ប្រជាពលរដ្ឋនៅស្រុកចិត្របុរីសុំឱ្យសម្តេចតេជោ ហ៊ុន សែន ជួយរឿងក្រុមហ៊ុនរំលោភយកដី
ដោយ ៖ឈិត គឹមឆុន
ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:០៧

កោះសន្តិភាព
ប្រជាពលរដ្ឋតវ៉ារឿងក្រុមហ៊ុនរំលោភយកដី
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជា១០០នាក់ តំណាងឱ្យ១.២៧០នាក់ រស់នៅភូមិឧបសម្ព័ន្ធ ភូមិសែនជ័យ អូរជ័រភ្នំដីភ្លើង អូររមៀត និងភូមិកសាង ឃុំចង្ក្រង ស្រុកចិត្របុរី ខេត្តក្រចេះ បានមកជួបជុំគ្នានៅលើសួនច្បារមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាជិតភ្លឺថ្ងៃទី៦ កញ្ញា ២០១០ ដើម្បីសុំសម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ផ្តល់កម្មសិទ្ធិស្របច្បាប់លើដីធ្លីចំនួន៩៩៩ហិកតា ដែលកំពុងត្រូវបានក្រុមហ៊ុនមួយរំលោភយក ។
តំណាងប្រជាពលរដ្ឋរស់នៅភូមិ-ឃុំខាងលើ បានឱ្យដឹងថា ផ្ទៃដីស្រែចំការ និងមានផ្ទះបែងចំនួន៩៩៩ហិកតា ដែលស្ថិតនៅភូមិទាំង៥ ក្នុងឃុំចង្ក្រង ស្រុកចិត្របុរី ត្រូវបានមេភូមិ មេក្រុមនៅឆ្នាំ២០០០ បានរៀបចំប្រគល់ជូនបងប្អូនជនជាតិដើមភាគតិច (ព្នង) ឱ្យមករស់នៅតាមផ្លូវខេមហ្វូត ងាយស្រួលគ្រប់គ្រងដី និងអភិវឌ្ឍន៍ដោយបែងចែកដីភូមិ ដីស្រែ និងចំការស្មើៗគ្នា។ លុះដល់ឆ្នាំ២០០៤ មេឃុំ និងក្រុមប្រឹក្សាឃុំចេញសេចក្តីសំរេចចែកដីបន្តឱ្យប្រជាពលរដ្ឋខ្មែររស់នៅតាមផ្លូវខេមហ្វូតបន្ថែមទៀត ដោយចែកដីដូចបងប្អូនជនជាតិដើមភាគតិចអញ្ចឹងដែរ ។
មកដល់ថ្ងៃទី៦ សីហា ២០០៨ មេឃុំបានចេញសេចក្តីសំរេចធ្វើប័ណ្ណកាន់កាប់ដីធ្លីបណ្តោះអាសន្នឱ្យប្រជាពលរដ្ឋគ្រប់ៗគ្រួសារ ដើម្បីធ្វើជាកម្មសិទ្ធិលើអចលនទ្រព្យផ្ទាល់ខ្លួន ។ នៅថ្ងៃទី២៥ វិច្ឆិកា ២០០៨ ស្រាប់តែមានក្រុមហ៊ុនហាមន្នីផ្លាកថេសិន អិលធីឌី បានយកគ្រឿងចក្រមកឈូសឆាយដីភូមិ ដីស្រែចំការ និងផ្នូរសពជនជាតិភាគតិចអស់ជាច្រើនផ្នូរ និងរំលោភយកធ្វើជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ៕