រាជធានីភ្នំពេញ ៖ សាច់ញាតិក្រុមគ្រួសារជនរងគ្រោះ បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យម្នាក់ប៉ុនប៉ងឃាតកម្មលើស្រ្តីជាគូដណ្តឹង កាលពីរសៀលថ្ងៃទី១៩ មិថុនា ២០១៣ ដែលករណីប៉ុនប៉ងឃាតកម្មនេះ បានកើតឡើងកាលពីថ្ងៃទី២៥ កុម្ភៈ ២០១៣ ដោយជនសង្ស័យបានប្រើកាំបិតចាក់ទៅលើស្រ្តីជាគូដណ្តឹងជាច្រើនកាំបិត រួចរត់គេចខ្លួនបាត់ ។
ជនសង្ស័យមានឈ្មោះ សឿង សុផាត ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាបុគ្គលិកអគ្គិសនីកម្ពុជា មានទីលំនៅផ្ទះលេខ៣ ផ្លូវ១៣៤ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាចាប់ខ្លួនរបស់ លោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដូច្នេះ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បញ្ជូនមកដល់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ មិថុនា ២០១៣ ស្អែកនេះ ៕
ចែករំលែកព័តមាននេះ