ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​​និរទេស​​៤​ឆ្នាំ ព្រះមហាក្សត្រ​លើក​​លែង​ទោស​​ទណ្ឌិត សម រង្ស៊ី ​តាម​សំណើ​សម្តេច​​តេជោ

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​​៖​​ បញ្ហា​ការ​លើក​លែង​ទោស​ដល់​​ទណ្ឌិត​សម រង្ស៊ី ពីព្រះ​មហា​ក្សត្រ​​ បាន​ធ្វើ​ឱ្យ​មានការ​​ដេញ​ដោល​គ្នា​គួរ​ឱ្យ​កត់​សម្គាល់​​ បន្ទាប់​ពី​ប្រភព​ព័ត៌​មាន​​ខ្លះ​បាន​និយាយ​ពីការ​លើក​លែង​ទោស​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​នៅ​ព្រឹក​ថ្ងៃ​​​ទី​១២ កក្កដា ​។ ទោះ​បី​ជា​យ៉ាង​​នេះ​ក្តី ​​នា​រសៀល​​ថ្ងៃ​ដដែល​​ ព្រះ​​រាជ​ក្រឹត្យ​លើក​លែង​ទោស​​ដល់​​លោក​សម រង្ស៊ី​ ត្រូវបាន​ផ្សព្វ​ផ្សាយ​​យ៉ាង​ច្បាស់​ហើយ​ និង​ជា​ការ​

​រាជ​ធានីភ្នំពេញ ​​៖​​ បញ្ហា​ការ​លើក​លែង​ទោស​ដល់​​ទណ្ឌិត​សម រង្ស៊ី ពីព្រះ​មហា​ក្សត្រ​​ បាន​ធ្វើ​ឱ្យ​មានការ​​ដេញ​ដោល​គ្នា​គួរ​ឱ្យ​កត់​សម្គាល់​​ បន្ទាប់​ពី​ប្រភព​ព័ត៌​មាន​​ខ្លះ​បាន​និយាយ​ពីការ​លើក​លែង​ទោស​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​នៅ​ព្រឹក​ថ្ងៃ​​​ទី​១២ កក្កដា ​។ ទោះ​បី​ជា​យ៉ាង​​នេះ​ក្តី ​​នា​រសៀល​​ថ្ងៃ​ដដែល​​ ព្រះ​​រាជ​ក្រឹត្យ​លើក​លែង​ទោស​​ដល់​​លោក​សម រង្ស៊ី​ ត្រូវបាន​ផ្សព្វ​ផ្សាយ​​យ៉ាង​ច្បាស់​ហើយ​ និង​ជា​ការ​បង្ហាញ​​ឱ្យ​ឃើញ​​ពីរ​បត់​​ថ្មី​នៃ​នយោ​បាយ​ផងដែរ ។ ​​​​

មុន​នេះ​ ប្រភព​​ពី​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ដែល​ស្និទ្ធ​នឹងព្រះ​អង្គ​ម្ចាស់​ធម្មិ​កោ​​បាន​បង្ហើប​ថា ​ព្រះអង្គ​​ម្ចាស់​បាន​ទទួល​ព័ត៌​មាន​​ថា​ព្រះមហា​ក្សត្រ​បាន​ឡាយ​ព្រះ​​ហស្ត​លេខា​​លើ​ព្រះ​រាជ​ក្រឹត្យ​រួច​ហើយ ។ ​ប៉ុន្តែ​​​ការ​អះ​អាង​​នោះ​​​នៅ​មិន​​ទាន់​មាន​​ប្រភព​ផ្លូវការ​ណា​មួយ​បញ្ជាក់​ថា​​​​ពិត​ ឬ​មិ​ន​ពិត​​នោះទេ ​ខណៈ​ពេ​ល​ដែល​​​មានការ​អះ​អាង​​ផ្ទុយ​គ្នា​ក្នុង​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​​ជាតិ​ ពី​វត្ត​​មាន​ប្រធាន​គណបក្ស​គឺ​លោក​សម រង្ស៊ី ។

​​គួរ​កត់​សម្គាល់​ថា លោក​សម រង្ស៊ី ​​បាន​​និរ​ទេស​​ចេញ​​ទៅ​ក្រៅ​ប្រទេស​ដោយ​ខ្លួន​ឯង​ប្រមាណ​៤​ឆ្នាំ​​មក​ហើយ​​​​ តាំង​ពី​ចុង​​ឆ្នាំ​២០០៩ ​បន្ទាប់​​ពី​តុលាការ​ផ្តន្ទា​​ទោស​ដាក់​ពន្ធនាគារ​១២​ឆ្នាំ ​។ ​មុន​នេះដែរ​ ​លោក​សម រង្ស៊ី បាន​ប្រកាស​​ដោយ​ខ្លួន​​ឯ​ង​ថា ​លោក​នឹងមាន​វត្ត​មាន​​នៅ​កម្ពុជា​មុន​ថ្ងៃ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨ ​កក្កដា ​។

លោក​ប៉ុល ហំម គណ​ៈកម្មការ​​​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ថា ​លោក​បានឃើញ​សារ​ព័ត៌​មាន​​ចុះ​​ផ្សាយ​ពី​បញ្ហា​ដែល​ថា​ព្រះ​មហា​ក្សត្រ​​​បាន​ទ្រង់​​​ឡាយ​​ព្រះ​​ហស្ត​លេខា​លើ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​ដល់​លោក​ សម រង្សុី​ ដែរ​ ​តែ​​លោក​នៅមិន​ទាន់​បាន​ទទួល​ព័ត៌​មាន​​ផ្លូវ​ការ​ និង​បាន​ឃើញ​ព្រះរាជ​ក្រឹត្យ​នោះ​នៅ​ឡើយ​ទេ​ រហូត​មក​ដល់​ពេលនេះ​ ។​ ទោះ​យ៉ាង​ណា​​ក៏​ដោយ​លោក​​ប៉ុល​ ហំម​ បាន​ថ្លែង​ថា​ លោក​​ សម រង្សុី​ នឹង​​មាន​វត្ដ​មាន​នៅ​កម្ពុជា​ មុន​ពេល​​​បោះ​ឆ្នោត​ជាតិ​ថ្ងៃទី​២៨​ កក្កដា​ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ បើ​ទោះ​បី​ជា​មាន​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​ ឬ​ក៏​គ្មាន​ព្រះរាជ​ក្រឹត្យ​ក៏​ដោយ​ ក៏​លោក​ សម រង្សុី​ នៅ​តែ​មក​កម្ពុជា​ ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ដែរ​ ។​

ប្រភព​មួយ​ផ្សេង​ទៀត​និយាយ​ថា​ កាល​ពី​សប្ដាហ៍​មុន​នេះ​ លោក​ សម​ រង្សុី​ បាន​ផ្ញើលិខិត​ថ្វាយ​ព្រះមហាក្សត្រ​ផ្ទាល់​ តាម​រយៈ​សារ​អេឡិច​ត្រូនិក​ ដើម្បី​សុំ​ព្រះរាជទាន​នៃ​ការ​លើក​លែង​ទោស​ដល់​គាត់​​ ប៉ុន្ដែ​ខ្លឹម​សារ​នៃ​លិខិត​នោះ​យ៉ាង​ណា​ខ្លះ​​​ ទំនង​ជា​គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​​គណ​​បក្ស​សង្គ្រោះ​ជាតិ​បាន​ដឹង​ទេ​ ។​ ប្រភព​ដដែល​អះអាង​ថា​ គេជឿ​ថា​ ព្រះរាជក្រឹត្យ​លើកលែង​ទោស​ពិត​ជា​មាន​មែន​ គ្រាន់​តែ​ថា​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​ផ្សព្វផ្សាយ​​នៅ​​ពេល​ណា​តែ​ប៉ុណ្ណោះ​ ។​

យោង​តាម​ក្រុម​អ្នក​ច្បាប់​​ថ្លែង​ថា​ លោក​ សម​ រង្សុី​ ជា​ទណ្ឌិត​ដែល​ត្រូវ​បាន​តុលា​ការ​ចេញ​សាល​ក្រម​កាត់​ទោស​កំបាំង​មុខ​ជា​ច្រើន​លើក​ច្រើន​សា​ និង​បាន​ផ្តន្ទា​ទោស​សរុប​១២​ឆ្នាំ​ គិត​ពី​ពេល​ចាប់​ខ្លួន​ដាក់​ពន្ធនា​គារ​ ។ ទោះ​បី​ជា​បែប​​នេះ​ក្តី​​ មាន​តែ​ព្រះរាជ​ក្រឹត្យ​លើក​លែង​ទោស​តែ​មួយ​គត់​ ដែល​ស្មើ​នឹង​លិខិត​ឆ្លង​ដែន​សម្រាប់​ទណ្ឌិត​រូប​នេះ​មក​កម្ពុជា​បាន​ និង​មិន​មាន​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនា​គារ​ ហើយ​ព្រះ​រាជ​ក្រឹត្យ​នោះ​ លុះ​ត្រា​តែ​មាន​ការ​ស្នើ​សុំ​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ។ ជុំវិញ​ព័ត៌​មាន​ទាំង​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ជា​សាធារណ​ៈ​នោះ​ទេ​ ។ លោក​ សម​ រង្សុី​ កាល​ពី​ពេល​កន្លង​មក​ ក៏​ធ្លាប់​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ដែរ​ ហើយ​ក្រោយ​មក​ក៏​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ចេញ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​ដែរ​ តាម​ការ​​ស្នើ​សុំពី​សម្តេច​​តេជោ នាយក​រដ្ឋមន្ត្រី​​ ។​

ក្រុម​អ្នក​តាម​ដាន​ព័ត៌​មាន​ជុំ​វិញ​ករណី​លោក​ សម​ រង្សុី​ ​​បាន​និយាយ​ថា​ ការ​លើក​លែង​ទោស​ដល់​លោក​ សម​ រង្សុី​ ​​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ មិន​បាន​ភ័យ​ខ្លាច​សូម្បី​តែ​បន្តិច​ចំពោះ​វត្ត​មាន​របស់​លោក​ សម​ រង្សុី​ នៅ​កម្ពុជា​ ព្រោះ​វា​គ្មាន​អ្វី​ដែល​ប្រែ​ប្រួល​នោះ​ទេ​ ហើយ​ការ​គេច​​ទៅ​ក្រៅ​ប្រទេស​នោះ​គឺ​គេច​ដោយ​ខ្លួន​ឯង​ គ្មាន​នរ​ណា​ដេញ​​​ឡើយ​​​ ។ រី​ឯ​ការ​កំណត់​ថា​មាន​ទោស​​ ឬអត់​​ គឺ​តុលាការ​ ។

យោង​តាម​សារ​លិខិត​ថ្វាយ​ព្រះ​មហា​ក្សត្រ​ដើម្បី​​សុំ​លើក​លែង​ទោស​ដល់​លោក​ សម​ រង្សុី​ នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​​ច្បាស់​ថា​ ដោយ​យោង​លើ​ស្មារតី​បង្រួប​បង្រួម​ជាតិ​ ការ​ផ្សះ​ផ្សា­­­­ជាតិ​ និង​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នី​តិ​កាល​ទី​៥​ប្រព្រឹត្ត​ទៅ​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​ ដោយ​មាន​គ្រប់​ភាគី​ពាក់​ព័ន្ធ​ចូល​រួម​ និង​ផ្អែក​តាម​លិខិត​ស្នើ​សុំ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​របស់​លោក​ សម​ រង្សុី​ ​ទើប​​សម្តេច​តេជោ​ស្នើ​​សុំ​ព្រះ​រាជ​តម្រិះ​លើក​លែង​ទោស​ដល់​ទណ្ឌិត​រូប​នេះ ។

ក្រុម​អ្នក​វិភាគ​និយា​យថា​ទោះ​បី​ជា​លោក​សម រង្ស៊ី ​ទទួល​បាន​​​ការលើក​លែង​ទោស​ក្តី​ក៏​លោកសម រង្ស៊ើ ​មិន​អាច​​ចូល​រួម​​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ កក្កដា ​ខាងមុខ​នេះ​​បាន​​ទេ ​ដោយ​សារ​​មាន​ឈ្មោះ​ជា​ទណ្ឌិត​ត្រូវ​គ.ជ.ប សម្រេច​លុប​​ឈ្មោះ​ទៅ​ហើយ​​ ។ ដោយ​កត្តា​ទាំង​អស់​នេះ​ហើយ​លោក​សម រង្ស៊ី ​ក៏​គ្មាន​​សិទ្ធិ​ឈរ​ឈ្មោះ​ដែរ ។ ​

តាម​ប្រភព​ព័ត៌​មាន​ចុង​ក្រោយ​បាន​ឱ្យដឹងថា ​បន្ទាប់​ពី​​ការ​លើក​លែង​ទោស​នេះ​ លោកសម រង្ស៊ី មាន​គម្រោង​​វិល​ត្រឡប់​មក​ប្រទេស​វិញ​នៅ​ថ្ងៃ​អាទិត្យ​ទី​១៤ កក្កដា ខាងមុខ​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ។ មន្ត្រី​​ដដែល​បាន​​ឱ្យដឹង​​ទៀតថា ​ការ​វិល​ត្រឡប់​​របស់​លោក​សម រង្ស៊ី ​នេះដែរ ​ក៏​នឹង​​មានការ​ហែ​ក្បួន​ពី​ព្រលាន​យន្ត​ហោះ​ ពី​អ្នក​គាំទ្រ​លោក​ច្រើន​រយ​នាក់​ផងដែរ ៕