ខេត្តកណ្ដាល ៖ កាលពីព្រឹកថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០១៣ សាលារៀនសុវណ្ណភូមិ ទីតាំងក្រុងតាខ្មៅ ផ្ទះលេខ២២ ផ្លូវលេខ១០៨ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រារព្ធពិធីផ្ដល់អាហារូបករណ៍១០០%ចំនួន២០កន្លែងជូនអង្គការភូមិកុមារអរុណរៈទី១រយៈពេល១៣ឆ្នាំ គិតជាទឹកប្រាក់១០៩.៤០០ដុល្លារ និងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៣-២០១៤ ក្រោមអធិបតីភាពលោក ឃឹម ផុន នាយកប្រតិបត្តិនៃអិុន ធី ស៊ី គ្រុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំអិុន ធី ស៊ី គ្រុប ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។ សាលារៀនសុវណ្ណភូមិមាន១៦ទីតាំង ១១ទីតាំងក្នុងរាជធានីភ្នំពេញ និង៥ទីតាំងទៀតមាននៅតាមបណ្តាខេត្តដែលបានផ្តល់សេវាកម្មអប់រំមានថ្នាក់ចំណេះទូទៅខ្មែរពីមត្តេយ្យដល់ថ្នាក់ទី១២ និងភាសាអង់គ្លេសទូទៅគ្រប់កម្រិត ។
លោក សេក រតនា នាយកសាលារៀនសុវណ្ណភូមិ មានប្រសាសន៍ក្នុងឱកាសនោះថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃនេះគឺក្នុងគោលបំណងផ្សព្វផ្សាយនូវព័ត៌មានដល់ប្អូនៗ ក្មួយៗសិស្សានុសិស្ស និងលោក-លោកស្រីជា មាតាបិតា អាណាព្យាបាលសិស្សទាំងអស់នៅទីនេះឲ្យបានជ្រាបថា សាលារៀនសុវណ្ណភូមិបានបើកឱ្យដំណើរការក្នុងទឹកដីក្រុងតាខ្មៅនេះអស់រយៈពេល៣ឆ្នាំមកហើយ ហើយបានផ្តល់សេវាកម្មអប់រំប្រកបដោយគុណភាពជូនដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សដែលជាបុត្រធីតារបស់លោក-លោកស្រីនៅទីនេះ ។ ជាពិសេស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ។
លោកនាយកសាលាបានបន្តទៀតថា ជាក់ស្តែងគិតត្រឹមពេលនេះ សាលាបាននិងកំពុងផ្តល់នូវការអប់រំដល់សិស្សានុសិស្សទាំងចំណេះទូទៅខ្មែរ ភាសាអង់គ្លេសគ្រប់កម្រិត និងជំនាញកុំព្យូទ័រសរុបប្រមាណ២.៨០០នាក់ ។ នេះសបញ្ជាក់ឲ្យឃើញថា សិស្សានុសិស្ស និងអាណាព្យាបាលសិស្សមានការចាប់អារម្មណ៍និងផ្តល់នូវទំនុកចិត្តចំពោះការអប់រំរបស់យើង ។ ដូចនេះដើម្បីឆ្លើយតបនឹងទំនុកចិត្តនេះ ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់បានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងសមត្ថភាព ដើម្បីផ្តល់ជូននូវសេវាកម្ម និងការអប់រំប្រកបដោយគុណភាពដោយសាលាបានប្រឹងរិះរកនូវវិធីសាស្រ្តបង្រៀន និងសកម្មភាពផ្សេងៗ ដែលទាក់ទងដល់ការសិក្សារបស់សិស្សដោយធ្វើយ៉ាងណាឲ្យសិស្សឆាប់ចេះឆាប់យល់និងទទួលបាននូវចំណេះដឹងពិតប្រាកដ ។ ជាក់ស្តែងនៅក្នុងឆ្នាំសិក្សា២០១២-២០១៣សិស្សទុតិយភូមិសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅបានប្រឡងជាប់១០០ភាគរយ ។
ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិនៃអិុនធីស៊ីគ្រុបមានប្រសាសន៍ថា សាលារៀនសុវណ្ណភូមិគឺជាស្ថាប័នអប់រំមួយក្នុងចំណោមស្ថាប័នអប់រំផ្សេងៗទៀតរបស់អិុនធីស៊ី គ្រុប ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៩ ក្នុងគោលបំណងសំខាន់ៗចំនួន៣គឺ៖១-រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡា ។
២-ចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកអប់រំជូនប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ដែលពួកគាត់ចាំបាច់ត្រូវតែទទួលបាននូវការអប់រំមួយប្រកបដោយគុណភាពពិតប្រាកដ ។
៣-បង្កើតទីផ្សារការងារបន្ថែមជូនបុគ្គលិកគ្រូបង្រៀន បុគ្គលិករដ្ឋបាល និងបុគ្គលិកផ្សេងៗទៀត ឱ្យពួកគាត់មានឱកាសការងារជាមួយសាលារៀនសុវណ្ណភូមិ ។
ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកកម្មសំខាន់ៗចំនួន៤ដូចខាងក្រោម៖
១.ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាពដើម្បីឱ្យសិស្សមានការអភិវឌ្ឍលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌។
២.ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់អាចធ្វើឲ្យ សិស្សានុសិស្សមានការរីកចម្រើនទៅលើការសិក្សានៅក្នុងថ្នាក់រៀននិងសកម្មភាពផ្សេងៗទៀត ។
៣.ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ត្រូវបានជំរុញ និងលើកទឹកចិត្តនូវរាល់សមិទ្ធផលនិងស្នាដៃផ្សេងៗដែលពួកគេសម្រេចបាន ។
៤.ផ្តល់នូវសម្ភារឧបទេសគ្រប់គ្រាន់ សម្ភារឧបទេសទាំងអស់ត្រូវបានធានាឱ្យមានទៅតាម កម្រិតសិក្សានីមួយៗធ្វើយ៉ាងណាដើម្បីឱ្យការសិក្សារបស់សិស្សមានការរីកចម្រើន ។
លោក ឃឹម ផុន បានបន្តទៀតថា ការសម្រេចបាននូវចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិកើតចេញពីការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញារបស់គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតាសិស្សនៅក្នុងសហគមន៍ទាំងមូល ។
ជាលទ្ធផលត្រឹមឆ្នាំ២០១៣នេះ សាលារៀនសុវណ្ណភូមិបានពង្រីកទីតាំងសរុបចំនួន១៦ទីតាំង ដែលបានចំណាយដើមទុនវិនិយោគផ្ទាល់ខ្លួនជាង១០លានដុល្លារដោយមាន១១ទីតាំងនៅ រាជធានីភ្នំពេញ និង៥ទីតាំងទៀតនៅតាមបណ្តាខេត្តមានដូចជាៈ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត និងខេត្តសៀមរាប ហើយបានប្រមូលសិស្សឱ្យចូលសិក្សាសរុបមានចំនួនជាង៣០.០០០នាក់ ក្នុងចំណោម១៦ទីតាំង និងមានបុគ្គលិកសរុបជាង១.៥០០នាក់ ។ ដោយសារមានការទទួលស្គាល់គុណភាពអប់រំផ្នែកចំណេះទូទៅខ្មែរនិងភាសាអង់គ្លេសពីសំណាក់មាតាបិតាសិស្សក៏ដូចជាប្អូនៗសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន គណៈគ្រប់គ្រងសាលាបាននិងកំពុងសិក្សាទៅលើការពង្រីកទីតាំងថ្មីៗចំនួន៤បន្ថែមទៀត ក្នុងឆ្នាំ២០១៣នេះគឺស្ថិតនៅតំបន់ពោធិ៍ចិនតុង ស្ទឹងមានជ័យ ច្បារអំពៅ និងឫស្សីកែវ ។
ការពង្រីកវិសាលភាពសេវាកម្មអប់រំរបស់សាលារៀនសុវណ្ណភូមិ គឺដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នកសិក្សាដែលពួកគេចាំបាច់ត្រូវតែទទួលបាននូវការអប់រំមួយប្រកបដោយចំណេះដឹង និងចំណេះធ្វើពិតប្រាកដដោយមានក្រសួងអប់រំយុវជន និងកីឡា ជាអាណាព្យាបាលផ្ទាល់ ។
ជាពិសេសគឺអាស្រ័យដោយការផ្តល់នូវជំនឿជឿជាក់ និងទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្សមកលើគុណភាពនៃការអប់រំរបស់សាលារៀនសុវណ្ណភូមិ ។ អាស្រ័យហេតុនះ សាលារៀនសុវណ្ណភូមិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាលសិស្សដែលបានបញ្ជូនបុត្រធីតាមកសិក្សានៅទីនេះប្រកបទៅដោយជំនឿជឿជាក់យ៉ាងមុតមាំបំផុត ៕
ចែករំលែកព័តមាននេះ