ILOផ្សាយរបាយការណ៍អង្កេត ពីផលប៉ះពាល់វិបត្ដិសេដ្ឋកិច្ច ជាសាកលលើវិស័យកាត់ដេរ
ដោយ ៖ អប្សរា
ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០១០ ម៉ោង ១០:៥០
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៧ មេសា គំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្ដរជាតិ (ILO) បានចេញផ្សាយលទ្ធផលនៃការសិក្សានៅកម្រិតសហគ្រាសលើផលប៉ះពាល់នៃវិបត្ដិសេដ្ឋកិច្ចជាសាកលមកលើវិស័យកាត់ដេរ ។ ការអង្កេតលើរោងចក្រនាំចេញចំនួន៥៦ និងរោងចក្រមិននាំចេញចំនួន១០ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីផលប៉ះពាល់ នៃឱនភាពសេដ្ឋកិច្ចមកលើមនុស្សសហគ្រាស និងវិស័យកាត់ដេរ ដើម្បីវិភាគលើវិធានការឆ្លើយតបដែលបានយកមកប្រើប្រាស់ និងជួយដល់ការតាក់តែង និងការអនុវត្ដន៍គោលនយោបាយ និងការអន្ដរាគមន៍ជាក់ស្ដែងនានា សំដៅគាំទ្រដល់ការងើបឡើងវិញរបស់ឧស្សាហកម្មនេះ និងដល់កំណើននាពេលអនាគត ។
រោងចក្រជិត៩០% ដែលត្រូវបានអង្កេតបានរាយការណ៍ថា បានទទួលរងផលប៉ះពាល់ជាអវិជ្ជមាន ដោយសារវិបត្ដិសេដ្ឋកិច្ចនេះ ។ ការបញ្ជាទិញសំរាប់ការនាំចេញដែលបានធ្លាក់ចុះ សម្ពាធកាន់តែខ្លាំងដើម្បីឱ្យបញ្ចុះតម្លៃ និងតម្លៃនៃធនធានសំរាប់ផលិតបានឡើងថ្លៃ ត្រូវបានកំណត់ថា ជាសម្ពាធដ៏ខ្លាំងចំនួន៣ ដែលរោងចក្រទាំងនេះជួបប្រទះ ។ រោងចក្រជាងពាក់កណ្ដាលក្នុងចំណោមរោងចក្រទាំងអស់ ដែលត្រូវបានអង្កេត បានធ្វើការផ្លាស់ប្ដូរកម្លាំងពលកម្មហើយជារឿយៗ ការផ្លាស់ប្ដូរទាំងនោះគឺស្ថិតក្នុងទម្រង់ជាការបញ្ឈប់ការងារកម្មករនិយោជិត ឬការកាត់បន្ថយទាំងម៉ោងធ្វើការធម្មតា និងទាំងម៉ោងធ្វើការបន្ថែម ហើយនិងប្រាក់រង្វាន់ផងដែរ ។ រោងចក្រនាំចេញចំនួន៦០% និងរោងចក្រមិននាំចេញចំនួន៤០% បានកាត់បន្ថយតម្លៃលើផលិតផលរបស់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងឱនភាពនេះ ។
ផ្អែកតាមលទ្ធផលនៃការសិក្សានេះ និងការសិក្សាស្រាវជ្រាវដទៃៗទៀត អង្គការពលកម្មអន្ដរជាតិ (ILO) បានផ្ដល់អនុសាសន៍ ដែលពាក់ព័ន្ធនឹងវិធានការរបស់រដ្ឋាភិបាល និងដៃគូឧស្សាហកម្មនេះ ។ ម្ចាស់រោងចក្រត្រូវពង្រីក និងរកទីផ្សារសំរាប់ផលិតផលរបស់ពួកគេឱ្យបានច្រើនដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ច ដែលកើតឡើងដោយសារការពឹងផ្អែកលើទីផ្សារនាំចេញដ៏តូចចង្អៀត (ទៅលើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប) ហើយត្រូវខិតខំស្វែងរកនូវលទ្ធភាពដើម្បីចូលទៅកាន់ទីផ្សារក្នុងតំបន់អាស៊ី ។ អ្នកគ្រប់គ្រងរោងចក្រក៏គួរវាយតម្លៃលើតម្រូវការផ្នែកគុណភាព និងបរិមាណសំរាប់ទីផ្សារក្នុងស្រុក ក្នុងគោលដៅដើម្បីបង្កើនតម្រូវការក្នុងស្រុក ។ ដៃគូឧស្សាហកម្ម និង ទីភ្នាក់ងារនានារបស់រដ្ឋាភិបាលចាំបាច់ត្រូវសហការគ្នា ដើម្បីពង្រឹងនូវប្រព័ន្ធព័ត៌មានទីផ្សារការងារ និងផ្ដល់ការគាំទ្រឱ្យកម្មករនិយោជិតដែលទើបបាត់បង់ការងារទទួលបានព័ត៌មានអំពីការងារ ។