បៃមុង​ ​ជា​ដើម​​​ ដើម្បី​ចាប់​កូន​ត្រី​​​តូចៗ​​​យក​​ទៅ​ផ្គត់​ផ្គង់​​​សង្វាក់​ផលិត​កម្ម​ធំ​ធាត់​របស់​ត្រី​ ដូច្នេះ​បើ​មាន​​ការ​ចិញ្ចឹម​​ត្រី​ប្រភេទ​នេះ​កាន់​តែ​ច្រើន​​ សញ្ញា​​មហន្ត​រាយ​នៃ​ធន​ធាន​មច្ឆ​ជាតិ​​កាន់តែ​គួរ​ឱ្យ​ព្រួយ​​បារម្ភ​ ។

នៅ​រសៀល​ថ្ងៃ​ដដែល​​នោះ​​ អភិ​បាល​ខេត្ត​​សៀម​រាប​ លោក ឃឹម ប៊ុនសុង​ បាន​មាន​ប្រសាសន៍​​ដោយ​បដិសេធ​ទៅ​នឹង​​​ការ​លើក​ឡើង​​​​របស់​មន្ត្រី​ជំនាញ​ខាង​លើ​ថា លោក​មិន​ដែល​​បាន​អនុញ្ញាត​​ឱ្យ​មាន​បទ​ល្មើស​​នៅ​ក្នុង​ដែន​សមត្ថ​កិច្ច​ជល​ផល​​ម្តង​ណា​ទេ​ ។ រីឯករណី​ហ្នឹង​ ចំា​លោក​កោះ​ហៅ​ខាង​ជំនាញ​​ជល​ផល​​ឱ្យ​មក​​ទទួល​ការ​ណែ​នាំ​​​​ឱ្យ​លុបបំបាត់​ឱ្យ​អស់​​ មិន​អនុញ្ញាត​ឱ្យ​មាន​ទៀត​​ទេ ៕