មេធាវីទាមទារជំងឺចិត្តពីសម រង្ស៊ី ១០០លានរៀល ខណៈតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី២៣ កញ្ញា
ដោយ ៖ អប្សរា
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៧:០៤

ស.សុខុម
សាលាដំបូងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ សំណុំរឿងដកតំរុយបង្គោលព្រំដែនដែលធ្វើឡើងដោយលោកសម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សំរេចចោទប្រកាន់ពី បទក្លែងឯកសារ និងផ្សព្វផ្សាយព័ត៌មានមិនពិតបន្ថែមទៀត និងបានបើកសវនាការជំនុំជម្រះកាលពីព្រឹកថ្ងៃទី៨ កញ្ញា ឆ្នាំ២០១០ ។ ក្នុងសំណុំរឿងនេះមេធាវីរាជរដ្ឋាភិបាលបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន១០០លានរៀល និងស្នើឱ្យតុលាការផ្តន្ទាទោសលោកសម រង្ស៊ី តាមមាត្រា៤៩ និងមាត្រា៦២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ។ បន្ទាប់ពីសវនាការរយៈពេលជិត៣ម៉ោង តុលាការបានប្រកាសពន្យារពេលប្រកាសសាលក្រមទៅដល់ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១០ ។
លោកចៅក្រមជំនុំជម្រះកែ សាខន បានប្រកាសក្រោយពេលសវនាការដេញដោលដ៏តឹងតែងរវាងមេធាវីចុងចោទ មេធាវីតំណាងរាជរដ្ឋាភិបាល និងតំណាងអយ្យការថា សាលាដំបូងរាជធានីភ្នំពេញប្រកាសពន្យារពេលប្រកាសសាលក្រម ប៉ុន្តែនឹងធ្វើការប្រកាសសាលក្រមនៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១០ ។ យោងតាមការសួរដេញដោល និងការបង្ហាញពីអ្នកបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនកម្ពុជា បានបង្ហាញថា លោកសម រង្ស៊ី បានប្រឌិតនូវផែនទីក្លែងក្លាយ និងផ្សាយព័ត៌មានមិនពិតតាមរយៈគេហទំព័ររបស់គណបក្សសមរង្ស៊ី ។
មេធាវីរបស់រាជរដ្ឋាភិបាលលោកគី តិច បានថ្លែងថា យោងតាមការសិក្សារបស់អ្នកឯកទេសខាងព្រំដែនបានបង្ហាញថា លោកសម រង្ស៊ី មានចេតនាធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងបង្កើតឱ្យមានការយល់ច្រឡំដោយមានបំណងទំលាក់កំហុសមកលើថ្នាក់ដឹកនាំ ។ ក្នុងពេលសវនាការលោកមេធាវី គី តិច បានអះអាងថា ក្នុងនាមមេធាវីរាជរដ្ឋាភិបាល លោកទាមទារសំណងជំងឺចិត្តដែលកើតឡើងពី ការខូចខាតដែលបណ្តាលមកពីអំពើរបស់លោកសម រង្ស៊ី ជាប្រាក់១០០លានរៀល និងស្នើឱ្យផ្តន្ទាទោសតាមច្បាប់ ។
ទោះបីជាយ៉ាងណា គេមានការកត់សំគាល់ឃើញនៅខាងក្រៅបរិវេណតុលាការ ពេលកាត់ក្តីលោកសម រង្ស៊ី គឺមានការដាក់ពង្រាយកំលាំងប៉ូលិស និងប៉េអឹមជិត១០០នាក់ ដោយដាក់បារ៉ាស់លើផ្លូវនៅជុំវិញ អគារតុលាការ ។ ចរាចរណ៍នៅតាមផ្លូវជុំវិញអគារតុលាការត្រូវបានបិទនាព្រឹកថ្ងៃទី៨ កញ្ញា ២០១០ ដោយប៉ូលិសបានដាក់របាំងដែកក្នុងគោលបំណងការពារខ្លាចមានក្រុមអ្នករំខានដល់ការបើកសវនាការនេះ ។ ចំណែកនៅខាងក្នុងបរិវេណអគារ ជាពិសេសបន្ទប់សវនាការ គេមិនអនុញាតឱ្យអ្នកកាសែតចូលស្តាប់ឡើយ ។
មន្ត្រីតុលាការម្នាក់ដែលគេស្គាល់ថា ឈ្មោះកោ វ៉ាន់ឌី ដែលចែកលិខិតអនុញ្ញាតឱ្យអ្នកចូលរួមស្តាប់ក្នុងបន្ទប់នោះថា អ្នកកាសែតមិនត្រូវបានតុលាការអនុញ្ញាតឱ្យចូលស្តាប់ទេ ព្រោះគ្មានកន្លែងអង្គុយ ខណៈពេលដែលលិខិតអនុញ្ញាតនោះមានចំនួនតែ៣៣សន្លឹក ដែលកំណត់ដោយសាលាដំបូងរាជធានីភ្នំពេញ ។ អ្នកកាសែតត្រូវបានគេអនុញ្ញាតឱ្យអង្គុយរហង់ស្តាប់នៅខាងក្រៅ ដោយបន្តសំលេងតាមរយៈធុងបាស់ តែមិនបានឃើញរូបភាពនៃសវនាការទេ ។ ការជំនុំជំរះដែលសុទ្ធតែផ្អែកទៅលើបច្ចេកទេសភាគច្រើនដែលនិយាយអំពីផែនទីនោះ អ្នកជំនាញផែនទីបានអះអាងថា អ្វីដែលលោកសមរង្ស៊ី បានធ្វើនោះមិនត្រឹមត្រូវទេ ។ ការអះអាងនេះ ស្របទៅនឹងតំណាងអយ្យការ គឺលោកសុខ រឿន ដែលបានបញ្ជាក់ដោយរក្សានូវបទចោទប្រកាន់លោកសម រង្ស៊ី ពីបទក្លែងឯកសារ និងផ្សាយព័ត៌មានមិនពិតតាមមាត្រា៤៩ និងមាត្រា៦២ ។
លោកសុខ រឿន បានថ្លែងថា យោងតាមការសិក្សានៃសំណុំរឿងអស់រយៈពេលជិត៧ខែ បានរកឃើញថា អ្វីដែលលោកសមរង្ស៊ីធ្វើនោះ បង្ហាញពីចេតនារបស់គាត់ក្នុងការធ្វើឱ្យមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទាក់ទងនឹងបញ្ហាព្រំដែនដែលបញ្ហានេះជាចំណុចរសើប ។ លោកសុខ រឿន បន្តថា មានផែនទីដែលផលិតនៅជំនាន់សម្តេចឪ និងផែនទីដែលបង្កើតដោយកងទ័ពអាមេរិកផងដែរ ។ មេធាវីរបស់លោកសមរង្ស៊ី គឺលោកជួង ជូងឺ បានថ្លែងថា ការចោទប្រកាន់របស់តំណាងអយ្យការមកលើលោកសម រង្ស៊ី មិនត្រឹមត្រូវ ព្រោះផែនទីដែលលោកសម រង្ស៊ី យកមកប្រើនោះ គឺដកស្រង់ចេញពីអ៊ីនធើរណេត ហើយវាមិនមែនជាឯកសារផ្លូវការទេ ។ លោកមេធាវីជួង ជូងឺ បានបន្តថា ផែនទីដែលលោកសម រង្ស៊ី យកមកប្រើនេះ ជាផែនទីដែលបង្កើតឡើងដោយបារាំង និងអាមេរិកដូចអ្វីដែលរដ្ឋាភិបាលបានប្រើប្រាស់ដែរ ហើយគ្មានអ្វីខុសទេ ៕