គ្រាប់បាល់ 1 គ្រាប់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កីឡាករខ្សែប្រយុទ្ធ Kennedy បានជួយឱ្យក្រុមកង់ហ្គារ៉ូ អូស្ត្រាលីយកឈ្នះអីុរ៉ាក់ ដោយលទ្ធផល1-0ទទួលបានកៅអី 1 សម្រាប់ធ្វើដំណើរឆ្ពោះទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2014 ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល រួមដំណើរជាមួយក្រុមអ្នកលេងដាវសាម៉ូរៃជប៉ុន ។
នៅក្នុងពូល Bក្រុមជប៉ុនឈរលំដាប់ថ្នាក់លេខ 1 មាន 17 ពិន្ទុនាំមុខក្រុមលំដាប់ថ្នាក់លេខ 2 អូស្រ្តាលីមាន 13 ពិន្ទុ ។ ចំណែកឯក្រុមហ្សកដានីបើទោះបីយកឈ្នះអូម៉ង់ 1-0 យ៉ាងណាក្ដីក៏ពុំទទួលបានកៅអី 1ដោយស្វ័យប្រវត្តិតែទទួលបានចំណាត់ថ្នាក់លេខ 3 មានកៅអី 1លេងវគ្គ Paly Off ជួបជាមួយក្រុមលេខ 3មកពីពូល A គឺក្រុមអូូ៊សបេគីស្ថាន ។
នៅក្នុងពូលAក្រុមអីុរ៉ង់ដែលបានបំបាក់ម្ចាស់ផ្ទះកូរ៉េ 1-0 កក់បានកៅអី1 ឡើងទៅប្រកួត World Cup 2014 នៅប្រេស៊ីលជាមួយ និងក្រុមកូរ៉េខាងត្បូងបើទោះជាគេចាញ់អីរ៉ង់ក៏ដោយ ។ ចំណែកឯក្រុមអូ៊សបេគីស្ថានមានការសោកស្ដាយយ៉ាងខ្លាំងខណៈក្រុមរបស់គេមាន 14 ពិន្ទុស្មើក្រុមកូរ៉េខាងត្បូងតែចាញ់គ្រាប់បាល់ ស៊ុតបញ្ចូលទី 1 គ្រាប់ធ្វើឱ្យគេបាត់បង់ឱកាសឡើងទៅប្រកួត World Cup 2014 ដោយស្វ័យប្រវត្តិតែមានឱកាសលេងក្នុងវគ្គ Play Off ជួបជាមួយក្រុមលេខ 3 ពូល B ហ្សកដានី ។
គួររំលឹកដែរថា ការប្រកួតបាល់ទាត់ជម្រុះ World Cup ទ្វីបអាស៊ីគឺយក 4 កៅអីកន្លះ ។ ចំណែកឯក្រុមដែលឈ្នះក្នុងវគ្គ Play Off នឹងត្រូវទៅប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ 5ក្នុងទ្វីបអាមេរិកខាងត្បូងដើម្បីយកកៅអី 1៕
ចែករំលែកព័តមាននេះ