ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នត្រីក្រពតមានសារ​ធាតុ​ពុល​គ្រោះថ្នាក់​ដល់​ជីវិត​

10 ឆ្នាំ មុន

យោងតាម​​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​​នេះ​របស់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​ជល​ផល​ទឹក​សាប​​របស់​រដ្ឋបាល​ជល​ផល​នៃក្រសួង​​​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​រក​ឃើញថា នៅ​ប្រទេស​កម្ពុជា មាន​ក្រពត​ (​សន្តាន​ត្រី​ម្យ៉ាង​ធ្មេញ​មុត) ចំនួន​១០​ប្រភេទ ​ក្នុង​នោះ​៥​ប្រភេទ​​មានសារ​ធាតុ​ពុល ។ សារ​ធាតុ​នោះ​មាន​​ឈ្មោះថា Tetrodotoxins ​​ជា​ប្រភេទ​​សារ​ធាតុ​ពុល​ប្រព័ន្ធ​សរសៃ​ប្រសាទ ​​ពុល​

យោងតាម​​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​​នេះ​របស់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​ជល​ផល​ទឹក​សាប​​របស់​រដ្ឋបាល​ជល​ផល​នៃក្រសួង​​​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​រក​ឃើញថា នៅ​ប្រទេស​កម្ពុជា មាន​ក្រពត​ (​សន្តាន​ត្រី​ម្យ៉ាង​ធ្មេញ​មុត) ចំនួន​១០​ប្រភេទ ​ក្នុង​នោះ​៥​ប្រភេទ​​មានសារ​ធាតុ​ពុល ។ សារ​ធាតុ​នោះ​មាន​​ឈ្មោះថា Tetrodotoxins ​​ជា​ប្រភេទ​​សារ​ធាតុ​ពុល​ប្រព័ន្ធ​សរសៃ​ប្រសាទ ​​ពុល​ខ្លាំង​​មិន​រលាយ​ដោយ​សារ​ការ​ចម្អិន​​ទេ ។

ក្រពត​ទាំង​៥​ប្រភេទ​នោះ ​គឺ​ក្រពត​កូសាំងស៊ីន ក្រពត​អុចធំ ក្រពត​ភ្នែក​ក្រហម ​ក្រពត​អុច​បៃតង និង​ក្រពត​ខ្មៅ។
១-ក្រពត​កូសាំង​ស៊ីន (ប្រភេទ​ពុល) មាន​លក្ខណៈ​សម្គាល់ គឺ​ភ្នែក​ពណ៌​ក្រហម​, ​​ក្តោង​ច្រមុះ​ខ្លី, ទ្រនុង​ព្រុយ​គូទ​មាន​ចំនួន​១០​ទៅ​១១ ។ ស្នាម​អុច​ក្រហម​​រាង​រង្វង់​មូល​នៅ​ចំ​កណ្តាល​ចំ​ហៀង​​ខ្លួន​ខាង​ក្រោយ​ព្រុយ​ខ្នង លុះ​ពេល​ធំ​ស្នាម​អុច​ប្រែ​ជា​ខ្មៅ ។ ច្រឹប​ស៊ីស្រកី​ត្រី ព្រុយ​ត្រី​ជាអាហារ​ និងច្រឹប​មនុស្ស ។​

២-​ក្រពតអុចធំ (ប្រភេទពុល) គឹ​​​លក្ខណៈ​សម្គាល់​រន្ធ​ច្រមុះ​មាន​គម្រប​សន្ទះ​នៅខាង​ និង​ខាងក្រោយ​ដោយ​ស្រទាប់​ស្តើង​នៅខាង​ក្នុង, ទ្រនុង​ព្រុយ​ខ្នង​មាន​ចំនួន​៩​ទៅ​១៦, ត្រនុង​​ព្រុយ​គូទ​​មានចំនួន​៨​ទៅ​១៥ ។ ដង​ខ្លួន​មាន​ស្នាម​​ពណ៌ខ្មៅ មាន​រង្វង់​មូល​ពណ៌លឿង​នៅខាង​ក្រោម​ព្រុយ​ខ្នង និង​នៅជិត​គល់​កន្ទុយ ។ ចំណែក​ព្រុយ​កន្ទុយ​​ស្មើ ។ ច្រឹប​ស៊ី​សិប្បី​ជាតិ​អដ្ឋិ​ចម្មសត្វ ប្លង់​តុង​សត្វ​ជាហារ និងច្រឹប​មនុស្ស ។

៣-​ក្រពតភ្នែក​ក្រហម (ប្រភេទពុល) ​គឺលក្ខណៈ​​សម្គាល់​ភ្នែក​ពណ៌​ក្រហម, ទ្រនុង​​ព្រុយ​ខ្នង​មាន​ចំនួន​១០​ទៅ​១២ ។ ក្តោង​​ច្រមុះ​ខ្លី​ បបូរ​មាត់​ខាងលើ និង​ខាង​ក្រោម​ស្មើ​គ្នា ។ ​ស្នាម​គូសខ្មៅ​​ប្រទាក់​ក្រឡា​គ្នា​លើ​ដង​ខ្លួន តែគ្មាន​នៅ​ផ្នែក​ពោះ​ទេ ។ ស្នាម​ខ្មៅ​នៅ​គល់​ព្រុយ​​ខ្នង និង​ពោះ ។ កន្ទុយ​រាង​មូល និង​ជា​ប្រភេទ​តូច​ជាងគេ​ក្នុង​ចំណោម​ប្រភេទ​ក្រពត​ទាំង​អស់ ។

៤-ក្រពត​អុចបៃតង (ប្រភេទពុល) គឺ​លក្ខណៈ​សម្គាល់​ច្រមុះ​រាង​ខ្លី ហើយ​រន្ធ​ច្រមុះ​​មានសន្ទះ​ស្តើង​គ្រប​ពី​លើ, ទ្រនុង​​ព្រុយ​ខ្នង​មាន​ចំនួន​៩ទៅ​១៦, ទ្រនុង​ព្រុយ​គូទ​មាន​ចំនួន​៨​ទៅ​១៥ ។ ផ្នែក​ខាង​លើ​នៃ​ដង​ខ្លួនមានស្នាម​​អុច​តូចៗ និង​ព្រុយ​កន្ទុយ​មាន​ស្នាម​ខ្មៅ​មានចំនួន​១​ឡើង​ទៅ ។

៥-ក្រពត​ខ្មៅ (ប្រភេទពុល) គឺមាន​លក្ខណៈ​សម្គាល់ រន្ធ​ច្រមុះ​​មាន​សន្ទះ​ស្តើង​គ្រប​ពីលើ, ​ទ្រនុង​ព្រុយ​ខ្នង​មាន​ចំនួន​១៥ទៅ១៨ ហើយ​ទ្រនុង​ព្រុយ​គូទ​មាន​ចំនួន​១៣​ទៅ​១៥ ។ ដង​ខ្លួន​មាន​ស្នាម​ជាំ​​ខ្មៅធំ​ដែល​ព័ទ្ធជុំ​វិញដោយ​ពណ៌​លឿង​នៅ​លើខ្នង​ និងមាន​ស្នាមខ្មៅ​ច្រើន​នៅ​ព្រុយ​កន្ទុយ ។

លើស​ពី​នេះ សារធាតុ​​ពុល​នៅ​ក្នុង​ក្រពត​​ប្រែ​ប្រួល​ទៅតាម​រដូវកាល គឺ​កម្រិត​ពុល​ខ្ពស់​បំផុត​​រដូវ​ពង​​កូន​បន្ត​ពូជដែល​ធម្មតា​​ចាប់ពីខែកុម្ភៈដល់​ខែ​កញ្ញា។ ​ចំពោះ​សារធាតុ​ពុល​នៅ​ក្នុង​ខ្លួន​ក្រពត​ក៏​មាន​កម្រិត​ខុសគ្នា​ដែរ គឺ​​ពង និង​ស្ពែម​មានសារធាតុ​ពុល​ខ្ពស់​ជាងគេ ​បន្ទាប់​ពីថ្លើម ​ពោះ​វៀន ស្បែក និង​សាច់។ ​សូម​បញ្ជាក់ថា ចំពោះ​​អ្នក​ដែល​បាន​បរិភោគក្រពត​ទាំង​៥​ប្រភេទ​ខាងលើ​អាចបណ្តាល​ឱ្យ​ឈឺ​ក្បាល វិល​មុខ ល្ហិត​ល្ហៃ រឹង​ថ្គាម ស្ពឹក​ចុង​ដៃ​ចុង​ជើង រាគរូស ក្អួត​ចង្អោរ ឬ​អាចបណ្តាល​ឱ្យ​ស្លាប់តែ​ម្តង។

ដើម្បីចៀស​វាង​គ្រោះថ្នាក់​ដល់​សុខ​ ភាព និងអាយុ​ជីវិត​របស់​យើង សូម​ប្រជា​ពលរដ្ឋទាំងអស់​មេត្តា​ពិនិត្យ​ប្រភេទ​​​ក្រពត​​ដែល​បរិភោគ​ឱ្យ​បាន​ច្បាស់​លាស់ ជា​ពិសេស​ក្រពត​​​ទាំង​៥​ប្រភេទ​ ដូច​​ជម្រាប​​​ជូនខាង​លើ ហើយ​សូម​កុំ​​បរិភោគ​គ្រឿង​ក្នុង និងស្បែក​ឱ្យសោះ ៕