កាសែតឌឹសាន់ របស់អង់គ្លេសបានផ្សាយថា នាងវិចតូរីយ៉ា បេកខាំ ប្រពន្ធកីឡាករដេវីដ បេកខាំ ត្រូវបានអ្នកជំនាញផ្នែកហិរញ្ញវត្ថុចូលជួបត្រៀមសើរើប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមគ្រួសារជាថ្មីព្រោះមានក្តីបារម្ភថា ការចំណាយប្រាក់បែបខ្ជះខ្ជាយក្នុងក្រុមគ្រួសារមិនស័ក្តិសមស្ថានការណ៍ពិភពលោកដែលមានមនុស្សជាច្រើនចាប់ផ្តើមរឹតត្បឹតការចំណាយជារៀងរាល់ថ្ងៃ ។
ទីប្រឹក្សាហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់នាងវិចតូរីយ៉ា ថា ក្រុមគ្រួសាររបស់ដេវីដ បេកខាំ បាត់បង់ប្រាក់ក្នុងមួយឆ្នាំប្រហែល១សែនផោនជួលកម្មករឱ្យជួយថែរក្សាគេហដ្ឋានដ៏ស្រស់ស្អាតរបស់ខ្លួនក្នុងប្រទេសអង់គ្លេស ក្រុងឡូស អេនចឺឡេស ឌូបៃ និងប្រទេសបារាំង ដោយរំពឹងថា គ្រួសាររបស់ដេវីដ បេកខាំ នឹងបានទទួលការណែនាំឱ្យកាត់បន្ថយការចំណាយសំរាប់ថែរក្សាផ្ទះនៅតំបន់ហ៊ើតហ្វ័រឆៀ ប្រទេសអង់គ្លេស ។ ក្រៅពីនេះ ប្តី-ប្រពន្ធខាងលើនឹងអាចឈប់ជួលកម្មករប្រហែល១៤នាក់ពីចំនួនសរុប៥០នាក់ក្រោយពីទីប្រឹក្សាហិរញ្ញវត្ថុបានផ្សព្វផ្សាយពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកទាំង២រួចរាល់ ហើយនាងវិចតូរីយ៉ា ត្រូវធ្វើជាអ្នកបញ្ឈប់កម្មករដ៏គួរឱ្យអាណិតអាសូរទាំងនេះដោយខ្លួនឯងផ្ទាល់ ខណៈពេលកម្មករមួយចំនួនបានថែទាំផ្ទះដ៏ស្រស់ស្អាតនេះអស់រយៈពេល៨ឆ្នាំកន្លងមកហើយ ។
បច្ចុប្បន្នអ្នកថែទាំឧទ្យានដែលប្រចាំការនៅប្រទេសបារាំងនៅសល់តែម្នាក់ខណៈពេលមុននេះមានដល់ទៅ៧នាក់ ហើយអ្នកថែទាំសួនម្នាក់នេះនឹងអាចបំពេញការងារដ៏ធ្ងន់ធ្ងរដល់ទៅទ្វេដង ព្រោះត្រូវបំពេញការងារថែរក្សាសួនផងរួមទាំងបើកបររថយន្តជូនដំណើរអ្នកទាំង២(វិចតូរីយ៉ា-បេកខាំ )ទៅព្រលានយន្តហោះផងសំរាប់សន្សំសំចៃប្រាក់ជួលអ្នកបើកបររថយន្តទោះបីជាកីឡាករដេវីដ បេកខាំ ទទួលបានប្រាក់ឈ្នួលច្រើនដល់ទៅ១១៥លានផោនក៏ដោយ ៕
ចែករំលែកព័តមាននេះ