ខេត្តកំពង់ចាម ៖ ស្រ្តីម្នាក់ឈ្មោះ ម៉ន ម៉ានី អាយុ ៤០ឆ្នាំ រស់នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ត្រូវបានបុរសម្នាក់ឈ្មោះ ស្រី ឆៃគាឆៃកួង អាយុ ២៩ឆ្នាំ រស់នៅភូមិសមរម្យ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ បានយកដែកឆាបមកចាក់លើរាងកាយមិនតិចជាង ១០ កន្លែង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី១៩ មិថុនា ២០១៣ នៅចំណុចផ្លូវបំបែកក្រៅ ក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ។ តាមសម្តីស្រ្តីរងគ្រោះ បានឱ្យដឹងថា បុរសឈ្មោះ ស្រី ឆៃគាឆៃកួង បានតាមស្រលាញ់គាត់ជាង ៣ ទៅ ៤ខែ មកហើយ តែគាត់មិនព្រម ព្រោះរូបគាត់មានប្តីហើយ ក៏កើតជាគំនុំបែបនេះតែម្តងទៅ ។
ក្រោយកើតហេតុ បុរសជាជនល្មើសខាងលើត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ